កំពង់ធំ: ធ្លាប់តែចិញ្ចឹមមាន់យកស៊ុតទៅតាមបែបប្រពៃណីដោយការលែងហ្វូងមាន់ពងពាសវាលពាសកាលច្របូកច្របល់គ្នា ដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពស៊ុត និងកូនមាន់ចាប់កំណើតតិច យុវជនមកពីខេត្ដកំពង់ធំម្នាក់ខិតខំសិក្សាបច្ចេកទេស និងអភិវឌ្ឍខ្លួនជាអ្នកផលិតទូភ្ញាស់ស៊ុត។
ទូប្រអប់ ២ ប្រភេទផលិតពីដែក និងស្នោមានមុខងារសម្រាប់ទុកដាក់គ្រាប់ស៊ុតដល់ ១ ម៉ឺនគ្រាប់ទៅតាមទំហំ ព្រមទាំងមានសមត្ថភាពភ្ញាស់កូនមាន់ និងទាជាដើមប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយកំពុងជួយសម្រួលដល់អាជីវកម្មចិញ្ចឹមមាន់យកស៊ុតរបស់ប្រជាកសិករទូទាំងប្រទេស។
លោក លន សុភា បានរំឭកពីការចាប់ផ្តើមអាជីវកម្មជាអ្នកលក់ទូភ្ញាស់ថា៖ «មុនចាប់ផ្តើមធ្វើទូភ្ញាស់លក់ ខ្ញុំចិញ្ចឹមមាន់យកស៊ុត លុះចិញ្ចឹមយូរទៅមានមេមាន់ច្រើនពងចូលគ្នា ធ្វើឲ្យពិបាកក្នុងការថែទាំ។ ជាក់ស្ដែង ពួកវាដណ្តើមគ្នាក្រាប ចឹកពងគ្នា បែកខូចច្រើន ហើយកូនមាន់ដែលញាស់មក ខ្ញុំពិបាកថែទាំ ដោយសារវាមានចំនួនតិច មិនសមស្របតាមតម្រូវការចង់បាន។ ឆ្លងកាត់បទពិសោធទាំងនោះ ខ្ញុំសម្រេចចិត្តស្រាវជ្រាវរកវិធីសាស្ត្រថ្មីៗក្នុងការចិញ្ចឹម និងភ្ញាស់ស៊ុតមាន់»។
កសិកររូបនេះប្រទះឃើញមានការផ្សព្វផ្សាយលក់ទូភ្ញាស់នៅតាមយូធូប ហើយលោក សុភា ក៏សម្រេចចិត្តទិញទូភ្ញាស់ខ្នាត ៥២៨ ស៊ុត ១ គ្រឿងមកប្រើ។ មិនយូរប៉ុន្មានយុវជនរូបនេះ ក៏បែកគំនិតរៀនផលិតឧបករណ៍ភ្ញាស់ស៊ុតដោយខ្លួនឯងតែម្ដង។
លោកលើកឡើងថា៖ «ខ្ញុំប្រើទូភ្ញាស់ទិញគេបានប្រហែល ៥ ទៅ ៦ ខែ ហើយខ្ញុំក៏មានចិត្តចង់រៀនធ្វើទូភ្ញាស់លក់ដូចគេ។ ខ្ញុំគិតថា ការប្រើទូភ្ញាស់ផលិតខ្លួនឯង បើមានបញ្ហា វាងាយនឹងជួសជុលជាង។ ដូច្នេះខ្ញុំក៏សម្រេចចិត្តឡើងទៅរៀននៅភ្នំពេញពីរបៀបធ្វើទូចំនួន ២ លើក។ ពេលរៀនចប់ ខ្ញុំក៏ទិញគ្រឿងសម្ភារសម្រាប់ផលិតមកអនុវត្តដំឡើង»។
ក្រោយពីអនុវត្ត និងអាចដំឡើងទូភ្ញាស់បានជោគជ័យ លោក សុភា ចាប់ផ្តើមធ្វើការបង្ហោះរូបលក់តាមអនឡាញ។ តែមួយរយៈពេលខ្លី មានអតិថិជនទាក់ទងតាមទូរស័ព្ទ និងឆាតមកសួរនាំជាហូរហែ។
ដោយសារការព្យាយាម មិនខ្លាចលំបាកទៅតាមទម្លាប់ជាកសិករស្រុកស្រែចម្ការម្នាក់ក្នុងរយៈពេលតែ ៤ ទៅ ៥ ខែការផលិតទូភ្ញាស់របស់លោក ត្រូវបានមនុស្សជាច្រើនទទួលស្គាល់ ហើយលោកចាប់ផ្តើមទទួលការកុម្ម៉ង់ទិញជាច្រើនពីអតិថិជនយកទៅប្រើប្រាស់នៅរាជធានី និងបណ្តាខេត្តនានា។
ពេលថ្មីនេះៗលោកក៏ទទួលបានការកុម្ម៉ង់ជាច្រើន ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ ក្រោមជំនួយឧបត្ថម្ភនៃគម្រោងអភិវឌ្ឍកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។
អ្នកផលិតទូភ្ញាស់ វ័យ ៣៥ រូបនេះ ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំគិតថា ការផលិតទូភ្ញាស់ជាការរកឃើញថ្មីមួយដែលជាបច្ចេកទេសថ្មីជំនួយសម្រាប់អ្នកកំពុងចិញ្ចឹមសត្វភ្ញាស់ស៊ុតនៅកម្ពុជា។ ប៉ុន្ដែមិនទាន់ត្រូវបានបង្ហាញឲ្យទូលំទូលាយដល់ប្រជាជនយើង ដោយសារប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ពីទូភ្ញាស់ និងការប្រើប្រាស់របស់វានៅឡើយ។ ក្នុងនោះមានអ្នកខ្លះប្រើទៅបានជោគជ័យ ហើយមួយចំនួនទៀតក៏មិនជោគជ័យដែរ»។
ទោះបីជាយ៉ាងណា សិប្បកម្មផលិតទូភ្ញាស់របស់លោកមានលក្ខណៈតូច ទើបធ្វើឲ្យលោកត្រូវចំណាយពេលយូរក្នុងការផលិតទូភ្ញាស់។ តាមរយៈការរៀបរាប់របស់លោកជាទូទៅក្នុងការផលិតទូភ្ញាស់ ១ គឺត្រូវចំណាយពេលអាស្រ័យទៅតាមទំហំ និងខ្នាតរបស់ទូ។ បើលោកធ្វើទូតែម្នាក់ឯងក្នុង ១ ថ្ងៃអាចផលិតទូខ្នាតតូចបានតែ ១ គ្រឿងប៉ុណ្ណោះ។ ចំពោះទូខ្នាតធំត្រូវចំណាយពេល ២ ឬ ៣ ថ្ងៃ ទើបរួចរាល់ ១ គ្រឿង។ តែបើមានគ្នាជួយ ឬធ្វើគ្នា ២ នាក់ ពេលវេលា នឹងកាត់បន្ថយផងដែរ។
ទូភ្ញាស់នេះផលិតចេញពីដែកជ្រុង ដែកស័ង្កសី ដែកអាលុយមីញ៉ូម និងស្នោ ដែលអាចប្រើសម្រាប់ភ្ញាស់ស៊ុតទា មាន់ ក្រួច លលក ក្ងាន ព្រាប និងសារិកាជាដើម។ រីឯការប្រើប្រាស់ លោក សុភា បានឲ្យដឹងថា វាមិនពិបាកនោះទេ ដោយសារតែទូមានប្រព័ន្ធស្វ័យប្រវត្តិ ទាំងសំណើម និងកម្ដៅ។
ក្រៅពីទូភ្ញាស់ផលិតពីដែកនេះលោកក៏មានផលិតទូភ្ញាស់ធុងស្នោផងដែរ។
លោកលើកឡើងថា៖ «ខ្ញុំក៏អាចផលិតទូភ្ញាស់ធ្វើពីធុងស្នោបានដែរ តែទូភ្ញាស់ធុងស្នោនេះ ខ្ញុំគិតថាវាមិនមែនជាការច្នៃប្រឌិតថ្មីនោះទេ វាជាប្រភេទឧបករណ៍ភ្ញាស់ងាយដំឡើង មិនមានលក្ខណៈសាំញ៉ាំ ភាគច្រើននិយមប្រើដោយដៃ (យកទៅដាក់ប្រែស៊ុត) និងចំណាយថ្លៃដើមតិច។ ប្រជាជនទូទៅអាចដំឡើងទូភ្ញាស់ប្រភេទនេះដោយខ្លួនឯងបាន»។
ចំពោះប្រភេទទូស្នោភ្ញាស់ដោយអ្នកចិញ្ចឹមត្រូវប្រើដៃវីស៊ុត ១ ថ្ងៃ ២ ឬ ៣ ដង ដែលចំណាយថ្លៃភ្លើងតិច អាចប្រើបានយូរ ហើយអត្រាញាស់បានល្អ ងាយស្រួលប្រើ តម្លៃត្រឹមតែ ២០ ម៉ឺនរៀលក្នុងមួយគ្រឿង។ ចំណែកទូភ្ញាស់ស្វ័យប្រវត្តិមានខ្នាតចាប់ពី ៨០ ស៊ុតរហូតដល់ ១ ម៉ឺនស៊ុត។
កសិកររូបនេះក៏សំណូមពរទៅកាន់បងប្អូនប្រជាពលរដ្ឋដែលមានដីទំនេរច្រើន និងឆ្លៀតពេលពីការងារស្នូលមកចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។ លោកអះអាងថា បើអាចរូបលោកផ្ទាល់នឹងចែករំលែកទៅកាន់ប្រជាកសិករគ្រប់គ្នានូវវិធីសាស្ត្រក្នុងការថែទាំ និងចិញ្ចឹមមាន់រួមជាមួយរបៀបភ្ញាស់ពងផងដែរ។
ចំពោះព័ត៌មានលម្អិតសូមចូលទៅកាន់ហេ្វសប៊ុកផេច @ពិភពទូភ្ញាស់ស្នាដៃកូនខ្មែរ ឬទំនាក់ទំនងទៅកាន់លេខ ទូរស័ព្ទ ០១២ ៤០០ ៥៨៩/០៧០ ៥៧៧ ៧០៩/ ០៩៧ ៥០៧ ៧៧០៩៕