ភ្នំពេញ៖ ការប្រកួតរូបថត ជាការអបអរសាទរចំពោះការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ រយៈពេល ៧០ ឆ្នាំតាំងពីឆ្នាំ ១៩៥០ ត្រូវបានប្រកាសរៀបចំដោយស្ថានទូតថៃប្រចាំប្រទេសកម្ពុជា។
ការប្រកួត «៧០ ឆ្នាំ នៃចំណងមិត្តភាពក្នុងកែវភ្នែកខ្ញុំ» ចាប់ផ្ដើមទទួលបេក្ខជនតាំងពីខែកុម្ភៈ និងប្រគល់រង្វាន់ម្ចាស់ជយលាភីក្នុងខែឧសភា កន្លងទៅ។ ជាលទ្ធផលរូបថត ២០ សន្លឹកត្រូវបានជ្រើសរើសពីបេក្ខជនទាំងកម្ពុជា និងថៃ ជាច្រើនរូប ដែលបានដាក់ប្រកួតប្រជែងតាមអនឡាញ ហើយរូបភាពទាំងនេះកំពុងត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៍ «៧០ ឆ្នាំ នៃចំណងមិត្តភាពក្នុងកែវភ្នែកខ្ញុំ» ក្នុងរាជធានីភ្នំពេញជាសាធារណៈ។
លោក ផានីយ៉ារ៉ាក់ ផូលធុប ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានកត់សម្គាល់ពីទំនាក់ទំនងទ្វេភាគីថា៖ «កម្ពុជា គឺជាប្រទេសភូមិផងដ៏ល្អមួយរបស់ថៃ និងបានដោះដូរពាណិជ្ជកម្មរួមគ្នា។ ចំណងមិត្ដភាពរវាងប្រទេសទាំង ២ នៅតែមានទំនាក់ទំនងល្អប្រសើរ។ ព្រំដែននៃប្រទេសទាំង ២ ដែលលាតសន្ធឹងជាង ៨០០ គីឡូម៉ែត្រ មានសន្ដិភាព និងសុខុដុមរមនា ហើយពាណិជ្ជកម្មទ្វេភាគីបន្ដកើនឡើង ទោះបីជាមានការរឹតបន្ដឹងដោយសារវិបត្ដិកូវីដក្តី»។
ពលរដ្ឋកម្ពុជា និងថៃត្រូវបានស្វាគមន៍ឱ្យដាក់ប្រកួតរូបថតស្នាដៃរបស់ខ្លួន។ រូបភាពត្រូវបង្ហាញពីទំនាក់ទំនងស្និទ្ធស្នាលរវាងប្រទេសទាំង ២ ចាប់ពីភាពជាអ្នកជិតខាងល្អសហប្រតិបត្ដិការ ភាពស្រដៀងគ្នានៃវប្បធម៌ និងការចែករំលែកចំណេះដឹងរវាងគ្នា។
លោក ផានីយ៉ារ៉ាក់ បានបន្ថែមថា ការអបអរខួប ៧០ ឆ្នាំនឹងមានព្រឹត្ដិការណ៍ជាច្រើនទៀតទាំងនៅក្នុងខែតុលា និងខែធ្នូ ខាងមុខ។ កម្មវិធីដែលខកខានអំឡុងពេលកូវីដនេះ គឺមានតែមហោស្រពភាពយន្ដថៃប៉ុណ្ណោះ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «យើងត្រូវលុបចោលនូវមហោស្រពភាពយន្ដថៃ ពីព្រោះយើងមិនអាចនាំតារាចម្រៀង និងតារាសម្ដែងថៃមកកាន់កម្ពុជានាពេលនេះបានឡើយ»។
កញ្ញា វុទ្ធ ចន្ទ្រា អាយុ ២៧ ឆ្នាំ ដែលចំណាយពេល ៤ ឆ្នាំកន្លះសិក្សាអាហារូបករណ៍ ផ្នែកគ្រប់គ្រងសណ្ឋាគារនៅខេត្ដ ណាខនរ៉ាត់ឆាសីម៉ា បាននិយាយថា៖ «យើងពិតជាមានលក្ខណៈស្រដៀងគ្នាខ្លាំង រួមទាំងការរស់នៅ វប្បធម៌ និងជំនឿសាសនា ក៏ដូចជាសម្ព័ន្ធភាពល្អនឹងគ្នា។ ជាក់ស្ដែងប្រទេសថៃ ក៏បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាង ១០០ កន្លែងរៀងរាល់ឆ្នាំ»។
កញ្ញាបានឱ្យដឹងថា៖ «ពេលខ្ញុំទៅរៀនខ្ញុំបានរៀនភាសាថៃរយៈពេល ៣ ខែ និងចំណាយពេលកន្លះឆ្នាំក្រោយមកទើបអាចចាប់ផ្ដើមនិយាយ និងសរសេរ ក៏ដូចជាឆ្លើយសំណួរពេលប្រឡងបាន ពីព្រោះអក្សរស្រដៀងគ្នា»។
លោក មីហ្គែល ជេរ៉ូនីម៉ូ ជាជាងថតរូបព័រទុយហ្គាល់ ដែលតែងតែតាំងបង្ហាញស្នាដៃរូបថតថ្លែងពីកង្វល់ចំពោះបញ្ហាបរិស្ថាន ក៏ជាបុគ្គលម្នាក់ជួយរៀបចំពិព័រណ៍ដែលរៀបចំឡើងដោយស្ថានទូតថៃនេះផងដែរ។
ជាងថតរូបនៅភ្នំពេញរូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំកំពុងជួយរៀបចំកម្មវិធីពិព័រណ៍ ៧០ ឆ្នាំ នៃចំណងមិត្តភាពរវាងកម្ពុជា និងថៃ ជាមួយរូបថតដែលថតដោយយុវជនមកពីប្រទេសទាំង ២ ដើម្បីអបអរភាពស្រដៀងគ្នានៃវប្បធម៌»។
ស្ថានទូតបានឱ្យដឹងថា រូបថតចូលរួមប្រកួតត្រូវបានវិនិច្ឆ័យលើអត្ថន័យ ភាពវិសេស និងការច្នៃប្រឌិត ក៏ដូចជាគំនិតសិល្បៈ ដោយគណកម្មការតំណាងមកពីស្ថានទូតថៃប្រចាំកម្ពុជា ក៏ដូចជាក្រុមអ្នកជំនាញសិល្បៈមកពីវិទ្យាស្ថានសិល្បៈនៃប្រទេសថៃ និងកម្ពុជា។
ឯកអគ្គរាជទូត លោក ផានីយ៉ារ៉ាក់ ផូលធុប បានថ្លែងថា៖ «ការប្រកួតប្រជែងថតរូបនេះបានពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង ២ ដោយផ្ដើមពីពលរដ្ឋនៃប្រទេសទាំងសងខាង។ ស្នាដៃរបស់បេក្ខជនទាំង ២ ប្រទេសបានបង្កើតនូវចំណងមិត្ដភាពរវាងថៃ និងកម្ពុជា ក្លាយជាដៃគូសហប្រតិបត្ដិការទៅវិញទៅមកភាពស្រដៀងគ្នា នៃវប្បធម៌ និងការផ្លាស់ប្ដូរទំនិញ និងមនុស្ស»។
លទ្ធផលកម្មវិធីប្រកួតរូបថត ក្នុងឱកាសពិធីអបអរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជាថៃក្រោមប្រធានបទ «៧០ ឆ្នាំ នៃចំណងមិត្តភាពក្នុងកែវភ្នែកខ្ញុំ» នេះបានរកឃើញ ជយលាភី ៣ រូប គឺលេខ ១ ឈ្នះទឹកប្រាក់ ១ ០០០ ដុល្លារ លេខ ២ ទទួលបានរង្វាន់ ៥០០ ដុល្លារ និងលេខ ៣ ឈ្នះប្រាក់ ២៥០ ដុល្លារ ហើយក៏មានរង្វាន់ប្រជាប្រិយ ២ រូប។
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានបញ្ជាក់ថា៖ «ស្ថានទូតកម្ពុជាប្រចាំក្រុងបាងកកក៏បានរៀបចំកម្មវិធីជាច្រើនក្នុងក្រុងបាងកកចំពោះការអបអរមិត្ដភាព ៧០ ឆ្នាំនេះផងដែរ។ ដូច្នេះយើងកំពុងតែរៀបចំប្រារឰទាំងសងខាង»។
ពិព័រណ៍ «៧០ ឆ្នាំ នៃចំណងមិត្តភាពក្នុងកែវភ្នែកខ្ញុំ» ចាប់បើកដំណើរការនៅថ្ងៃពុធ ទី ២៣ រហូតដល់ថ្ងៃអាទិត្យ ទី ២៧ ខែកញ្ញា ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៥ ល្ងាច នៅសាលវិចិត្រ Art Space នៃអគារ Factory Phnom Penh។ ការចូលទស្សនាមិនតម្រូវឱ្យបង់ប្រាក់ទេ។
សម្រាប់ព័ត៌មានបន្ថែមអំពីពិព័រណ៍ «៧០ ឆ្នាំ នៃចំណងមិត្តភាពក្នុងកែវភ្នែកខ្ញុំ» សុំចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ @thaiembassy.pnh ឬ @FTGalleryPhnomPenh៕