ភ្នំពេញ៖ ពិព័រណ៍​ស្នាដៃ​ថ្មី​មួយ​មាន​ឈ្មោះ​ថា «​អន្តរ​សីមា» ដែល​ទទួល​បាន​​ការ​គាំទ្រ​ពី​មូលនិធិ​ Rei Foundation នឹង​​តាំង​បន្ត​​​នៅ​វិចិត្រសាល​នៃ​​​គម្រោង​សិល្បៈ​ស-ស​ មាន​រយៈពេល​ ៣ ​ខែ​ ដែល​​នេះ ​គឺ​​ជា​​ស្នាដៃ​​ថ្មី​​​ ពិសេស​បង្កើត​ដោយ​ក្រុម​សិល្បករ​​វៀតណាម និង​ខ្មែរ​ ឈ្មោះ​ថា​ XEM បង្ហាញ​​​ដំបូង​​​នៅ​​​រាជធានី​​ភ្នំពេញ។

បើ​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​​​ពី​ថ្ងៃ​សម្ពោធ​កាល​ពី​​សប្តាហ៍​មុន​នេះ​ និង​បន្ត​ដល់​ថ្ងៃទី​ ​១០ ខែ ​មេសា ឆ្នាំ ​២០២០ ​នោះ​ក៏​​បាន​ឲ្យ​ដឹង​ដែរ​ថា​៖​​ «​​​ពិព័រណ៍​​ឈ្មោះ​ «អន្តរ​សីមា» ដែល​​ជា​​​​​ស្នាដៃ​ថ្មី​បង្កើត​ឡើង​ ដោយ​ក្រុម​​​ឈ្មោះ​ XEM។

ហើយ​​ក្រុម​​នេះ​​​​​បង្កើត​​ឡើង​ដោយ​មិត្តភក្តិ និង​សិល្បករ​ចំនួន​ ៥ នាក់​ តាំង​ពី​ឆ្នាំ ២០១៣ មក​ដោយសារ​ក្តី​ស្រឡាញ់​វិស័យ​រូបថត​ដូច​គ្នា។ ពិព័រណ៍​នេះ​ទទួល​ការ​គាំទ្រ​ពី​មូលនិធិ​ Rei Foundation តែ​​សមាជិក​ម្នាក់ៗ​នៃ​ក្រុម​នេះ មាន​ការងារ​សិល្បៈ​ឯករាជ្យ​រៀងៗ​ខ្លួន តែ​ធ្វើ​ការ​រួម​គ្នា​ ខណៈ​​ការ​បោះពុម្ព​ផ្សាយ​ទស្សនាវដ្ដី​មួយ​​​ឈ្មោះ​ថា XEM ដោយ​​ប្រើ​ថវិកា​ខ្លួន​ឯង។ ការ​បោះ​ពុម្ព​ជា​​​​ទស្សនាវដ្ដី​នេះ គឺ​ជា​វេទិកា​​មួយ​ដក​ពិសោធ​សម្រាប់​អនុវត្ត និង​​ចែក​រំលែក​​រូបថត និង​​​​​​​​ទម្រង់​សិល្បៈណា​ ដែល​ពាក់ព័ន្ធ។ ចំពោះ​ XEM គឺ​មាន​ន័យ​​ថា «​មើល​​សង្កេត» ដូច្នេះ​គឺ​ចង់​​សង្កត់​ធ្ងន់​​ទៅ​លើ​ការ​​​​សង្កេត​​មើល ​ដែល​ជា​វិធីសាស្រ្ត​ដ៏​សំខាន់​​មួយ សម្រាប់​ចូល​សិក្សា​​​។

សេចក្តី​ព័ត៌មាន​ខាង​លើ​​បាន​បន្ត​ថា៖ «​ដោយ​​ជឿ​លើ​ពិធី ឱកាស​និង​ភាព​ចៃដន្យ ក្រុម XEM ប្រើ​វិធីសាស្រ្ត​នៃ​ការ​​ជួប​ប្រទះ​យឺតៗ ដោយ​ផ្ទាល់ និង​​ដែល​អាច​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​បាន​​ក្នុង​យុគសម័យ ​ដែល​និយម​ភាព​ឌីជីថល​ដ៏​ខ្លាំងក្លា។ អ្នក​អាន​អាច​​ស្វែង​​​យល់​ស្នាដៃ​សិល្បៈ និង​សិល្បករ​​បាន​តាមរយៈ​ទស្សនា​វដ្តី​នេះ ​ដែល​ចែកចាយ​នៅ​​​តាម​ហាង​កាហ្វេ និង​បណ្ណាល័យ​នានា ហើយ​គេ​ចែកចាយ​ផ្សព្វផ្សាយ​បន្ត​ពី​មនុស្ស​ម្នាក់​ៗ»។

សិល្បករវៀតណាមប្រើ​បច្ចេកទេសរូបថតស្តេរ៉េអូ។ រូបថត SASA ART PROJECT

សម្រាប់​លេខ​ថ្មី​ពិសេស​នេះ​ ដែល​បង្ហាញ​​​ក្នុង​ពិព័រណ៍​នេះ ក្រុម XEM អញ្ជើញ​សិល្បករ​ខ្មែរ​ចំនួន ៥ រូប ​គឺ លោក​ ខៀវ កាណែល​ លោក ឃុន វណ្ណៈ លោក លីម សុខច័ន្ទលីណា ម៉ិច សេរីរ័ត្ន និង សៅ ស្រីម៉ៅ។ ក្នុង​នាម​ជា​​តំណាង​​​​ឲ្យ​ក្រុម​អ្នក​រៀបចំ​វេទិកា​នេះ​​ ឲ្យ​បញ្ចេញ​មតិ​ ក្នុង​​ទម្រង់​សិល្បៈ ដោយ​​​គ្មាន​​អន្តរាគមន៍ និង​ការកែ​សម្រួល​​​​​​ពីអ្នកខាងក្រៅ XEM គ​ឺ​ជា​ឧទាហរណ៍​មួយ​​នៃ​តម្រូវ​ការ​​បោះពុម្ព​ផ្សាយ​​របស់​សិល្បករ​ ជា​ពិសេស ​​​ក្នុង​បរិបទ​អាស៊ីអាគ្នេយ៍ ដែល​​​ជា​មធ្យោបាយ​ផ្សព្វផ្សាយ ក៏​ដូចជា​ទស្សនិកជន​​សហ​​សម័យ មាន​ទំហំ​​តូច​ចង្អៀត​​នៅ​​ឡើយ។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​​មិត្តភាព​នៃ​សមាជិក​ក្រុម​នេះ និង​ភាព​​​បើក​ទូលាយ​របស់​ពួក​គេ​​​ក្នុង​ការ​ស្វាគមន៍​ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ដែល​អនុញ្ញាត​ឲ្យ​ XEM ​មាន​តម្លៃ​​លើស​ពី​ទស្សនា​វដ្តី​​។

ស្នា​ដៃ​របស់​សមាជិក​ក្រុម XEM ទាំង​ ៥ រូប​ ក៏​លេច​​ចេញ​ជា​រូបរាង​ឡើង​​​ផង​ដែរ​​ក្នុង​​ពិព័រណ៍។ ​ក្នុង​ស្នាដៃ​ឈ្មោះ​ «Crash Simulacra ពី​សាយហ្គន​ មក​​ដល់​ភ្នំពេញ» ដោយ ក្វាង ឡាម បង្ហាញ​ពី​កម្រង​​រូបថត​បែប anaglyph ដែល​ជា​​បច្ចេកទេស​​រូបថត​​ស្តេរ៉េអូ ម្យ៉ាង​ដែល​​​ចម្លង​រូប​១ធ្វី​ជា​រូប​​ ២ ត្រួត​លើ​គ្នា។ រូបភាព​​​មាន​ពណ៌​ក្រហម ​និង​​ខៀវ​​ខ្ចី​​ទាំង​នេះ​ អាច​បំភាន់​ឲ្យ​យើង​​មាន​​អារម្មណ៍​ថា​ ​​មាន​ចលនា​​ និង​មិន​នឹង​នរ ហើយ​​មើល​​​​ទៅ​ហាក់​ដូចជា​រូប​យន្ដហោះ​ទាំង​នេះ​ កំពុងតែ​ហោះ​បុក​ចូល​អគារ។ នៅ​​​ជាប់​​នឹង​រូបថត​ទាំង​នេះ​​គឺ​ជា​វីដេអូ​ហ្គេម ​នៃ​ការ​បើក​​យន្តហោះ​​​​លើ​ផែនទី​ទីក្រុង​ភ្នំពេញ​ ដែល​សិល្បករ​រូប​​នេះ​បាន​ធ្វើ​ឡើង៕​