ភ្នំពេញៈ ឥទ្ធិពល​នៃ​គំនិត​បែង​ចែក​ពោរ​ពេញ​ទៅ​ដោយ​ភាព​អាត្មា​និយម បាន​ជំរុញ​ឲ្យ​មនុស្ស​ខ្លះ ពេល​ឃើញ​អ្នក​ដទៃ មាន​ចំណុច​ណា​មួយ​អន់​ខ្សោយ​ជាង​ខ្លួន​ក៏មាន​គំនិត​បន្ទាប​បន្ថោក មើល​ស្រាល និង​ថែម​ទាំង​មើល​រំលង​នូវ​ចំណុច​ខ្លាំង​របស់​គេ មិន​ថា ដោយ​ចេតនា ឬ​ដោយ​អ​ចេតនា​នោះ​ក៏​ព្រោះ​តែ​ក្រសែ​ភ្នែក​របស់​គេ សម្លឹង​មើល​ឃើញ​ថា «ខ្លួន​អស្ចារ្យ​ជាង​គេ» ដូច​ពាក្យ​មួយ តែងតែ​និយាយ​លេង​ថា «មាន​អ្នក​ណា​ដល់​អញ!​ក្រៅ​ពី​អញ​មាន​តែ​អញ!»។

បើតាម​ការ​បកស្រាយ​អំពី​គេហទំព័រ ៥០០០ ឆ្នាំ ទៅ​តាម​ពុទ្ធវចនៈ ឲ្យ​ដឹង​ថា៖ «កម្ចាត់​ចោល​ភាព​អាត្មា​និយម​កាន់​តែ​ច្រើន អំណាច​អ្នក​នឹង​កាន់​តែ​ខ្លាំង!​ស្វែងរក​ការ​ចាប់ផ្តើម​គ្មាន​ទី​បញ្ចប់​ទេ កុំ​អនុញ្ញាត​ឲ្យ​ការ​ភ័យ​ខ្លាច​មក​រំខាន​ការងារ​ត្រឹមត្រូវ​របស់​អ្នក​ឲ្យ​សោះ។ របស់​សព្វ​យ៉ាង ដែល​យើង​កំពុង​តែ​ពេញ​ចិត្ត និង​មិន​ពេញ​ចិត្ត​គ្រាន់​តែ​ជា​គ្រឿង​ផ្សំ​មក​ពី​ដី ទឹក ភ្លើង ខ្យល់ តែ​ប៉ុណ្ណោះ ប្រសិន​បើ​លោក​អ្នក​មិន​បាន​ពិចារណា​ឲ្យ​រឿយៗ​ទេ អ្នក​នឹង​ជាប់​ជំពាក់ កាល​បើ​ជាប់​ជំពាក់​អ្នក​មិន​អាច ចាក​ចេញ​ពី​លោក​នេះ​បាន​នោះ​ឡើយ»។

គេហទំព័រ ៥០០០ ឆ្នាំ ក៏​បង្ហាញ​ចំណុច​កុំ​ចំនួន ១០ យ៉ាង ដើម្បី​កម្ចាត់​ចោល​ភាព​អាត្មា​និយម នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដូច​ត​ទៅ៖ «ទី ១ កុំ​ប្រៀប​ធៀប បើ​ចង់​ប្រៀប​ធៀប​ត្រូវ​គិត​ឲ្យ​ឃើញ​ថា ខ្លួន​ខ្លាំង កុំ​ប្រៀប​ធៀប​ឲ្យ​ឃើញ​ថា ខ្លួន​អន់​ថោក​ទាប​ទន់​ខ្សោយ​ជាង​គេ​ធ្វើ​អី។ ទី ២ កុំ​ប្រកួត​ប្រជែង លទ្ធផល​របស់​វា នាំ​មក​តែ​ភាព​ក្តៅ​ក្រហាយ​តែ​ប៉ុណ្ណោះ។ ទី ៣ កុំ​រិះគន់ វា​ជា​អំពើ​របស់​មនុស្ស​ទន់​ខ្សោយ​ទេ ជីវិត​គ្មាន​អ្វី​ទៀង​ទាត់​ឡើយ កង់​ត្រាច​កង់​ធ្នង់ ម្តង​គេ​ម្តង​យើង​ទេ។ ទី ៤ កុំ​ខឹង​ច្រើន បាន​ត្រឹម​តែ​បំផ្លាញ​ខ្លួន​ឯង គ្មាន​បាន​ជួយ​អ្វី​ដល់​យើង​ឡើយ មិន​ចាំ​បាច់​ខឹង​ក៏​គេ​ដោះស្រាយ​បញ្ហា​បាន​ដែរ។ ចំណែក​ទី ៥ កុំ​សោក​ស្តាយ រឿង​កន្លង​ហួស គឺ​ហួស​អស់​ទៅ​ហើយ យើង​អាច​នឹង​កែ​ប្រែ​បាន​នៅ​ថ្ងៃ​ខាងមុខ ដើម្បី​កុំ​ឲ្យ​មាន​កំហុស​តទៅ​ទៀត»។

វិធី ១ ក្នុង​ចំណោម ១០ យ៉ាង​គឺ​សេចក្តី​រីករាយចិត្ត​។ អង្គការ​ពអក​

អំពើ​អាក្រក់​នៅ​ក្នុង​លោក​នេះ​បើ​ទោះ​ជា​មនុស្ស​អាក្រក់​ឲ្យ​មាន​តម្លៃ ក៏​នៅ​តែ​ជា​អំពើ​អាក្រក់ សូម្បី​តែ​មនុស្ស​អាក្រក់​ដូចគ្នា​ក៏​ស្អប់​ខ្ពើម ព្រោះ​ជា​អំពើ​ថោក​ទាប អំពើ​ល្អ​ទោះ​ជា​អ្នក​ណា​មិន​ឲ្យ​តម្លៃ​ក៏​នៅ​តែ​អាច​កម្ចាត់​សភាវៈ​អាក្រក់​បាន​ដែរ។ និរន្តរភាព​នៅ​ក្នុង​លោក​គឺជា​អន្តរកម្ម​រវាង អំពើ​ល្អ​និង​អំពើ​អាក្រក់​ដែល​ប្រយុទ្ធ​ដើម្បី​សាង​អត្ថិភាព​នៃ​លោក​រៀងៗ​ខ្លួន បើ​និយាយ​ឲ្យ​ដល់​ទី​ជម្រៅ​ជីវិត​ជា​សមរភូមិ​នៃ​អាតូម​នេះ​ឯង។

ចំពោះ ៥ យ៉ាង ទៀត​គេហទំព័រ ៥០០០ ឆ្នាំ បាន​បន្ត​ឲ្យ​ដឹង​ថា៖ «ទី ៦ កុំ​បារម្ភ​ច្រើន ក្តីបារម្ភ​មិន​បាន​ជួយ​ឲ្យ​បញ្ហា​នៅ​ថ្ងៃ​ស្អែក​ធូរ​ស្រាល​នោះ​ទេ វា​បាន​ត្រឹម​តែ​លួច​យក​ភាព​រីករាយ​នៅ​ថ្ងៃនេះ​ទៅ​តែ​ប៉ុណ្ណោះ​បើ​ដេក​ឲ្យ​លក់​ភ្ញាក់​ឡើង​មាន​កម្លាំង​ទុក​ដោះ​ស្រាយ​បញ្ហា​នៅ​ថ្ងៃ​ស្អែក​វិញ​ល្អ​ជាង។ ទី ៧ កុំ​ស្តី​បន្ទោស ឲ្យ​តែ​ជា​មនុស្ស​គឺ​នៅ​មាន​កំហុស​ជា​ធម្មតា គេ​ខុស​ហើយ គេ​ក៏​ចេះ​ឈឺចាប់​នឹង​កំហុស​នេះ យើង​មិន​ចាំបាច់​ស្តី​បន្ទោស​បន្ថែម​ទៀត​ទេ ជួយ​គ្នា​ស្វែងរក​ដំណោះស្រាយ​កែប្រែ​កំហុស​វិញ​ល្អ​ជាង។ ទី ៨ កុំ​តូច​ចិត្ត​កុំ​ស្តី​បន្ទោស​ខ្លួនឯង​វាជា​រោគ​សញ្ញា​ធ្លាក់​ទឹក​ចិត្ត​ដែល​នាំ​ឲ្យ​ខូច​សុខភាព​ផ្លូវចិត្ត​ខ្លួនឯង​ទេ ក្រោក​ឈរ​ឡើង ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត លោក​នេះ​មិន​មែន​ត្រូវ​បញ្ចប់​ត្រឹម​នេះ​ទេ។ ទី ៩ កុំ​ភ័យ​ខ្លាច វា​មិន​បាន​ជួយ​ឲ្យ​បញ្ហា​បាន​ធូរ​ស្រាល​នោះ​ទេ វា​កាន់​តែ​ធ្វើ​ឲ្យ​បញ្ហា​ធំ​ឡើង​តែប៉ុណ្ណោះ ដោយសារ​ការ​ភ័យ​ខ្លាច វា​នាំ​យើង​ឲ្យ​ធ្វើ​ខុស​ក៏មាន ឲ្យ​គ្រោះ​ថ្នាក់​ក៏មាន។ រីឯ​ទី ១០ វិញ​គឺ​ការ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ សើច​ពេញ​ចិត្ត​យ៉ាង​តិច​បាន​ម្តង​នៅ​ក្នុង​មួយ​ថ្ងៃៗ ជាពិសេស ពេល​អ្នក​មិន​អាច​លែង​ចោល​រឿង​ខាង​លើ​ណាមួយ​បាន​នោះ»៕