ភ្នំពេញ : ដោយ​ភាព​ទីទាល់​ក្រី គ្មាន​ប្រាក់​ទិញ​អង្ក​របបរ​ឲ្យ​ចៅ ក៏​ដឹក​ដៃ​ចៅ​កំព្រា​ទាំង​តត្រុក​មក​ធ្វើការ​កម្មករសំណង​នៅ​ក្រុងភ្នំពេញ។ តែ​វាសនា មិន​អនុគ្រោះ​ឲ្យ​ជីវិត​តា​ចៅ​ស្គាល់​ភាព​ធូរធា​ឡើយ ដោយ​គ្មាន​ប្រាក់​បង់ថ្លៃ​បន្ទប់​ជួល​ក៏ត្រូវ​ម្ចាស់ផ្ទះ​ដេញចេញ ហើយ​ត្រូវ​រត់​មកសុំ​ព្រះសង្ឃ​ស្នាក់​​អាស្រ័យ​​ ក៏​ជួប​គ្រោះ​ធំ​ទៀត ផ្ទុះ​កំប៉ុង​ហ្គាស​បណ្តាល ធ្វើ​ឲ្យ​ជីវិត​តា​ចៅ​កំព្រា​រឹតតែ​វេទនា​កើន​ទ្វេ​រដង។

បរិយាយ​ពី​ភាព​កម្សត់​វេទនា ពីរ​នាក់​តា​ចៅ លើ​គ្រោះ​ជីវិតចុងក្រោយ លោក លី ហូ​សាន់ ដែល​កំពុង​អំពាវនាវ​ក្នុង​បណ្តាញ​សង្គម​សូម​សប្បុរជន ជួយ​បរិច្ចាគ​​​ទាន​ដ៏​សប្បុរស​ ដើម្បី​ជួយសង្គ្រោះ​ជីវិត​តា​ចៅ​នោះ លោក​បាន​ប្រាប់ ថា៖ «​បើ​និយាយ​ពី​ជីវិត​តា​ចៅ ដែល​រងរបួស ដោយ​ផ្ទុះ​កំប៉ុង​ហ្គាស​នោះ ពិតជា​មហា​វេទនា​នោះ ហួស​នឹង​និយាយ​ហើយ។ ជីវិត​តា​ចៅ​កំព្រា​ឪពុកម្តាយ​នោះ ហាក់​រស់​គ្មាន​កោះ​គ្មាន​ត្រើយ​ទេ ហើយ​ពេលនេះ​ក៏​មកជួប​គ្រោះ​រងរបួស​ទាំង​ពិការភ្នែក​ទៀត»។

នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក លោក លី ហូ​សាន់ ដែល​គេ​ស្កាល់​ថា បុរស​​អ៊ិស្លាម សកម្ម​​​ការងារ​មនុស្សធម៌ លោក​បាន​​ភ្ជាប់​នូវ​រូប​តា​ដៃ​ជាប់​សេ​រ៉ូ ហើយ​រូប​ចៅស្រី​គេង​លើ​គ្រែពេទ្យ​មាន​គ្រប់​ក្រ​ម៉ា​លើ​ដងខ្លួន ​​បង្ហាញ​ពី​ស្បែក​ឆេះ​ខ្លោច​​អស់​ប្រាណ​ និង​ផ្ទៃ​​មុខ​នោះ លោក​បាន​រៀបរាប់ថា៖​ «លោកតា​ព្រះជន្ម ៧៦ ឆ្នាំ កំពុងតែ​ទីទ័ល​ក្រ​ហើយ និង​ចៅស្រី​កំព្រា​ទៀត ភ្លាត់​មក​អកុសល​ផ្ទុះ​កំប៉ុង​ហ្គាស​​ឆេះ​ទៀត»។

លោកតា​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តព្រៃវែង​។ រូបថត ហ្វេសប៊ុក

លោក​បាន​​បញ្ជាក់ថា៖ «នៅ​ស្រុក​បាភ្នំ​ ខេត្តព្រៃវែង តែ​បច្ចុប្បន្នកំពុង​សម្រាក​​ព្យាបាល​នៅ​ទី​រួម​ខេត្តព្រៃវែង។ សូម​បងប្អូន​មេត្តា ជួយ​ជា​របស់ញ៉ាំ​ខ្លះ​ និង​​យកទៅ​ជូន​គាត់​ពីព្រោះ​គាត់​ទីទ័ល​ក្រ​ដូចគ្នា​អ៊ី​ចឹ​ង បាន​ត្រឹម​ជួយ​មើលថែ​តែ​គ្មាន​ថវិកា​ទេ»។

លោក លី ហូ​សាន់ ក៏បាន​បញ្ជាក់ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ដែរ​ថា៖ «ពេលនេះ​លោកតា​ត្រូវបាន​បញ្ជូន​គេ​សម្រាក់​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្តព្រៃវែង នៅ​ភ្នំពេញ​​លោកតា មិនមាន​លុយ​ឲ្យ​ពេទ្យ អ៊ីចឹង​​ហើយ​បានជា​ខ្ញុំ​អាណិត​ក៏​ផ្សព្វផ្សាយ​អំពាវនាវ​រក​សប្បុរជន ក្រែ​បាន​ប្រាក់​ខ្លះ​ជួយ​គាត់​នឹង​​បាន​ទិញ​អង្ក​រ​ទិញ​ថ្នាំ​ចិញ្ចឹម​ចៅ»។

ជាមួយ​សំដី​សូមទោស​សប្បុរជន​ថា មិនបាន​សុំ​ឈ្មោះ​លោក​តារងគ្រោះ នោះ​ លោក លី ហូ​សាន់ ក៏បាន​រៀបរាប់​ឲ្យ​ដឹង​បន្តថា៖ «ខ្ញុំ​បាន​ទៅ​ជួប​លោកតា នៅ​មន្ទី​ពេទ្យ​ខេត្តព្រៃវែង ពេលនោះ​លោកតា បាន​រៀបរាប់ថា គាត់​មាន​ស្រុក​កំណើត​​នៅ​ខេត្ត​ព្រៃវែង ស្រុក​បាន​ភ្នំ ហើយ​មិនមាន​ដីធ្លី​ទេ ក៏​ចៅ​មក​ភ្នំពេញ​ដើរ​រើស​អេដចាយ ធ្វើ​សំណង តែ​ដល់ពេល​លោកតា​កាន់តែ​ចាស់​ធ្វើការ​រក​លុយ​មិនបាន ក៏ត្រូវ​ម្ចាស់​បន្ទប់​ជួប​ឈប់​ជួល​បន្ទប់​នៅ លោកតា ក៏​ដឹក​ដៃ​ចៅ​មក​សុំ​លោក​វត្ត​ថា​ន់​ ស្នាក់នៅ តែ​ក៏​ជួប​​រឿង​ចៃដ​ន្យ​អាក្រក់​ទៀត​ ផ្ទុះ​កំប៉ុង​ហ្គាស បណ្តាល​ឲ្យ​រងរបួស​ទាំង​តា​ទាំង​ចៅ»។

លោក​ក៏បាន​បញ្ជាក់ថា៖ «ពេលនេះ​លោកតា ក៏​គ្មាន​ប្រាក់​ព្យាបាល​របស់ ទាំង​ពិការ​ភ្នែក​ផងដែរ មានតែ​សង្ឃឹម​សប្បុរជន​ទេ ដែល​បាន​ជួយ​ព្យាបាល​របស់​ពួកគាត់​បាន និង​បាន​ចៅ​ធំ​អាច​មើលថែ​លោកតា​វិញ»៕