ភ្នំពេញៈ បណ្តុំ​រូបថត​ស្តីពី​ស្ថានភាព​នៃ​ជីវិត​បាន​រស់រាន​មានជីវិត ក្រោយ​សម័យ​ខ្មែរ​ក្រហម​មាន​ចំនួន ១៨ ​ផ្ទាំង​របស់​អ្នក​ថតរូប​ជើងចាស់​លោក គឹម ហាក់ នឹង​ត្រូវ​បើកសម្ពោធ​នៅ​វេលា​ម៉ោង​ ៦ និង​ ៣០ ​នាទី​ល្ងាច​នា​ថ្ងៃទី​ ១ ខែ សីហា ឆ្នាំ​ ២០១៩ នេះ​នៅឯ​មជ្ឈមណ្ឌល​បុប្ផាណា​។

បើ​តាម​លោក ចេង រតនា ជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង និង​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នៅ​មជ្ឈមណ្ឌល​បុប្ផាណា​បង្ហើប​ឲ្យ​ដឹងថា​៖ «​ពិព័រណ៍​រូបថត​នៅ​ក្រោម​ប្រធានបទ​ថា «​រស់រាន​» របស់​លោក គឹម ហាក់ មាន​ចំនួន ១៨ ​ផ្ទាំង​ដែល​លោក​នឹង​យក​មក​ដាក់​បង្ហាញ​ជូន​នៅ​ថ្ងៃ​បើក​សម្ពោធ​ល្ងាច​នេះ​ដែល​ជា​រូបថត​លោក​បាន​ផ្តោត​សំខាន់​ទៅ​លើ​វត្ថុ​ដែល​មាន​សាច់រឿង​ពាក់ព័ន្ធ​នឹង​ការ​រស់រាន​របស់​លោក ក្រោយ​សម័យ​ខ្មែរក្រហម​»​។

រូបថត​ដែល​ជា​សំណៅ​ឯកសារ​ទាំងអស់​នេះ​ធ្លាប់​ត្រូវ​បាន​លោក គឹម ហាក់ បាន​ដាក់​តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​ជា​លើកដំបូង​នៅ​វិចិត្រសាល Objectspace នៅ​ទីក្រុង Auckland នៃ​ប្រទេស​នូវែលសេឡង់​កាលពី​ថ្ងៃ​ទី​ ១ ខែ​មិថុនា​ដល់​ថ្ងៃទី ២០ ខែ​កក្កដា ឆ្នាំ​ ២០១៩ កន្លងមក​។ នៅ​ប្រទេស​កម្ពុជា ពិព័រណ៍​រូបថត​នេះ​នឹង​ចាប់ផ្តើម​ដាក់តាំង​បង្ហាញ​ពី​ថ្ងៃ​ទី ១ រហូត​ដល់​ថ្ងៃទី​ ៣១ ខែ​សីហា ឆ្នាំ​ ២០១៩ ខណៈ​ទស្សនិកជន​អាច​ចូល​ទស្សនា​ដោយ​សេរី​សម្រាប់​ការដាក់​តាំង​មាន​រយៈពេល ១ ​ខែ​នៅ​មជ្ឈមណ្ឌល​បុប្ផាណា​នៅ​ភ្នំពេញ​។

រូបថត​មួយ​ក្នុង​ចំណោម ១៨ ផ្ទាំង​របស់​លោក គឹម ហាក់ ក្រោម​ប្រធានបទ «​រស់រាន​»​។ រូបថត Bophana

ដោយសារ​មាន​ការគាំទ្រ​ពី​មូលនិធិ Rei Foundation នៅក្នុង​ឆ្នាំ ២០១៨ លោក គឹម ហាក់ បាន​ចំណាយពេល​ជាមួយ​នឹង​ប្រជាជន​កម្ពុជា​ចំនួន ១២ ​គ្រួសារ ដែល​រស់នៅ​ឯ​ប្រទេស​នូវែលសេឡង់​ដោយ​ធ្វើការ​ចងក្រង​ឯកសារ​ផ្ទាល់​ខ្លួន​របស់​ពួកគាត់​។ នៅក្នុង​ឯកសារ​ទាំងនោះ​ពួកគាត់​បាន​រៀបរាប់​អំពី​ការរស់រាន​មាន​ជីវិត​ដែល​រួច​ពី​របប​ខ្មែរក្រហម​អំពី​ជំរំ​ជនភៀស​ខ្លួន ខណៈ​បន្ទាប់​គឺ​ការតាំង​ទីលំនៅ​ដ៏សែនឆ្ងាយ​អំពី​ស្រុកកំណើត​របស់​ពួកគាត់​។

សិល្បករ​ថតរូប​លោក គឹម ហាក់ ក៏​បាន​ធ្វើការ​ផ្សងព្រេង​រុករក​មួយ​ដោយ​ចេញ​ដំណើរ​ពី​ស្រុកកំណើត​គាត់​នៅ​ខេត្ត​បាត់ដំបង​ឆ្ពោះ​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​បាន​ទៅដល់​ប្រទេស​អូស្ត្រាលី និង​នូវែលសេឡង់​ទៀត​ផង​។ ក្នុង​កន្លែង​នីមួយៗ​គាត់​ក៏​រកឃើញ​ប្រជាជន​កម្ពុជា​ដែល​បាន​រស់រាន​ជីវិត​រួចផុត​ពី​របប​ខ្មែរក្រហម​ជាមួយ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ផ្សេងៗ​គ្នា​អំពី​ការឈឺចាប់ និង​ភាពរឹងមាំ​តស៊ូ​ដើម្បី​រស់​។

លោក ចេង រតនា ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ «​ការតាំងពិព័រណ៍​រូបថត​នេះ គឺ​មិនមែន​ជា​លើកដំបូង​នៃ​ការបើក​សម្ពោធ​ពិព័រណ៍​ស្នាដៃ​របស់​លោក គឹម ហាក់ ​នោះ​ឡើយ ខណៈ​លោក​ក៏​ធ្លាប់​បាន​រៀបចំ​ជាច្រើន​លើក​មក​ហើយ​ដែរ​នៅឯ​មជ្ឈមណ្ឌល​បុប្ផា​ណា​នេះ​។ តែ​សម្រាប់​ការធ្វើ​លើក​នេះ​គឺ​លោក​ជា​ចង់បង្ហាញ​ឲ្យ​ដឹង​ពី​ស្ថានភាព​នៃ​ការរស់រាន​មាន​ជីវិត​របស់​ប្រជាជន​ខ្មែរ ទាំង​រស់នៅ​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស​ដែល​បាន​រួច​ផុតពី​សម័យ​ខ្មែរក្រហម ឬ​របរ​ខ្មែរក្រហម​តែ​ប៉ុណ្ណោះ​»៕