ភ្នំពេញ: ជាមួយ​នឹង​រូបឆោម​សម្ផស្ស​ក៏​ស្រស់ថ្លា​ខ្លាំង​ឡើង ស​ចាំង​ដូច​ក្រមុំ​វ័យ​ក្រោម ២០ ឆ្នាំ តារា​សម្តែង​ឆ្លងកាត់​ព្យុះ​ជីវិត​រង​ហិង្សា​យ៉ាង​អយុត្តិធម៌​ពី​អតីត​សង្សារ​ជា​សែ​ឧកញ៉ា​ល្បី កញ្ញា ពេជ្រ អាវីហ្សា ហាក់​មាន​អារម្មណ៍​ស្រស់​ស្រាយ​ឆ្ងាយ​ពី​រឿង​ជីវិត​ដ៏​ខ្លោច​ផ្សា ដោយ​នាង​តែង​បង្ហាញ​វត្តមាន​មុខ​កាណុង​កាមេរ៉ា និង បទ​ចម្រៀង​ខារ៉ាអូខេ​ផង​ដែរ។

តែ​យ៉ាងណា បុប្ផា​ចាយ​សម្រស់​លើ​វិថី​សិល្បៈ រមែង​ជួប​រឿង​ខ្លោចផ្សា​រូប​នេះ ហាក់​មិន​ទាន់​មាន​ភាព​ក្លាហាន សង្វាត​រក​ម្ចាស់​ឃុំគ្រង​បេះដូង​កំព្រា​របស់​នាង​នៅ​ឡើយ​ទេ។

ស្រី​ស្រស់​សាច់​សខ្ចី ដើមទ្រូង​សិច​ស៊ី កញ្ញា ពេជ្រ អាវីហ្សា បានបង្ហាញ​ភាពស្រស់​ស្រាយ​ខ្លាំង ជាមួយ​នឹង​រូប​ឆោម​សម្ផស្ស​ទាក់​ភ្នែក​បុរស គ្រា​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​សម្ពោធ​ឃ្លាំង​លក់​រថយន្ត តារា​សម្ដែង​សិចស៊ី នាង​ដេននី ក្វាន់ ថ្មីៗ​នេះ។

ក្នុង​រូបឆោម​សម្ផស្ស​ដ៏​ស្រស់ស្អាត ឆ្លុះ​សាច់​ស ម៉ដ្ឋ​រលោង​ពី​អាវប៉ាក់​ពណ៌​ក្រហម​ព្រឿងៗ ទាំង​ស្ត្រី​ជា​តារា​ដូចគ្នា​ក៏​ពោល​ពាក្យ​បែប​ច្រណែន កញ្ញា ពេជ្រ អាវីហ្សា ក្នុង​គ្រា​នោះ​ដែរ នាង​ក៏បាន​ស្វាគមន៍​នូវ​សំណួរ​អ្នក​ព័ត៌មាន ក្នុង​ចម្លើយ​ក្បោះ​ក្បាយ​ផង​ដែរ។

ទាក់ទិន​នឹង​ការសម្រេចចិត្ត​លើ​ខ្សែជីវិត​ទៅ​ថ្ងៃ​អនាគត ក្នុងនោះ​តារា​ស្រី​រូបនេះ​ក៏បាន​បង្ហើប​ចម្លើយ​ចំៗ​ថា៖ «មក​ដល់​ពេល​នេះ គឺ​បេះដូង​ខ្ញុំ​នៅ​មិន​មាន​ជាប់​ជំពាក់ និង​បុរស​ណា​ម្នាក់​នោះ​ទេ»។

យ៉ាងណាមិញ ស្រី​ស្រស់​ពេជ្រ អា​វីហ្សា ដែលជា​សះ​ពីរ​បួស​ផ្ទៃមុខ​ដ៏​សខ្ចី និង​រាងកាយ​រឹតតែ​ស្អាត​ជាង​មុន​នោះ បាន​បង្ហើប​ឲ្យ​ដឹង​ផង​ដែរ​ថា៖ «សព្វថ្ងៃ​មាន​បុរសៗ​ច្រើ ន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ទាក់ទង​សុំ​ស្រឡាញ់ ប៉ុន្តែ​សម្រាប់​ខ្ញុំ ចម្លើយ​អ្វី​ក៏​មិន​បាន​ផ្តល់​ទៅ​ឲ្យ​ខាង​ណា​ដែរ»។

ក្នុង​ភាព​ដ៏​រឹងមាំ​បង្ហាញ​ពី​ជំហរ​បេះដូង មិន​សាទរ​ស្នេហា ដែល​កំពុង​តម្រង់​ជួរ​គ្នា​មុខមាត់​ទ្វារ​បេះដូង​នេះ ស្រី​ស្រស់ ពេជ្រ អាវីហ្សា ដែល​ធ្លាប់​រង​ភាព​ខ្លោចផ្សា​ខ្លាំង ពី​លទ្ធផល​ស្នេហា​ជាមួយ​បុរស​វ័យ​ក្មេង​សម្បូរ​ទ្រព្យ ឈ្មោះ ហ៊ា ហេង ដែល​បាន​ប្រើ​ហិង្សា​មក​លើ​រូប​នាង នាំ​ឲ្យ​បង់​អស់​រូប​ឆោម​សម្ផស្ស​នោះ នាង​ក៏បាន​បន្ត​ថា៖ «ការ​សម្រេច​ចិត្ត​លើក​នេះ មិន​មែន​ក្រឡេក​ឃើញ​ក៏​សម្រេច​ចិត្ត​ភ្លាមៗ​ទេ​គឺ​ត្រូវការ​ពេលវេលា​ច្រើន​ណាស់​មុន​នឹង​សម្រេច ព្រោះ​ខ្លាច​ដើរ​ជាន់​គន្លង​ចាស់​ទៀត»។

មនុស្ស​ជាច្រើន​ក៏​ដឹង​ដែរ​ថា នាង​ពេជ្រ អាវីហ្សា មុននេះ​ក៏​ធ្លាប់មាន​សង្សារ​បុរស​វ័យក្មេង​សម្បូរ​ទ្រព្យ​ជាប់​សែ​ឧកញ៉ា​ផង តែ​ស្នេហា​លើ​បង្គង​ទ្រព្យ​ស្តុក​នោះ​មិន​បាន​ឲ្យ​នាង​មាន​ក្តី​សុខ​នោះ​ឡើយ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ក្រៅ​ពី​ប្រចណ្ឌ​នាង​ខ្លាំង ក៏បាន​បង្ក​ហិង្សា​លើ​នាង​ខ្លាំង។ គួរ​រំឭក​ដែរ​ថា ហេតុការណ៍​ផ្ទុះ​ហិង្សា​មក​លើ​តារា​ស្រី​កញ្ញា ពេជ្រ អាវីហ្សា បាន​កើត​ឡើង​នៅ​រាត្រី​ថ្ងៃទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៦ នៅ​ឯ​ក្លិប​កម្សាន្ត​ស្កាយ ទឹកដី​ខេត្ត​ព្រះសីហនុ ខណៈ​នាង និង​ក្រុម​គ្រួសារ​ទៅ​សម្រាក​លម្ហែកាយ​នៅ​ទីនោះ។

យ៉ាងណាមិញ មូលហេតុ​ដែល​នាំ​ឲ្យ​អតីត​ជា​សង្សារ​ឈានដល់​ការប្រើ​ហិង្សា​មក​លើ​រូបនាង មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ពិស្ដារ​ឡើយ ដោយ​មាន​ត្រឹម​តែ​ព័ត៌មាន​ថា ករណី​ប្រើ​ហិង្សា​បែប​នេះ​គឺ​កើត​ឡើង​ជា​ច្រើន​ដង​មក​ហើយ​ដែរ។

ទំនង​ដោយសារ​ការចងចាំ អនុស្សាវរីយ៍ អ្នកមាន​ទ្រព្យ​ស្តុក ក្នុង​ភាព​ជូរចត់​នោះ​ហើយ ទើប​ពេល​នេះ កញ្ញា ពេជ្រ អាវីហ្សា ក៏បាន​ប្រាប់​អ្នក​ព័ត៌មាន​ថា៖ «ខ្ញុំ​មិន​ចង់​បាន​សង្សារ​ជា​កូន​អ្នក​មាន​ដូច​មុន​ទៀត​ឡើយ។ ខ្ញុំ​សុំ​ពេល​បិទ​បេះដូង​មួយរយៈ​ព្រោះ​តែ​ខ្លាច​ជួប​ដូច​រឿង​ចាស់»។

តារា​សម្ដែង​រូបនេះ​ក៏​បញ្ជាក់ថា៖ «ពេលនេះ ពិតជា​មិន​ខ្វះ​បុរស​ទាំង​ក្នុង និង​ទាំង​ក្រៅ​ស្រុក​តាម​ស្រឡាញ់​ខ្ញុំ​មែន»៕