ភ្នំពេញៈ ​អរិយសច្ចៈ​ គឺ​ជា​សច្ចៈ​​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់​ ឬ​ជា​សេចក្ដី​ពិត​ដ៏​ប្រសើរ ដែល​ព្រះពុទ្ធ​ ខិតខំ​ព្យាយាម​ស្វែង​​​​​រក​ស្រាវជ្រាវ​រាវរក​ឃើញ​នោះ​គឺ​ចតុរារិយសច្ចៈ​​។

បើ​​​តាម​សម្រង់​នៃ​​សេចក្តី​ពន្យល់​​​​ក្នុង​​​គេហ​ទំព័រ​ ៥​ ០០០​​ ឆ្នាំ​ បរិយាយ​ឲ្យ​ដឹង​ពី​អរិយសច្ចៈ​​ទាំង​ ៤ ​យ៉ាង​ ដែល​ព្រះ​សម្មាសម្ពុទ្ធ​បាន​រក​ឃើញ​​យ៉ាង​លម្អិត​នោះ​សម្រាប់​ទុក​ឲ្យ​ពុទ្ធ​បរិស័ទ​បាន​​យល់​ដឹង​រួម​​មាន​​ទុក្ខ​សច្ចៈ​ សមុទយ​សច្ចៈ​ និរោធ​​​​សច្ចៈ​​ និង​​មគ្គសច្ចៈ​។​

ចំពោះ​ទុក្ខសច្ចៈ​ព្រះពុទ្ធ​បាន​ពន្យល់​ន័យ​ថា៖ «​ទុក្ខសច្ចៈ​​​គឺ​​ទុក្ខ​ជា​សេចក្ដី​ពិត​ ដែល​​កើត​មាន​​​ដល់​​រូបកាយ​​មនុស្ស​សត្វ​​ គ្រប់​រូប​ ហើយ​មាន​ ១៣ ​កង​គឺ​ជាតិ​ទុក្ខ​ ​កើត​ពី​ការ​ចាប់​កំណើត​​​ ជរា​ទុក្ខ​កើត​ពី​ភាព​ចាស់​គ្រាំ​គ្រា​​ទ្រុឌទ្រោម ​ព្យាធិ​ទុក្ខ​​កើត​អំពី​ជំងឺ​រោគា​នានា​​ មរណ​ទុក្ខ​​កើត​​​ពី​​មរណភាព​​ សោកទុក្ខ​​កើត​ពី​ការ​យំ​សោក បរិទេវទុក្ខ​​កើត​ពីការ​ខ្សឹកខ្សួល​ ​ទួញ​​ទុក្ខ​កើត​ពី​ទុក្ខ​ត្រួត​លើ​ទុក្ខ​ ឬ​ទុញ​គំនិត ទោមនស្ស​ទុក្ខ ​​​កើត​ពី​សេចក្តី​ខឹង​​ក្រោធ​​តូច​ចិត្ត​ ឧបាយាស​ទុក្ខ​ ​កើត​ពី​សេចក្តី​ចង្អៀត​ចិត្ត​ អប្បិយសម្ប​យោគទុក្ខ​​ កើត​ពី​ការ​ជួប​ប្រទះ​វត្ថុ​ខុស​បំណង ​បិយ​​វិប្ប​យោគទុក្ខ​​កើត​ពី​ការ​ជួប​ប្រទះ​នូវ​​វត្ថុ​ខុស​បំណង​​​ យម្បិច្ជំ ន​លភតិ​ តម្បំ​ទុក្ខ​ កើត​​ពី​​​ការ​ព្រាត់ប្រាស់​វត្ថុ​ស្រឡាញ់​​ សង្ខិត​បញ្ចុប្បាទានក្ខន្ធ គឺ​ទុក្ខ​​កើត​​ពី​​ខន្ធ​ ៥ ​យ៉ាង​។

ហើយ​ទុក្ខ​សច្ចៈ​នេះ​ ក៏​​មាន​អគ្គ​ ៤​ ប្រការ​​គឺ​មាន​ ១-​បិឡនៈ​​ការ​បៀតបៀន​ ២-​សំខតៈ​​ការ​ផ្ដុំផ្សំ​​តាក់​តែង​​ ៣-សន្គាបៈ​​ការ​ក្ដៅ​​​​ក្រហាយ​ និង​៤-​​ វិបរិណាបៈ​​ភាព​​ប្រែប្រួល​»។​

ចំណែក​សមុទយសច្ចៈ​ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ​មាន​ទុក្ខា​សេចក្ដី​ពិត​បាន​ដល់​តណ្ហា​ ៣ ​ប្រការ​គឺ​ ១-កាមតណ្ហា​ ចំណង់​នៅ​ក្នុង​កាម​គុណ​ ២-ភវតណ្ហា​ ចំណង់​ក្នុង​ការ​កើត​ក្នុង​ភព​មួយ​មាន​​រូប​នឹង​អរូប​ ៣-វិកវ​តណ្ហា​ ចំណង់​នៅ​ក្នុង​ការ​កើត​ក្នុង​ភព​សូន្យ​។ ខណៈ​តណ្ហា​ក៏​មាន​ដើម​​​កំណើត​​ចេញ​មក​​អំពី​ខន្ធ ​៥ ​ដែរ​​គឺ​មាន​រូបខន្ធ​ វេទនាខន្ធ​សញ្ញាខន្ធ​ សង្ខារក្ខន្ធ​​ និង​ វិញ្ញាណក្ខន្ធ​។

ចំពោះ​រូបខន្ធ​ជា​ការ​ប្រជុំ​ធាតុ​​គឺ​រូប​។ រូប​កើត​មក​អំពី​ការ​ផ្ដុំ​ផ្គុំ​ផ្សំ​ធាតុ​ ៤​ គឺ​ បឋវីធាតុ​ អាបោ​ធាតុ​ ​តេជោ​ធាតុ​ ​វា​យោ​ធាតុ​ (ដី​ ទឹក​ ភ្លើង​ ខ្យល់​)​ ជា​​មហា​កុត​​​​រូប​ ៤​ ហើយ​​នឹង ឧបា​ទាយ​​​​រូប​​ ២៤​ ​ដែល​​មាន​ឥន្ទ្រិយ៍​ ​៥​ ​ជា​​​ដើម​។ វេទនាខន្ធ គឺ​ជា​ការ​ប្រជុំ​ធាតុ​វេទនា​។

វេទនា​ការ​ទទួល ឬ​សោយ​នូវ​អារម្មណ៍​ផ្សេង​ៗ​ដែល​កើត​ឡើង​អំពី​ចិត្ត​រំភើប​ញាប់ញ័រ​ (ចិត្តវេគ)​ ចិត្ត​រំជួល​ (មនោ​សញ្ចេតនា)​ ចិត្ត​ជំនក់​​ជាប់​​ជំពាក់​ (កិលេស)​ វេទនា​ មាន​កំណើត​អំពី​ផស្សៈ​ ការ​​​ប៉ះ​ទង្គិច​ រវាង​ឥន្ទ្រិយ​ និង​វត្ថុ​​​អារម្មណ៍​ ដែល​​អាច​បង្កើត​ជា​​​ឥន្ទ្រិយា​រម្មណ៍​នានា​​គឺ​មាន​​ចក្ខុ​ន្ទ្រិយ​​​បង្កើត​បាន​ជា​រូបា​រម្មណ៍​ សោតិន្ទ្រិយ​បង្កើត​បាន​ជា​​​​សទ្ទា​រម្មណ៍​​ ឃានិន្ទ្រិយ​​បង្កើត​បាន​ជា​គទ្ធារម្មណ៍​ កា​យិន្ទ្រិយ​បង្កើត​បាន​ជា​ជោជ្ឋ​ព្វារម្មណ៍​ ជីវ្ហិន្ទ្រិយ​បង្កើត​បាន​ជា​រសារម្មណ៍​ និង​មនិន្ទ្រិយ​បង្កើត​បាន​ជា​ធម្មារម្មណ៍​។

រីឯ​សញ្ញាខន្ធជា​​ការ​ប្រជុំធាតុ​​សញ្ញា​ កំណត់​ចំណាំ ឬ​សម្គាល់​នូវ​វត្ថុ​អារម្មណ៍​។ សញ្ញា​អាច​ងើប​ឡើង​​ដោយសារ​ការ​ដឹង​ ឃើញ​ យល់​ ស្គាល់​នូវ​អារម្មណ៍​​ផ្សេង​ៗ​ តាម​រយៈ​ អាយតនៈ​ និង​វត្ថុ​អារម្មណ៍​ ខណៈ​សង្ខា​រខន្ធ ជា​ការ​ប្រជុំ​ធាតុ​គឺ​សង្ខារ​។ សង្ខារ​ គឺ​ការ​ផ្សំ​ ការ​តុបតែង​ ផ្ដុំផ្គុំ​ចង​ជា​កម្រង​។ សង្ខារ​មាន​ប្រភព​កើត​មក​អំពី​កម្ម​ ហើយ​កម្ម​ កើត​​មក​អំពី​ចេតនា​ ដោយ​សកម្ម​ភាព​នៃ​ចេតនា​​រួម​មាន​ឫសគល់​ពី​​ឆន្ទៈ​ វិរិយៈ​ មន​សិការ​ អធិមោក្ខ​ សទ្ធា​ សមាធិ​ បញ្ញា​ រាគៈ​​ បដិឃៈ​ មានៈ​ អវិជ្ជា​ និង​សក្កាយ​​ទិដ្ឋិ​។​​ ដោយ​ឡែក​សកម្មភាព​​នៃ​ចេតនា​ទាំង​នេះ​ គឺ​ជា​​កម្ម​វិបាក​ ដែល​បាន​ពី​ការ​​​បង្ក​បង្កើត​​ជា​សង្ខារ​។

ជា​ចុង​ក្រោយ​គឺ​វិញ្ញា​ណក្ខន្ធៈ​ ដែល​ជា​ការ​ប្រជុំ​ធាតុ​​​​វិញ្ញាណ​។ វិញ្ញាណ​គឺ​ជា​គ្រឿង​ដឹង ការ​ដឹង​បាន​នូវ​​អារម្មណ៍​ផ្សេង​ៗ​ ឬក៏​​​​ជា​ប្រតិកម្ម​ ឬ​ជា​ចម្លើយ​មួយ​នៃ​ឥន្ទ្រិយ៍ ​ ដែល​នាំ​ឲ្យ​យើង​បាន​ដឹង​​យល់​ ឬ​ស្គាល់​ នៅ​លោក​​ខាង​​​​ក្រៅ ​និង​ខ្លួន​ឯង​ដោយ​សារ​​​តែ​ការ​ប៉ះ​ទង្គិច​គ្នា​ ​រវាង​សភាព​នៃ​​​ឥន្ទ្រិយា​​រម្មណ៍​ ​និង​វត្ថុ​​អារម្មណ៍៕​