ភ្នំពេញ៖ ពិព័រណ៍​​ស្នាដៃ​ថ្មីៗ​​របស់​សិល្បករ​ ១១ រូប ដែល​​​បញ្ចប់​ការ​សិក្សា​សិល្បៈ​សហសម័យ​នៃ​គម្រោង​សិល្បៈ​​​​ស-ស នា​ឆ្នាំ ២០១៩ គាំទ្រ​ដោយ​​មូលនិធិ​ Rei Foundation​ ​បាន​​​​​បើក​ពិព័រណ៍​រួម​គ្នា​មួយ​ក្រោម​​ចំណង​ជើង​ថា «ដង្ហើម» នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី ​១០ ខែ ​មករា ឆ្នាំ ​២០២០​ បន្ត​ដល់​ថ្ងៃទី ១ ខែ ​កុម្ភៈ ​ឆ្នាំ ២០២០។

ពិព័រណ៍​នេះ គឺ​ជា​លទ្ធផល​ពី​កម្មវិធី​សិក្សា​រយៈពេល ​៦ ខែ​ ដែល​សិស្ស​ទាំង​អស់​បាន​សិក្សា​ និង​ពិភាក្សា​ក្នុង​ថ្នាក់​ធ្វើ​ទស្សនកិច្ច​ និង​ជួប​សិល្បករ​នៅ​ស្ទូឌីយោ មួយ​ចំនួន​ និង​បង្កើត​ស្នាដៃ​​​សិល្បៈ​ថ្មីៗ​ផង​ដែរ។

កញ្ញា គួន ឌីណា ជា​អ្នក​សម្របសម្រួល​គម្រោង​កម្មវិធី​នៃ​វិចិត្រសាល ស-ស ​បាន​ឲ្យ​ដឹង​ថា៖ «សិស្ស​ទាំង ​១១ រូប​នេះ គឺ​សុទ្ធសឹង​មាន​ប្រវត្តិ​សិក្សា និង​ជំនាញ​ចម្រុះ ហើយ​ពួក​គេ​​បាន​​បង្កើត​ស្នាដៃ​សិល្បៈ​ថ្មីៗ​ ​មាន​ទម្រង់​ផ្សេងៗ​ពី​គ្នា ​មាន​​គំនូរ​រូបថត​ ​ចម្លាក់​ស្នាដៃ​ដំឡើង​ និង​វីដេអូ​។​ ពួក​គេ​​​ពិនិត្យ និង​សំណួរ​លើ​ប្រធានបទ​​​ជា​ច្រើន​ដូចជា បរិស្ថាន (បម្រែបម្រួល​អាកាសធាតុ)​ រចនា​សម្ព័ន្ធ​អំណាច មនុស្ស​​​ជាតិ សាសនា ការ​ចងចាំ​ប្រវត្តិសាស្រ្ត អយុត្តិធម៌​សង្គម និង​ទម្រង់​នៃ​ការ​គ្រប់គ្រង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន»។

កញ្ញា គួន ឌីណា បន្ត​ថា៖ «ថ្នាក់​សិល្បៈ​សហសម័យ គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អប់រំ​របស់​គម្រោង​សិល្បៈ​​ស-ស ក្នុង​​គោល​បំណង​ គាំទ្រ​ដល់​សិល្បករ​វ័យ​ក្មេង ដើម្បី​អភិវឌ្ឍ​​ការងារ​សិល្បៈ​ដែល​កំពុង​ចាប់​ផ្តើម​ និង​​ការ​កសាង​​​​ចំណេះ​ដឹង​សំខាន់ៗ​ផង​​ដែរ​។

គម្រោង​រួមឈ្មោះ «ដង្ហើម» របស់សិល្បករសហសម័យ​ទាំង១១រូប​។ SaSa Art Project

ថ្នាក់​នេះ​រួម​មាន​ជំនួប​​ពិភាក្សា​ប្រចាំ​សប្តាហ៍​រយៈពេល ​៣ ខែ បន្ទាប់​មក​អ្នក​ចូលរួម​ទាំង​អស់​ចំណាយ​ ​៣ ខែ​ទៀត ​បង្កើត​ស្នាដៃ​សិល្បៈ​ថ្មីៗ។ ​ថ្នាក់​នេះ សិស្សៗ​បាន​ពិភាក្សា​លើ​ប្រធានបទ​ជា​ច្រើន​ដូចជា ប្រវត្តិសាស្រ្ត ​សិល្បៈ និង​វប្បធម៌​នយោបាយ ទស្សនវិជ្ជា និង​​​​ភូមិសាស្រ្ត​ជា​ដើម​ ​ដែល​សម្របសម្រួល​ដោយ​សហស្ថាបនិក​​​គម្រោង​​សិល្បៈ​ស-ស លោក​ ខ្វៃ សំណាង ព្រម​​ទាំង​គ្រូ​បង្រៀន​ និង​វា​គ្មិន​កិត្តិយស​​ជា​ច្រើន​ទៀត។ ការ​ពិភាក្សា​​នេះ​មាន​សារៈសំខាន់​​​ជួយ​ផ្តល់​ជា​​ទុន​ដល់​ការងារ​សិល្បៈ និង​ការ​ស្រាវជ្រាវ​​​បង្កើត​​ស្នាដៃ​ថ្មី​របស់​សិស្ស​»។

ការ​​សិក្សា​សិល្បៈ​សហសម័យ​នៃ​គម្រោង​សិល្បៈ​ស-ស​ នេះ​គឺ​មាន​គ្រូ​បង្រៀន និង​វាគ្មិន​កិត្តិយស​ដូចជា​បណ្ឌិត តូនី សាភារ៉ូ ​ភីម លោក សួង សុខរ៉ូ លោក អ៊ុច ឈួង លោក លាង​ ស៊ីកន លោក សាន ផល្លា លោក ពេជ្រ សុភាព លោក យាន រស្មី និង​លោក​ វុធ លីណូ។

ចំណែក​សិស្ស​ទាំង ១១ រូប​នោះ មាន​ ចាប វិចិត្រ និស្សិត​ឆ្នាំ​ទី ៤ កញ្ញា ជា ដាលីន និស្សិត​ឆ្នាំទី ៣ ជីន ចំរើន និស្សិត​ឆ្នាំទី ៤ ផ្នែក​គំនូរ​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ កុល គី​រីវ៉ាត់ ​ជាអ្នក​ផលិត​មាតិកា​កម្មវិធី​នៅ BBC Media Action។ លោក គួច ហ៊ុយ ជំនាញ​​ស្ថាបត្យកម្ម និង​នគរូបនីយកម្ម ឡេង គឹមស្រៀង និស្សិត​ឆ្នាំទី ៤ ផ្នែក​តុបតែង​លម្អ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។ លោក ច ឆុងម៉េង ជា​អ្នក​ឌីហ្សាញ 3D នៅ​ក្រុមហ៊ុន DWK។

និស្សិត សួ គឹមសាន ជា​គ្រូ​គំនូរ​​នៅ​ឯ​សាលា​សិល្បៈ​​យ៉ាម៉ាដា និង​​អ្នក​រចនា 2D ក្រុមហ៊ុន Sompom Digital Agency និស្សិត វ៉ា ស៊ីនួន បុគ្គលិក​ផ្នែក​រដ្ឋបាល និង គ្រូ​គំនូរ​ក្មេង​តូចៗ​នៅ Global Art Cambodia ពី​ឆ្នាំ ២០១២ ដល់ ២០១៧។ និស្សិត យ៉េង សុវណ្ណារិទ្ធិ ជា​និស្សិត​ឆ្នាំ​ទី ៣ ផ្នែក​រចនា និង​​ រតនា រាសី និស្សិត​ឆ្នាំ​ទី ៣ ផ្នែក​តុបតែង​​លម្អ​នៅ​វិទ្យាស្ថាន​ស៊ីតិក៕​