
សិល្បករវ័យក្មេងទាំង ៣ រូបជាម្ចាស់ស្នាដៃពិព័រណ៍ Homeless។ រូបថត សហការី
ភ្នំពេញៈ ធ្លាប់ត្រូវបានគេច្រឡំថាជាជនអនាថាគ្មានផ្ទះសម្បែងព្រោះតែការតាក់តែងកាយបែបរយីករយាក សិល្បករវ័យក្មេង ៣ រូបជ្រកក្រោមនាមថា Homeless បាននិងកំពុងរំលេចស្នាដៃសិល្បៈរបស់ខ្លួនជាប្រភេទគំនូរក្រាហ្វីធី (Graffiti) តាមដងផ្លូវចំនួន ៦ ផ្ទាំង រូបភាពចំនួន ១៥ ផ្ទាំង វីដេអូខ្លីចំនួន ២ រួមជាមួយស្នាដៃសិល្បៈពត់ដែកសហសម័យនៅវិចិត្រសាល Bong the Gallery តាមបណ្តោយវិថីសុធារសក្បែរវាលព្រះមេរុ។
ជាសមាជិក ១ រូបរបស់ Homeless លោក សូ សុទ្ធសុវណ្ណគង់ ហៅ ក្វាន់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងថា៖ «ការតាំងពិព័រណ៍នេះគឺជាលើកទី ១ សម្រាប់ក្រុម Homeless ព្រោះកាលដើមឡើយសមាជិកនីមួយៗគឺមានជំនាញផ្សេងគ្នា ហើយក៏បានស្គាល់គ្នាតាមរយៈការចូលរួមទស្សនាសិល្បៈនានា ពួកយើងមានចំណង់ចំណូលចិត្តដូចគ្នារួចក៏ពួកយើងបង្កើតជាក្រុមនេះឡើងហើយពេលនេះពួកយើងក៏មានឱកាសយកស្នាដៃរបស់យើងមកតាំងបង្ហាញ»។
វិចិត្រករសម្បុរស្រអែមលេងស្ទីលបែបបស្ចិមប្រទេសរូបនេះបន្តថាស្នាដៃរបស់លោកមានចំនួន ៦ ផ្ទាំងគឺជាគំនូរតាមដងវិថីដែលជាសិល្បៈគំនូរមួយបែបរំលេចនូវទិដ្ឋភាពប្លែក ឬរូបភាពដែលកើតមានឡើងនៅជុំវិញខ្លួន តែអ្នកដទៃមើលមិនឃើញ។
សមាជិក ១ រូបទៀតលោក ចាង សៀងហៃ បានរៀបរាប់ថាស្នាដៃរបស់លោក គឺមានរូបថតចំនួន ១៥ ផ្ទាំង និងវីដេអូខ្លីចំនួន ២។ លក្ខណពិសេសរបស់ស្នាដៃលោកគឺកើតចេញពីវីដេអូដែលលោកបានថតដោយមានការលាយជាមួយភ្លើងពណ៌ ទើបបង្កើតបានជារូបភាព។

សិល្បៈពត់លោហៈ និងគំនូរបែបសហសម័យដែលទទួលបានការពេញនិយមនៅបស្ចិមប្រទេសច្រើនជាងនៅប្រទេសកម្ពុជា។ រូបថត សហការី
អតីតនិស្សិតជំនាញច្នៃម៉ូដរូបនេះបន្ថែមថានេះគឺជាលើកទី ១ របស់លោក ដែលបានបង្ហាញស្នាដៃរបស់ខ្លួនជាមួយមិត្តភក្តិក្នុងពិព័រណ៍ដែលធ្វើឡើងក្នុងបំណងគាំទ្រសិល្បករជំនាន់ថ្មី ខណៈកន្លងមកការតាំងពិព័រណ៍នានាច្រើនធ្វើនៅក្នុងទីកន្លែងធំៗ ហើយសុទ្ធតែជាស្នាដៃសិល្បករដែលមានឈ្មោះល្បីស្រាប់។
ចំណែកទម្រង់សិល្បៈដ៏ប្លែកមួយទៀតរបស់លោក ម៉ានី គឺការពត់ដែកឲ្យចេញជារូបរាងដែលភាគច្រើនធ្វើឡើងពីដែកឆ្អឹងបង្អួច។ ដំបូងឡើយសិល្បករគឺត្រូវគូររូបតាមការនឹកឃើញ ហើយប្រើប្រាស់ទេពកោសល្យពត់ដែកនោះឲ្យចេញជារូបរាងតាមគំនូររបស់ខ្លួន។
លោក Alexandre Barthelemy អ្នកគ្រប់គ្រងវិចិត្រសាល Bong The Gallery បានរៀបរាប់ថា៖ «ការបង្កើតពិព័រណ៍នេះឡើងដោយសារខ្ញុំគិតថាកម្ពុជាមានសិល្បករវ័យក្មេងដែលមានទេពកោសល្យ និងមានសមត្ថភាពល្អ។ ម្យ៉ាងទៀតយើងចង់ការពារថែរក្សាស្នាដៃរបស់ពួកគេ និងមិនចង់ឲ្យពួកគេបោះបង់នូវសិល្បៈនេះទើបយើងផ្តល់ឱកាសឲ្យពួកគេសាមគ្គីគ្នាយកស្នាដៃរបស់ខ្លួនមកតាំងបង្ហាញនាពេលនេះ។
បើកសម្ពោធពីថ្ងៃទី ១៩ ខែមករា ពិព័រណ៍ Homeless នឹងបន្តរហូតដល់ថ្ងៃទី ១៩ ខែកុម្ភៈដោយស្វាគមន៍អ្នកចូលរួមទស្សនាឥតគិតថ្លៃ៕