ភ្នំពេញ៖ ថ្មីៗ​នេះ ​តារា​ចម្រៀង និង​​​សម្តែង​​​ស្រី​​ស្រស់ ពេ​ជ្រ សូលីកា និង​ស្វាមី​ មិន​ទាន់​​រៀប​ការ ​​​​បាន​​​ត្រឹម​​តែ​​ភ្ជាប់​ពាក្យ​កាល​ពី​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ​ ​២០១៩ ​​ព្រោះ​តែ​​បច្ចុប្បន្ន​​ ពោះ​នាង​​​​កាន់​​តែ​ធំ​ ជិត​​សម្រាល​​បុត្រ​​ដំបូង​ ហើយ​​​​ក៏​សម្រេច​លុប​ចោល​ពិធី​មង្គលការ​ ​កំពុង​តែ​​សកម្ម​​ទង្វើ​សប្បុរសធម៌​ដោយ​ការ​​វេច​ខ្ចប់​បាយ​ម្ហូប​ដាក់​ប្រអប់​ ​យក​​ទៅ​ចែក​ជូន​ដល់​បុគ្គលិក​ដឹក​ជញ្ជូន​​អីវ៉ាន់ និង​ក្រុម​គ្រូពេទ្យ​នៅ​ក្រុង​ភ្នំពេញ​ជា​ការ​លើក​ទឹក​ចិត្ត​​​​ផង​​​ដែរ ក្រោយ​​ពី​ស្ងប់​រឿង​​​ពិបាក​​​​នៅ​ក្នុង​ចិត្ត​​ សឹង​តែ​​​កើត​ជំងឺ​ស្រេ្តស​​មក​​​នោះ។​ ​

តារា​​សម្តែង និង​ចម្រៀង​អ្នកនាង​ ពេជ្រ សូលីកា ដែល​អាច​បញ្ចប់​អាជីព​មួយ​​​នេះ​នាពេល​ខាង​មុខ តាមរយៈ​ការ​​កសាង​គ្រួសារ​មួយ​នៅ​លើ​ទឹក​ដី​អូស្ត្រាលី ហើយ​នឹង​សម្រាល​កូន​ទី១ នៅ​​ខែ​កក្កដា ​ឆ្នាំ ២០២០ ខាង​មុខ​នេះ​ហើយ​មើល​ទៅ​នោះ​ ខណៈ​មហាជន​ក៏​​និយាយ​ដែរ​​ថា ពេជ្រ សូលីកា ទំនង​ជា​​​​នឹង​ដើរ​តាម​គន្លង​​នៃ​អតីត​​​តារា​ស្រី​មួយ​​ចំនួន​មាន​ប្តី​ទៅ​រស់នៅ​អូស្ត្រាលី​ដែរ​ មាន​ដូចជា​ អ្នកនាង ដាញ់ ម៉ូលីកា អ្នកនាង អឿន ដាលីស និង​អ្នក​​​​​នាង សុខ ច័ន្ទណានូ ជាដើម។​

គួរ​រំឭក​ផង​ដែរ​ថា អ្នក​នាង ពេជ្រ សូលីកា បាន​ភ្ជាប់​ពាក្យ​ជាមួយ​​អតីត​សង្សារ​របស់​អ្នក​​​​​​នាង ថៃ នារីសុជាតា គឺ​​​លោក គឹម ហាន ទាំង​​​​មាន​ភាព​ចម្រូង​​​ចម្រាស ​ហើយ​ពេលនេះ ​នាង​ក៏​បាន​​​​ព​ពោះ​កូន​ដំបូង​ជាង ៥ ខែ ទៅ​ហើយ​នោះ​ ដោយ​បាន​​លុប​ចោល​នូវ​​គម្រោង​​ចូល​រោងការ​ នៅ​ឆ្នាំ ២០២០ នេះ ព្រោះ​​​តែ​ពោះ​កាន់​តែ​​រីក​ធំ ហើយ​​ម្តាយ​​បង្កើត​​​ជាប់​គុក​ទៀត​ផង​​​នោះ​។​

ប្តី​ប្រពន្ធ​ ពេជ្រ សូលីកា នាំយកបាយ​ ២០០ ប្រអប់ជូន​គ្រូ​ពេទ្យ​​​។ រូបថត ហ្វេសប៊ុក

ប៉ុន្តែ​ទង្វើ​ល្អៗ​របស់​តារា​ស្រី​ កំពុង​មាន​ពោះ​​​ពុង​នេះ ក៏​ត្រូវ​គេ​​ឃើញ​ផង​ដែរ​ ខណៈ​ពេល​​ប្រទេស​​​​មាន​​វិបត្តិ​​​​​ជាមួយ​​​​ជំងឺ​​ឆ្លង​កូវីដ ​១៩ ដែល​​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ ហើយ​ក៏​​ប៉ះពាល់​ដល់​​ជីវភាព​​​​​សេដ្ឋកិច្ច​គ្រួសារ​​បងប្អូន​​ខ្មែរ​​​​​ផង​ដែរ​​​នោះ ទើប​​​​ប្តី​ប្រពន្ធ ​១ គូ​នេះ​ ប្រកាស​ចែក​​ជូន​​បាយ​​​​ម្ហូប​ដល់​បង​​ប្អូនខ្មែរ ជា​ពិសេស​អ្នក​​​មាន​មុខ​​របរ​​ជា​អ្នក​ដឹក​ជញ្ជូន​អីវ៉ាន់​ក្នុង​ទីក្រុង​ភ្នំពេញ​​ចំនួន​ ១៥០ កញ្ចប់ និង​ក្រុម​គ្រូ​ពេទ្យ​ចំនួន​ ២០០ កញ្ចប់​​ នៅ​​​​មន្ទីរ​ពេទ្យ​ខ្មែរ-សូវៀត ដោយ​​ជូន​ក្នុង​ម្នាក់ៗ​បាយ ​១ ប្រអប់ ទឹក​សុទ្ធ ២ ​ដប ព្រម​​​ទាំង​ចែក​ជូន​ជា​ថវិកា​ចំនួន ១០ ដុល្លារ​ទៀត​ផង ពី​ហាង​អាហារ​ខ្លួន​ដែល​មាន​ឈ្មោះ​ថា «Bai Sra»។​

អ្នកនាង​ ពេជ្រ សូលីកា បាន​​ប្រកាស​​​តាម​ហ្វេសប៊ុក​ចែក​បាយ​ម្ហូប​ប្រអប់​ចំនួន​ ១៥០ កាល​ពី​ថ្ងៃទី ​១១ ខែ ​មេសា ឆ្នាំ ​២០២០ ជាមួយ​សារ​ដ៏​វែង​​​អន្លាយ​​នោះ​ថា៖ «នាង​​ខ្ញុំ​សូម​ជម្រាប​​​សួរ​ដល់​ពុក​ម៉ែ បងប្អូន​ទាំង​អស់​គ្នា ​ថ្ងៃ​នេះ​ ខ្ញុំ​សូម​ជូន​​ដំណឹង​ដល់​បងៗ ​​ជា​អ្នក​ដឹក​ជញ្ជូន​អីវ៉ាន់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ មិន​ថា​អ្នក​មាន​​ឯកសណ្ឋាន​​ប្រចាំ​ក្រុមហ៊ុន​ ឬ​មិន​មាន​ឯកសណ្ឋាន​​នៅ​ក្រុមហ៊ុន​ណា​ក្ដី​ នាង​ខ្ញុំ​ សូម​ជូន​ដំណឹង​ដល់​ពួក​គាត់​​ទាំង​អស់​​​គ្នា​ឲ្យ​ជ្រាប​ថា នាង​ខ្ញុំ​ និង​ក្រុម​គ្រួសារ​បាន​ធ្វើ​បាយ​ម្ហូប​ចំនួន ​១៥០ ប្រអប់​ ព្រម​ទាំង​ភេសជ្ជៈ ​ក្នុង​​​​នោះ​​ក៏​មាន​ ជែល​លាងដៃ ​សម្លាប់​មេរោគ ​ជូន​​​ពួក​គាត់​​ផង​ដែរ​ ក្នុង​គោល​បំណង​លើក​​​ទឹក​​ចិត្ត​ពួក​គាត់​»​។

សារ​នោះ​ក៏​បន្ត​ថា៖ «ដោយ​​ចំនួន​មាន​កំណត់​ត្រឹម​តែ ១៥០ នាក់​តែ​ប៉ុណ្ណោះ​ ពួក​​​យើង​ធ្វើ​តាម​លទ្ធភាព​​​អាច​​​​ធ្វើ​បាន ​ឆ្លៀត​​ឱកាស​​នេះ ​នាង​ខ្ញុំ និង​​​ក្រុម​គ្រួសារ សូម​ជូនពរ​​​ក្នុង​ឱកាស​បុណ្យ​ចូល​​ឆ្នាំ​ប្រពៃណី​​ខ្មែរ​នេះ សូម​ឲ្យ​បង​ប្អូន​ប្រជាជន​ខ្មែរ​ទាំង​អស់​ទាំង​នៅ​ក្នុង​ស្រុក និង​​នៅ​ក្រៅ​ស្រុក​ សូម​ឲ្យ​ជួប​ប្រទះ​សេចក្ដីសុខ​ ជា​ពិសេស​សូម​ឲ្យ​​ចៀស​ផុត​ពី​ជំងឺ​រាតត្បាត​ផ្សេងៗ​​ ​និង​​​សុខភាព​ល្អ​ទាំង​អស់​គ្នា​»៕​