សៀមរាប : ផ្ទះសំបែង និង​រូប​មនុស្ស​តូចៗ​ផលិត​ឡើង​ពី​ក្រមួន​ទៀន​ដែល​បង្ហាញ​ពី​ភូមិឋាន​ធ្លាប់​តែ​ពោរពេញ​ដោយ​សំណើច​ក្អាកក្អាយ និង​អនុស្សាវរីយ៍​រាប់​មិន​អស់​ត្រូវ​បាន​ដោត​ភ្ជាប់​នឹង​សរសៃ​អំបោះ និង​អុជ​បញ្ឆេះ​ឲ្យ​ឆេះ​រលាយ​បន្ដិច​ម្ដងៗ​។

ផ្ទះ​ទៀន​ដែល​ត្រូវ​បាន​ដុត​ភ្លើង​ឲ្យ​ឆេះ​រលាយ​តាម​អំណាច​ភ្លើង ប្រៀប​ប្រដូច​ទៅ​នឹង​ផ្ទះសំបែង​ត្រូវ​បាន​លិច​បាត់​ក្នុង​ផ្ទៃ​ទឹក និង​បោះបង់​ចោល ខណៈ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធ្វើ​ចំណាកស្រុក​ទៅ​កាន់​បណ្ដា​ខេត្ដ​ដទៃ និង​ប្រទេស​ជិតខាង​។

ពិព័រណ៍​ឯកត្តជន​របស់​អ្នកសិល្បៈ​ខ្មែរ សៅ ស្រីម៉ៅ ក្រោម​ចំណងជើង​ថា «​ក្រោម​ទឹក​» រៀបរាប់​ពី​ភូមិឋាន​មួយ និង​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ត្រូវ​លិច​បាត់​ក្រោម​ទឹក​។ ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ដ​ស្ទឹងត្រែង​នៅ​សល់​តែ​សំណង់​ទីតាំង​ចាស់ ហើយ​តំបន់​ទាំង​មូល​ត្រូវ​បាន​ទឹក​ជន់​លិច​រួម​ទាំង​ផ្ទះសំបែង ដីស្រែ អារាម ទីឋាន​នេសាទ សួន​មាត់ទន្លេ និង​សូម្បីតែ​ផ្នូរ​ដូនតា ប៉ុន្តែ​ត្រូវ​បាន​នាំ​ប្តូរ​ទីតាំង​ថ្មី​មកវិញ​។ តំបន់​ជាច្រើន​ជួប​បញ្ហា​ខ្វះ​ទិន្នផល​ត្រី​ទាំង​នៅ​ខ្សែទឹក​ខាង​លើ និង​ខាងក្រោម​រវាង​ដង​ទន្លេសេសាន និង​មេគង្គ​ក្រោយ​ការ​សង់​វារីអគ្គិសនី​សេសាន​ក្រោម ២​។

វា​ការចងចាំ​ពី​ទី​ធ្លាប់​ស្នាក់អាស្រ័យ​មនុស្ស​ធ្លាប់​ផ្ដល់​ស្នាមញញឹម និង​យក​អាសា​ប្រែ​ជា​តំបន់​លិច​ទឹក ហើយ​ពលរដ្ឋ​ខ្លះ​ធ្វើ​ចំណាកស្រុក​។

ក្នុង​ឆ្នាំ​ ២០០៧-០៨ មួយ​ឆ្នាំ​ក្រោយ​បញ្ចប់​ការសិក្សា​ពី​សាលា​ជំនាញ​សិល្បៈ​សូន​រូប​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ខេត្ដ​បាត់ដំបង​ក្នុង​ឆ្នាំ​ ២០០៦ ស្រីម៉ៅ បាន​ធ្វើការ​លើ​វិស័យ​អប់រំ​ផ្នែក​បរិស្ថាន​ជាមួយ​សហគមន៍​ជាច្រើន​នៅ​ដែន​កោះ​រងាវ ខេត្ដ​ក្រចេះ​។

នៅ​ថ្ងៃ​បើក​ពិព័រណ៍​ម្ចាស់​ស្នាដៃ​នឹង​អុជ​ផ្ទះ​ទៀន​ឲ្យ​រលាយ​តាម​ភ្លើង​។ រូបថត សហការី

អ្នកសិល្បៈ​ជា​អតីត​ជនភៀសខ្លួន​ជំរំ​សាយធូ​រូប​នេះ​បាន​និយាយថា​៖ «​ខ្ញុំ​បាន​ត្រឡប់​ទៅ​កាន់​សហគមន៍​ទាំងនោះ​ជាច្រើន​លើក​ច្រើនសា​ក្នុង​ឆ្នាំ​ ២០១៧ និង​ឆ្នាំ​ ២០១៨ ហើយ​ខ្ញុំ​មាន​ការស្រឡាំងកាំង​នឹង​ការ​ប្រែប្រួល​របស់​សហគមន៍​។ ភូមិឋាន​នានា​ធ្លាប់​តែ​ពោរពេញ​ដោយ​ភាពស្រស់បំព្រង​ប្រែ​ជា​រហោឋាន​នៅ​សល់​តែ​កុមារ និង​មនុស្ស​ចាស់ ខណៈ​មនុស្ស​ពេញ​កម្លាំង​ត្រូវ​ចាកចេញ​ដើម្បី​ស្វែងរក​ការងារ​តាម​បណ្ដា​ខេត្ដ​ដទៃ និង​ប្រទេស​ជិត​ខាង​»​។

សៅ ស្រីម៉ៅ បាន​រៀបចំ​ពិព័រណ៍​ស៊េរី​ស្ដីពី​គំនូរ​ឌីជីថល​លើ​រូបថត និង​សិល្បៈ​ដំឡើង​ស្ថិត​លើ​កម្រាល​កញ្ចក់​កណ្ដាល​បន្ទប់​ពិព័រណ៍​តំណាង​ដោយ​ភូមិឋាន​មាន​ផ្ទះ​តូចៗ និង​ចម្លាក់​មនុស្ស​ផលិត​ឡើង​ក្រមួន​ទៀន​ដែល​នឹង​ត្រូវ​ដុត​ឲ្យ​រលាយ​បន្ដិច​ម្ដងៗ​នៅ​ពេល​បើក​សម្ពោធ​។

ស្នាដៃ​របស់ ស្រីម៉ៅ «​ក្រោម​ទឹក​» ហាក់​បង្ហាញ​ពី​ទិដ្ឋភាព​ពិបាក​យល់​។ រូបភាព​ទាំងនោះ​ទំនង​ជា​​កើតឡើង​ពី​ការចងចាំ ឬ​ក្ដី​ស្រមៃ​អ្នកសិល្បៈ​។

ពិព័រណ៍ «​ក្រោម​ទឹក​» ដែល​គាំទ្រ​ដោយ​មូលនិធិ​ដាំដុះ​មកពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​រៀបចំ​ដោយ​កិច្ចសហការ​ជាមួយ Sa Sa Art Projects នៅ MIRAGE Contemporary Art Space ក្រុង​សៀមរាប​ចាប់ពី​ថ្ងៃទី​ ១១ ខែ​មករា ដល់​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩៕