សៀមរាប: ពិព័រណ៍​រូបថត​សារព័ត៌មាន​ពិភពលោក ឆ្នាំ ២០១៨ (World Press Photo Exhibition 2018) ដែល​វិល​មក​វិញ​ជា​លើក​ទី ២ បាន​តាំង​បង្ហាញ​រូបភាព​ជាង ១០០ សន្លឹក និង​រូបថត​របស់​អ្នក​ថតរូប​សារ​ព័ត៌មាន​ជាប់​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ ជាការ​សម្រិត​សម្រាំង​រូបថត​ល្អ​បំផុត​ស្ដី​ពី​អាជីព​ជា​អ្នក​សារ​ព័ត៌មាន។

ការប្រកួត​ឆ្នាំនេះ ទទួលបាន​បេ​ក្ខភាព​ចូលរួម ៤ ៥៤៨ នាក់ មកពី ១២៥ ប្រទេស ដោយ​មាន​រូប​ថត ៧៣ ០៤៤ សន្លឹក។ គណៈ​កម្មការ ដែល​សមាជិក​ត្រូវ​បាន​ផ្លាស់ប្ដូរ​រៀង​រាល់​ឆ្នាំ បាន​សម្រាំង​ផ្ដល់​ពិន្ទុ​ក្នុង ៨ ប្រភេទ ដល់​ជាង​ថត​រូប ៤២ នាក់ មក​ពី ២២ ប្រទេស​ជុំវិញ​ពិភពលោក។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ពី​សមាគម​រូបថត​អង្គរ។

ទោះ​ស្នាដៃ​ពី​អ្នក​ថតរូប​សារព័ត៌មាន កម្ពុជា​មិនត្រូវ​បានជ្រើសរើស​ក្នុង​ចំណោម​បេក្ខភាព​មក​ពី​ អូស្ដ្រាលី បង់ក្លាដែស បែលហ្ស៊ិក កាណាដា ចិន កូឡុំប៊ី ដាណឺម៉ាក អេហ្ស៊ីប បារាំង អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី ន័រវែស រុស្ស៊ី ស៊ែប៊ី អាហ្រ្វិក​ខាង​ត្បូង ហូឡង់ អេស្ប៉ាញ ស៊ុយអែត អង់គ្លេស អាមេរិក និង​វ៉េណេស៊ុយ​អេឡា ព្រឹត្ដិការណ៍​ដ៏​សំខាន់​ត្រូវបាន​អះអាង​ថា​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន​ជាង​ថតរូប​នៅ​កម្ពុជា និង​រក្សា​ទំនាក់​ទំនង​ជាមួយ​សហគមន៍​អន្ដរជាតិ។

អ្នកស្រី ជេ​ស៊ីកា លីម ជា​នាយិកា​មហោស្រព បាន​ឲ្យ​ដឹងថា៖ «យើង​សង្ឃឹម​ថា ស្នាដៃ​ប្លែកៗ​ទាំង​អស់​នោះ​នឹង​អាច​អន្ទង​ចិត្ដ​អ្នក​ចូលរួម និង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​អ្នក​ថតរូប និង​អ្នក​សរសេរ​ព័ត៌មាន​នៅ​កម្ពុជា»។

ជុំវិញ​ការដែល​អ្នក​ថតរូប​ក​ម្ពុ​ជា​មិនបាន​ដាក់ពាក្យ​ប្រកួត អ្នកស្រី Yi Wen Hsia ជា​នាយិកា និង​បណ្ណារក្ស​ពិព័រណ៍ បាន​ពន្យល់​ថា៖ «ឆ្នាំ​នេះ ជា​អកុសល​យើង​មិន​បាន​ទទួល​ការ​ចុះ​ឈ្មោះ​ពី​បេក្ខភាព​កម្ពុជា​ឡើយ។ តម្លៃ​នៃ​វិជ្ជាជីវៈ​សារ​ព័ត៌មាន និង​ទស្សនវិស័យ​របស់​ពួកគេ​ពិតជា​សំខាន់ និង​មិន​អាច​មើល​ស្រាល​បាន។ នោះ​ជា​ហេតុផល​ដែល​យើង​រីករាយ​ដោយ​បាន​វិល​ត្រឡប់​មក​រៀបចំ​ពិព័រណ៍​នៅ​សៀមរាប​ជាថ្មី ដែល​ជា​ផ្នែក​មួយ​នៃ​មហោ​ស្រព​រូបថត​អង្គរ»។

ថតរូប​ល្អ​បំផុត​មួយ​សន្លឹក ដែល​ថត​កាលពី​ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៧ អំឡុង​ពេល​ប្រវត្ដិ​ច្របូក​ច្របល់​នៅ​វ៉េណេ​ស៊ុយអេឡា ដោយ​ជាង​ថតរូប​ក្នុង​ស្រុក រ៉ូណាល់ដូ ស្គេមីដត៍ ត្រូវ​បាន​គណៈ​កម្មការ​ប្រកួត​លើក​ទី ៦១ ជ្រើសរើស​ជា​រូបថត​ល្អ​បំផុត​ប្រចាំ​ឆ្នាំ។ រូបថត​នេះ​បាន​បង្ហាញ​ពី​យុវជន​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​អំឡុង​ពេល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ក្រោយ​ពី​ធុង​ហ្គាស​ក្បែរ​ម៉ូតូ​មួយ​គ្រឿង​ផ្ទុះ​ឡើង។ ថ្វីដ្បិត​តែ​បាន​រួច​ជីវិត តែ​យុវជន​នោះ​ក៏​រង​របួស​ធ្ងន់​ដែរ។

យុវជន​ត្រូវ​ភ្លើង​ឆេះ​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា។ ARonaldo Schemidt

រូបថត​ល្អ​បំផុត​មួយ​សន្លឹក​ទៀត ថត​ដោយ​អ្នកកាសែត​អាមេរិក អាន​ណា បូយី​អាហ្ស៊ីស ដែល​មាន ចំណង ជើង «ស្វែងរក​សេរីភាព​ក្នុង​ទឹក» ត្រូវ​បាន​ជ្រើសរើស​ក្នុង​ប្រទេស​មនុស្ស និង​ដំណើរ​រឿង។ វា​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​រស់​នៅ​ប្រជុំ​កោះ ហ្សានហ្ស៊ីបារ ដោយ​ស្ដ្រី​ប្រជុំ​កោះ​ភាគ​ច្រើន​គ្មាន​ឱកាស​បាន​ហែល​ទឹក​ដោយ​សារ​តែ​ប្រពៃណី​អ៊ិស្លាម​ដ៏​អភិរក្ស។ ដូច្នេះ​អង្គការ​មួយ​បាន​បង្រៀន​ស្ដ្រី និង​កុមារី​ឲ្យ​ចេះ​ហែល​ទឹក​រំដោះ​ខ្លួន​ពី​គ្រោះ​លង់​ទឹក។

របាយការណ៍ បាន​បន្ដថា ពិព័រណ៍​នេះ បានធ្វើ​ដំណើរ​ជាង ១០០ ទីក្រុង និង ៤៥ ប្រទេស​ក្នុង​មួយ​ឆ្នាំ។ ឆ្នាំ នេះ រូបថត​សរុប ១៦១ ផ្ទាំង​នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​សម្រាប់​ពិព័រណ៍​រូប​ថត​សារ​ព័ត៌មាន​ពិភពលោក។

លោក សេរី ស៊ីវ នាយក​វិចិត្រសាល​សហ​សម័យ MIRAGE ជាទី​កន្លែង​រៀបចំ​ពិព័រណ៍​រូបថត​នេះ បាន​ថ្លែង​ថា៖ «វិជ្ជា​ថតរូប​នៅ​តែ​ថ្មី​សម្រាប់​កម្ពុជា។ ដូច្នេះ ខ្ញុំ​រំពឹង​ថា ពិព័រណ៍​នេះ​នឹង​ជួយ​ជំរុញ​ទឹក​ចិត្ដ​អ្នក​ថតរូប​កម្ពុជា​ជំនាន់​ថ្មី។ ខ្ញុំ​មាន​ក្ដី​រីករាយ ជាពិសេស ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា​ម្នាក់ ដែល​រៀបចំ​ព្រឹត្ដិការណ៍​នៅ​កម្ពុជា ពីព្រោះ​ខ្ញុំ​ជឿ​ថា វា​នឹង​បង្កើត​នូវ​វេទិកា​ជជែក​អំពី​ជំនាញ​ថតរូប​នេះ​ជា​សកល»។

សម្រាប់​នៅ​ប្រទេស​កម្ពុជា ពិព័រណ៍​ដ៏​ធំ​នេះ​បានចាប់ផ្ដើម​ពី​កណ្ដាល​ខែធ្នូ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ២០១៩ ខាង​មុខ នៅ​វិចិត្រសាល MIRAGE ទីក្រុង​សៀមរាប៕