ភ្នំពេញ: «​ភ្នែក​នៃ​ក្ដីមេត្ដា​» ចាប់ផ្ដើម​ពី​អ្នកសិល្បៈ​វ័យក្មេង​ម្នាក់​ដែល​បាន​ប្រទះឃើញ​សត្វ​ឆ្មា​មាន​កូន​ ១ ​ក្បាល ស្វែងរក​ទ្រនំ​សុខ​នៃ​ឆាកជីវិត​ជាមួយ​កូន ហើយ​ចំណង​មិត្ដភាព​រវាង​ពួកគេ​ចាប់ផ្ដើម​ស្អិតល្មួត​។

កញ្ញា កឹម កែវសុជាតិ មកពី​ដែនដី​កំពត​ដែល​ជា​សមាជិក​ថ្មី​របស់​វិចិត្រសាល​ក្បាច់​បាន​និយាយថា​៖ «​ដំបូង ខ្ញុំ​ក៏​មិន​នឹក​ឃើញថា ចង់​គូររូប​ឆ្មា​ឡើង​មក​ដែរ តែដោយសារ​ថ្ងៃមួយ​មាន​ឆ្មា​ ១ ​ក្បាល​បាន​ចូល​មកសុំ​ខ្ញុំ​នៅ​ជាមួយ​ទាំង​ដែល​ពោះ​កំពុង​តែ​ជិត​សម្រាលកូន​។ ខ្ញុំ​ចាប់ផ្ដើម​អាណិត​ស្រឡាញ់​វា​យ៉ាងខ្លាំង ហើយ​វា​ជា​ចំណង​មិត្ដភក្ដិ​ដ៏ល្អ​ដែល​ខ្ញុំ​គិតថា វា​ជា​រឿង​វិជ្ជមាន​កើតឡើង​ចំពោះ​ខ្ញុំ​»​។

ពិព័រណ៍ «​ភ្នែក​នៃ​ក្ដី​មេត្ដា​» ជា​ផ្នែក​មួយ​នៃ​គម្រោង​ពិព័រណ៍​ធំ «​ស្រី​ខ្លាំង​» ដែល​ត្រូវបាន​រៀបចំ​ឡើង​នៅ​ទិវា​សិទ្ធិនារី​អន្ដរជាតិ ឯ​វិចិត្រសាល​ក្បាច់​។

មហោស្រព​ភ្នំស្រី (PFF) ជា​ក្រុម​ស្ដ្រី​ខ្មែរ និង​បរទេស​នឹង​រៀបចំ​ពិព័រណ៍​សិល្បៈ​ឈ្មោះថា «​ស្រី​ខ្លាំង​» ដែល​ផ្ដល់ឱកាស​ឲ្យ​អ្នកសិល្បៈ​ទាំងអស់​ដាក់​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ជុំវិញ​ប្រធានបទ «​ស្ដ្រី​ខ្លាំង​»​។

ពិព័រណ៍​សិល្បៈ​ចំនួន ៣ នឹង​ត្រូវ​បានរៀបចំ​ក្នុងឱកាស​តែមួយ​នៅ​វិចិត្រសាល​ក្បាច់ បំណង​អបអរ និង​ផ្ដល់​តម្លៃ​ដល់​ស្ដ្រី និង​លើកស្ទួយ​ជា​វិជ្ជមាន​ចំពោះ​សិទ្ធិនារី និង​សមភាព​យេនឌ័រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

វិចិត្រករ​គូរគំនូរ​តារាចម្រៀង កាក់ ចន្ធី នៅ​មហោស្រព​ភ្នំស្រី​កាលពី​ឆ្នាំ ២០១៨​។ រូបថត សហការី

កញ្ញា សូណា អូ ម៉ាហូនី ស្ថាបនិក​មហោស្រព​ភ្នំស្រី​បាន​និយាយថា​៖ «​ស្រី​ខ្លាំង គឺជា​ក្រុម​ពិព័រណ៍​សាធារណៈ​បើកទ្វារ​សម្រាប់​អ្នកសិល្បៈ​ទាំងអស់​ចូលរួម​មិន​ថា ជា​បុរស ឬ​ស្ដ្រី​ដោយ​ផ្ដោតលើ​លក្ខណ​វិនិច្ឆយ​ថា ពួកគេ​ត្រូវ​ផលិត​ស្នាដៃ​សិល្បៈ​ក្រោម​ប្រធានបទ «​ស្រីខ្លាំង​»​។ ស្នាដៃ​សិល្បៈ​អាច​ចាប់ផ្ដើម​គំនូរ ផាត់​ពណ៌ ការដំឡើង និង​ថតរូប​»​។

ព្រឹត្ដិការណ៍​ពិព័រណ៍​សិល្បៈ​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃអាទិត្យ​នេះ​មាន​បំណង​លើក​ទឹកចិត្ដ​ស្ដ្រី​វ័យក្មេង​ចូលរួម និង​ជួប​នារីៗ​អស្ចារ្យ​ធ្វើ​កិច្ចការ​អស្ចារ្យ​។

វា​ផ្ដោត​សំខាន់​ទៅលើ​សិល្បៈ​ដែល​ជា​ស្នាដៃ​របស់​អ្នកសិល្បៈ​ចក្ខុវិញ្ញាណ អ្នក​ថតរូប និង​អ្នករាំ​។

កញ្ញា អូ ម៉ាហូនី បាន​ប្រាប់ ភ្នំពេញ-ប៉ុស្ដិ៍ ថា​៖ «​កញ្ញា កឹម កែវសុជាតិ គឺជា​អ្នកសិល្បៈ​ស្ដ្រី​ដំបូង​របស់​យើង ដែល​ធ្វើការ​តាំង​បង្ហាញ​ស្នាដៃ​តែម្នាក់ឯង​នៅ​វិចិត្រសាល​ក្បាច់​។ ដូច្នេះ​យើង​គិតថា វា​ជា​ឱកាស​ដ៏ល្អ​សម្រាប់​ការបង្ហាញ​ស្នាដៃ​របស់​គាត់​នៅ​ទិវា​សិទ្ធិនារី​នេះ​»​។

កញ្ញា កឹម កែវសុជាតិ អាយុ ២៦ ឆ្នាំ​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​គិតថា វា​ជា​សត្វ​ស្លូតបូត និង​ទន់ខ្សោយ​ដែល​កំពុង​ត្រូវការ​ជំនួយ​សង្គ្រោះ​ពី​ខ្ញុំ ហើយ​ខ្ញុំ​មើលឃើញ​ពី​បញ្ហា​មួយចំនួន​ដែល​មនុស្ស​ដាក់​សម្ពាធ​ទៅលើ​ជីវិត​សត្វ​ទន់ខ្សោយ​មួយ​នេះ​។ ទាំងនេះ​គឺជា​មេរៀន​ជីវិត​សម្រាប់​ខ្ញុំ និង​ជា​សារ​ទៅកាន់​អ្នក​ទាំងអស់​គ្នា​ថា មាន​សន្ដិភាព​គឺ​អាស្រ័យ​លើ​ការចេះ​មេត្ដា​ជីវិត​សត្វ​។ រឿងរ៉ាវ​ដែល​កើតឡើង​គឺជា​រឿង​ខ្ញុំ​ជួបប្រទះ​ផ្ទាល់​»​។

ពិព័រណ៍ «​ទ្រាំ​» ក្រោម​គម្រោង​កម្មវិធី​នៃ​សេចក្ដីថ្លៃថ្នូរ​កម្ពុជា​សម្រាប់​យុទ្ធនាការ​សិល្បៈ​ដើម្បី​សមភាព​យេនឌ័រ​ឆ្នាំ​ ២០១៩ របស់​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ (NGO-CEDAW) នឹង​បង្ហាញ​ស្នាដៃ​អ្នកសិល្បៈ​វ័យក្មេង​កម្ពុជា ដូចជា ថា លីដា ខួន វីសេដ្ឋ និង​ ថូ ម៉ាលីនដា​។ ពួកគេ​បាន​លើកទឹកចិត្ដ​ទស្សនិកជន​គិតគូរ​អំពី​មូលហេតុ​ដែល​ស្ដ្រី​សម្រេចចិត្ដ​អត់ធ្មត់​ជាមួយ​ដៃគូ​ដ៏បំពាន​។

«​ភ្នែក​នៃ​ក្ដីមេត្តា​» ចាប់ផ្ដើម​ពី​អ្នកសិល្បៈ​វ័យក្មេង​ដែល​ប្រទះឃើញ​ឆ្មា​មាន​កូន​។ រូបថត សហការី​

កញ្ញា អូ ម៉ាហូនី បាន​ឲ្យ​ដឹងថា មេល នូតធ័រ ជា​អ្នករាំ​លើ​ខ្សែ​ក្រណាត់ និង​បង្គោល​នៅ​ក្រុងភ្នំពេញ​នឹង​ធ្វើការ​សម្ដែង​សមត្ថភាព​របាំ​លើ​ខ្សែ​នៅ​ម៉ោង ៣ រសៀល​។

កញ្ញា​បាន​បន្ដថា​៖ «​អំឡុង​កម្មវិធី​នេះ​នឹង​មាន​ទម្រង់​សិល្បៈ​ចម្រុះ រួមទាំង ការបង្ហាញ​សមត្ថភាព​គូររូប ផាត់​ពណ៌​ពេញ​ ១ ​ថ្ងៃ​ក្រោម​ស្នាដៃ​វិចិត្រករ​ក្នុងស្រុក និង​អន្ដរជាតិ​»​។

ជា​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​មហោស្រព​ភ្នំស្រី​បង្កើត​វេទិកា​សិល្បៈ​សម្រាប់​ស្ដ្រី​វ័យក្មេង​កម្ពុជា​ ដើម្បី​គាស់កកាយ​ទេពកោសល្យ​របស់ខ្លួន និង​ព្យាយាម​ទៅតាម​ក្ដី​សុបិន​។

កញ្ញា អូ ម៉ាហូនី បាន​លើកឡើង​ថា​៖ «​យើង​ជឿថា ស្ដ្រី​កម្ពុជា​ជាច្រើន​មានឱកាស​ស្មើភាព​ចំពោះ​បុរស​។ ទោះ​ជា​យ៉ាងណា ពួកគេ​នៅ​ខ្វះ​ជំនឿ​ចិត្ដ​បន្ដ​ក្ដីសុបិន ជាពិសេស​ក្នុង​ឧស្សាហកម្ម​ថ្មីៗ​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា​។ មហោស្រព​ភ្នំ​ស្រី​មានបំណង​ជួយ​ស្ដ្រី​ទាំងនោះ​សម្រេច​ក្ដី​សុបិន​របស់ខ្លួន​»​។

កញ្ញា​បាន​បន្ថែមថា​៖ «​យើង​ជឿថា ភាពខ្វះខាត​មួយ​នៅ​កម្ពុជា​គឺ​បណ្ដាញ​គាំទ្រ​ស្ដ្រី​ដើម្បី​ជួយ និង​យឹត​យោងគ្នា​ទៅវិញទៅមក​។ មហោស្រព​ភ្នំ​ស្រី​គឺជា​វេទិកា​សម្រាប់​ស្ដ្រី​ជួបជុំគ្នា និង​ជួយ​គ្នា​ទៅវិញទៅមក​»​។

កញ្ញា​បាន​បញ្ជាក់ថា ក្នុង​ឱកាស​នោះ​នឹង​មាន​អ្នក​សិល្បៈជាតិ និង​អន្ដរជាតិ​ចូលរួម​ប្រមាណ ២០ នាក់​ហើយ​ភ្ញៀវ​ពិសេស​ដែល​មក​ទស្សនា រួមមាន អគ្គរាជទូត​អង់គ្លេស អគ្គរាជទូត​អូស្ដ្រាលី​​ និង​អគ្គរាជទូត​ស៊ុយអែត​។ អ្នកសិល្បៈ​អាចដាក់​បង្ហាញ​ស្នាដៃ​ក្នុង​ពិព័រណ៍ «​ស្រីខ្លាំង​» ដើម្បី​រៃអង្គាសប្រាក់​សម្រាប់​គម្រោង​សិល្បៈ NGO CEDAW​។

កញ្ញា អូ ម៉ាហូនី បាន​និយាយទៀតថា​៖ «​ស្នាដៃ​សិល្បៈ​នឹង​តាំង​បង្ហាញ​រយៈពេល​ ១ ​ខែ​នៅ​វិចិត្រសាល​ក្បាច់​។ ចំណូល​ពី​ការលក់​ស្នាដៃ​សិល្បៈ ៥០ ភាគរយ​នឹង​បញ្ចូល​ក្នុង​កម្មវិធី​របស់ NGO CEDAW»​។

ជាមួយ​ការចូលរួម​ដោយ​សេរី ពិព័រណ៍ «​ស្រី​ខ្លាំង​» ចាប់ផ្ដើម​នៅ​ថ្ងៃអាទិត្យ ទី​ ៨ ខែមីនា នៅ​វិចិត្រសាល​ក្បាច់​ក្នុង Phnom Penh Factory ហើយ​វា​នឹង​បន្ដ​រហូតដល់​រយៈពេល ១ ​ខែ​៕