ភ្នំពេញ៖ ទើប​​តែ​គេ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​តារា​​​ចម្រៀង​ស្រី​​ចាស់​វស្សា​នៅ​ហង្សមាស​ ​មាន​រូប​​​សម្រស់​កាន់​តែ​ផូរផង់ ​​ស្រស់​ស្អាត​ជាង​​មុន​ បង្ហើប​​​រឿង​តំណែង​ CEO នោះ​ ឥឡូវ​ក៏​ស្រាប់​តែ​ចេញ​​​ច្បាស់់​​ក្រឡែត​​ថា អ្នកនាង ពេជ្រ សោភា ទំនង​ជា​កាន់​តំណែង​នេះ​ ​ជាមួយ​នឹង​​ក្រុមហ៊ុន​​លក់​​ផលិតផល​រក្សា​សម្រស់​នាំ​​មក​ពី​ប្រទេស​​កូរ៉េ​ខាង​ត្បូង​។

នេះ​​បើ​តាម​សារ​ជាចុង​ក្រោយ​របស់​តារា​ចម្រៀង​ស្រី​​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ព្រៃវែង អ្នកនាង ពេជ្រ សោភា បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​ខ្លួន​ថា៖ «​SP Bella 016877778 ម្ចាស់ clinic​ បាន​លក់​សិទ្ធិ​ផ្តាច់​មុខ​ឲ្យ​ខ្ញុំ គ្រប់​ផលិតផល​ទាំង​អស់​ដែល​មាន​ក្នុង clinic ហើយ​គេ​មិន​បំពាន​លើ​ការ​សហការ​គ្នា​នេះ​ឡើយ។​ គាត់​​​បាន​ផ្ញើ​ឆាត​ដែល​អ្នក​ទាំង​អស់​គ្នា​ឆាត​ទៅ​គាត់​ឲ្យ​ខ្ញុំ​មើល ចង់​ប្រាប់​ទៅ​អ្នក​ទាំង​អស់​គ្នា​ដែល​ឆាត​ទៅ​គាត់​ថា គាត់​មិន​បំពាន​សិទ្ធិ​ក្នុង​ការ​សហការ​ផ្តាច់​មុខ​នេះ​ទេ។ ឆាត​ទៅ​គាត់​ក៏​គាត់​រុញ​ឲ្យ​មក​ទាក់ទង​ខ្ញុំ​ដែរ។ ​បើ​ចង់​​បាន​ order ពី​ខ្ញុំ​មក​»។

បើ​តាម​លិខិត​បញ្ជាក់​ពី​ម្ចាស់​ក្រុមហ៊ុន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​​​នោះ​ ឈ្មោះ​​ថា Zion Co., ltd. ហើយ​ក្រុមហ៊ុន​នៅ​កម្ពុជា​​​​មាន​ឈ្មោះ​​ថា Zion​ Cosmetics Cambodia ដែល​មាន​តារា​ចម្រៀង​​​ស្រី​ល្បី​នៅ​ទ្រនំ​ហង្សមាស ពេជ្រ ​សោភា​ ជា​តំណាង​​តែ​ម្តង​។ កាល​ពី​រសៀល​ម្សិលមិញ​នេះ ភ្នំពេញ​ប៉ុស្តិ៍​ទំនាក់​ទំនង​សួរ​​បញ្ជាក់​រឿង​ការ​​បើក​​​ក្រុមហ៊ុន ឬ​អ្នក​នាង​ពិត​ជា​CEO ក្រុមហ៊ុន​នោះ​ ឬ​យ៉ាង​ណា​ពី​តារា​ចម្រៀង​ស្រី​ ពេជ្រ សោភា ដែរ​ដោយ​​​អ្នកនាង​បាន​លើក​ទទួល​ទូរស័ព្ទ​ តែ​មួយ​​ភ្លែត​ឆ្លើយ​​ថា៖ «​ខ្ញុំ​​​​សុំ​ពេល ​១-២ នាទី​ សិន​​ដើម្បី​និយាយ​ជាមួយ​ម្តាយ​​នាង​ខ្ញុំ​សិន​ ចាំ​បង​តេ​​មក​ខ្ញុំ​ម្តង​ទៀត​បាន​ទេ?​» ខណៈ​ការ​ទំនាក់ទំនង​ជា​ច្រើន​​ដង​លើក​​ក្រោយ​​​​ទូរស័ព្ទ​​របស់​អ្នកនាង​​​​គ្មាន​​អ្នក​លើក​ទទួល​នោះ​​​​ឡើយ​​។

តារា​​ចម្រៀង​​លំដាប់​កំពូល​ទ្រនំ​​ហង្ស​មាស ដែល​​​ឈរ​​ជើង​បាន​​​យូរ​អ្នក​នាង ពេជ្រ សោភា ត្រូវ​​មហាជន​​កើត​​​​​​សេចក្តី​មន្ទិល​​​ងឿង​ឆ្ងល់​ ខណៈ​ស្ងាត់ៗ​ក៏​ស្រាប់​តែ​​អ្នកនាង ពេជ្រ សោភា ​​បង្ហើប​​រឿង​ពាក្យ​ជា​ភាសា​​​អង់គ្លេស​​ ៣ ​តួ ​​គឺ​អក្សរ​ ​CEO ដែល​មាន​ន័យ​​​ថា​ជា​​​មុខ​តំណែង​ធំ​មួយ​របស់​ក្រុមហ៊ុន​។ តារា​ចម្រៀង​ស្រី​ ​​ដែល​មាន​​​ប្រជាប្រិយភាព​ល្បីល្បាញ​ស្របាលៗ​​​គ្នា​នឹង​​តារា​​​​​រួម​​​ជំនាន់​​​​ ​ដូច​ជា​​ ឱក សុគន្ធ​​កញ្ញា និង​​​​អ្នកនាង​ សុគន្ធ នីសា ដែរ​​​នោះ​​ក៏​​បង្ហោះ​​​​​សារ​​ថា៖ «ពាក្យ​ថា CEO ជា​អ្វី?​ ហើយ C នាម​ជា​អី? E នាម​ជា​អី? O នាម​ជា​អី?​ ៣ ​តួ​អក្សរ​នេះ​ មាន​ន័យ​​ណាស់ CEO​​​ កុំ​យក​​ពាក្យ​​បាក់​ទឹក​ចិត្ត​ឲ្យ​មនុស្ស​​កំពុង​បាក់​ទឹក​ចិត្ត​​ស្តាប់​ កុំ​និយាយ​រឿង​ប្តី​មើល​ងាយ​​ប្រពន្ធ​ឲ្យ​អ្នក​បាក់​ទឹក​​ចិត្ត​​ស្តាប់​ កុំ​​និយាយ​រឿង​​​ម្តាយ​ក្មេក​មើល​ងាយ​​​ឲ្យ​អ្នក​​បាក់​ទឹក​ចិត្ត​​ស្តាប់​​ បើ​ខ្ញុំ​និយាយ​ត្រង់​ណា​ខុស​​ នាង​​ខ្ញុំ​​សុំទោស​​ផង»៕​