ភ្នំពេញៈ ចំពោះការរក្សានូវកិលេស ឬ នីវរណៈជាច្រើនក្នុងជីវិតប្រចាំថ្ងៃ គឺជាមេរោគចង្រៃ ប្រសិនបើទុកឲ្យវារីកចម្រើនឡើងៗ ហើយក៏ជាការលំបាកមួយដែរនៅក្នុងការសម្លាប់វាឲ្យអស់វិញខ្លាំងណាស់។
ខាងក្រោមនេះ នឹងមានការបង្ហាញប្រាប់ពីសំណាក់លោក អគ្គបណ្ឌិត ប៊ុត សាវង្ស តាមពុទ្ធវចនៈ ដែលនិយាយពីការងារត្រីមុខ ឬ ៣ មុខ ដែលពុទ្ធបរិស័ទត្រូវប្រណិប័តន៍ទៅតាមឱវាទនៃព្រះពុទ្ធអង្គទ្រង់បានត្រាស់សម្តែងមក។
បើតាមការសម្តែងបង្ហាញប្រាប់ពីលោកអគ្គបណ្ឌិត ប៊ុត សាវង្ស បានឲ្យដឹងពីការងារ ៣ មុខនោះថា៖ «ទី១ ជាការងារសង្រួមកាយ ការងារសង្រួមវាចា ការងារសង្រួមចិត្ត ពិតជាការងារប្រចាំថ្ងៃ នៃជនប្រុសស្រី ទាំងគ្រហស្ថ ទាំងបព្វជិត ព្រោះថាជាការបិទទ្វារការពារទប់ស្កាត់នូវបាបថ្មីៗ កុំឲ្យចូលមករួមដៃរួមជើងជាមួយអំពើបាបចាស់ៗ កាត់បន្ថយកម្លាំងបាបដែលសន្សំក្នុងសន្តានចិត្ត ប្រៀបបីដូចជាបុគ្គល ដែលបានខិតខំព្យាយាមតមចំណីទាស់ ព្រោះហេតុតែខ្លួនឯងឈឺរោគថ្លើម ដូច្នោះឯង។
ទី ២ ការងារបំពេញសេចក្តីល្អ ពិតជាត្រូវធ្វើបន្តមិនឲ្យដាច់ ធ្វើទានរឿយៗ រក្សាសីលជាប់លាប់ អប់រំចម្រើនសេចក្តីស្ងប់ជាប្រចាំ រៀនធម៌ ស្តាប់ធម៌បំពេញចំណេះដឹង ទាំងអស់នេះសុទ្ធតែជាការងារបំប៉ននូវស្មារតី ប្រៀបបីដូចជាអ្នកឈឺថ្លើម ខំប្រឹងថែសុខភាព បំប៉នចំណីល្អៗ ប្រើប្រាស់អ្វីៗមានអនាម័យ ដើម្បីជួយកម្លាំងគ្របសង្កត់នូវរោគ ដូច្នោះដែរ»។
ឯការងារទី ៣ ដែលបរិស័ទត្រូវប្រណិប័តន៍នោះគឺ៖ «ការងារអប់រំចម្រើននូវសតិប្បដ្ឋាន ៤ គឺជាការងារស្រាវជ្រាវរកសេចក្តីពិត ក្នុងជីវិតដែលមានតែរូបធម៌ និងនាមធម៌ ដើម្បីកម្ចាត់បង់នូវការវង្វេង ព្រមទាំងដោយការប្រកាន់ខុសផ្សេងៗ ឬប្រព្រឹត្តទៅដើម្បីអរិយមគ្គជាលោកុត្ដរ ប្រហារបង់នូវអ្វីជាអនុស័យ»។
បើដូច្នេះជាមួយគ្នានឹងការចម្រើននូវសតិប្បដ្ឋាន ៤ ដែលពុទ្ធបរិស័ទរមែងបំពេញនូវការងារមួយទៀតគឺការងារគ្របសង្កត់នូវនីវរណធម៌ ការស្តាប់ព្រះធម៌ពីរោះ មានសេចក្តីជ្រះថ្លា មានការតាំងចិត្តមាំទាំក្នុងពេលស្តាប់នោះ ក៏ជាការគ្របសង្កត់នូវនីវរណធម៌ដោយពិត ម្យ៉ាងទៀតព្រោះការប្រកបព្យាយាមក្នុងអធិចិត្តគ្របសង្កត់នូវនីវរណៈដោយសមថកម្មដ្ឋាន សេចក្តីនេះប្រៀបដូចអ្នកឈឺរោគថ្លើម ក្នុងការប្រើប្រាស់ថ្នាំ រមែងប្រើប្រាស់ថ្នាំ ២ មុខ គឺមួយមុខសម្រាប់ហ៊ុមព័ទ្ធមេរោគ និងមួយមុខទៀត សម្រាប់ជំនួយដល់ការប្រហារនូវមេរោគនោះ ដូច្នោះឯង។
លោកអគ្គបណ្ឌិត ប៊ុត សាវង្សក៏បានបញ្ជាក់បន្ថែមពីការប្រណិប័តន៍នូវសតិប្បដ្ឋាន ៤ ដែរថា៖ «ការចម្រើនសតិប្បដ្ឋាន ៤ ជាការដុសខាត់សេចក្តីប្រកាន់រឿយៗ បញ្ញាក៏ភ្លឺថ្លាឡើងៗ ហើយរមែងជាឧបការៈ ដល់កុសលធម៌ដទៃទៀតគ្រប់យ៉ាងទាំងអស់។
ហើយសតិប្បដ្ឋាន ទាំង ៤ នេះគឺជាគំនរនៃកុសលធម៌ ការចម្រើនសតិយ៉ាងនេះរឿយៗ រមែងឈានទៅរកការឃើញច្បាស់មួយថា ធម៌ទាំងឡាយទាំងពួង ដែលជាកុសលធម៌ អកុសលធម៌ ជាអព្យាក្រឹត្យធម៌ គ្រាន់តែជាខន្ធ អាយតនៈ ធាតុ តែប៉ុណ្ណោះ ពុំមែនជាសត្វនោះសោះឡើយ ហើយក៏មិនគួរណាប្រកាន់ថា វាជារបស់ដែលមាំមួនទៀតផង»៕