ភ្នំពេញ: ព្រឹត្តិការណ៍​ប្រណាំង​ស៊ីក្លូ​ឆ្នាំ​ ២០១៩ លើក​ទី ៣ ដែល​ផ្តួចផ្តើម​ឡើង​ដោយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (​ស.ទ.ទ.ក​) នឹង​ចាប់ផ្តើម​កម្មវិធី​នៅ​ថ្ងៃទី​ ២២ ដល់ ២៣ ខែ​មិថុនា​ខាង​មុខ​នេះ​នៅ​បរិវេណ​សួនច្បារ​ព្រះនាង​បញ្ញា​បូរមី ជិត​សណ្ឋាគារ​សុខា​ភ្នំពេញ​ក្រោយ​ខកខាន​ជាង ២ ទសវត្សរ៍​។

ការប្រណាំង​ស៊ីក្លូ​ជា​ព្រឹត្តិការណ៍​ដែល​ប្រារព្ធ​បាន ២ ​ដង​រួច​មកហើយ​កាលពី​ឆ្នាំ​ ១៩៩៥ និង​ឆ្នាំ​ ១៩៩៧ ក្នុង​គោលបំណង​បង្ហាញ​ពី​ភាពស្រស់​ស្អាត​នៃ​ទីក្រុង​ភ្នំពេញ​ដែល​អម​ទៅ​ដោយ​ស៊ីក្លូ និង​ចង់​រំឭក​ដល់​យុវជន​ក្នុង​សម័យ​បច្ចុប្បន្ន​អំពី​របរ​រត់​ស៊ីក្លូ​តាំងពី​បុរាណកាល ដើម្បី​កុំ​ឲ្យ​ភ្លេច​នូវ​អ្វី​ដែល​ជា​កេរមរតក​ដើម​ថែម​ទាំង​អាច​ជួយ​សម្រួល​ដល់​ជីវភាព​នៃ​អ្នករត់​ស៊ីក្លូ​ផង​ដែរ​។

លោកស្រី ឆាយ ស៊ីវលីន ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ជា​អនុប្រធាន​សហព័ន្ធ​ទេសចរណ៍​អាស៊ាន​បាន​ថ្លែង​មក​ភ្នំពេញ-ប៉ុស្តិ៍​ថា​៖ «​សម្រាប់​កម្មវិធី​ប្រណាំង​ស៊ីក្លូ​នេះ យើង​ធ្វើ ២ ​ថ្ងៃ​នៅ​ថ្ងៃ​ទី​ ២២ និង​ទី​ ២៣​។ ប៉ុន្តែ​នៅ​ថ្ងៃទី​ ២២ មិន​ទាន់​មាន​ការប្រណាំង​ស៊ីក្លូ​ទេ ព្រោះ​វា​ជា​ថ្ងៃ​ចាប់ផ្តើម​នៃ​កម្មវិធី ដើម្បី​អបអរ​ចំពោះ​ព្រឹត្តិការណ៍​ដែល​កើតឡើង និង​ទទួល​ការបរិច្ចាគ​ពី​សប្បុរសជន​ដូចជា សម្ភារ​ផ្សេងៗ​ដែល​ឈប់​ប្រើ​មក​ចែកជូន​ដល់​អ្នក​ប្រណាំង​ស៊ីក្លូ រួម​នឹង​មាន​អម​ដោយ​តន្ត្រី និង​លក់​ផលិតផល​នានា​នៅក្នុង​កម្មវិធី​នេះ​។ ចំណែក​ថ្ងៃទី​ ២៣ គឺ​យើង​ផ្តើម​ប្រកួត​តាំងពី​ម៉ោង ៨ ​ព្រឹក និង​ចែកជូន​នូវ​រង្វាន់​សម្រាប់​អ្នកឈ្នះ​ក្នុង​ការប្រកួត​»​។

សន្និសីទ​សារព័ត៌មាន​ស្ដីពី​ព្រឹត្ដិការណ៍​ប្រណាំង​ស៊ីក្លូ​នា​ចុង​សប្ដាហ៍​នេះ​។ រូបថត សហការី

ចំពោះ​អ្នកចូលរួម​ប្រណាំង​ស៊ីក្លូ​មាន​ចំនួន ១៣៨ ​នាក់​ដែល​មាន​អាយុ​ចាប់ពី ៤០ ​ឆ្នាំ​ឡើង​នៅ​មាន​បុគ្គលិក​លក្ខណៈ​រឹងមាំ និង​ប្រកួត​ដោយ​ក្រម​សីលធម៌ ដែល​ត្រូវ​បាន​ជ្រើសរើស​ពី​សមាគម​អភិរក្ស​ស៊ីក្លូ​ថែម​ទាំង​មាន​ការពិនិត្យ​សុខភាព​មុន​ចូល​ប្រកួត​។

លោកស្រី​បាន​ឲ្យ​ដឹងថា​៖ «​សម្រាប់​អ្នក​ទទួល​បាន​ជយលាភី​លេខ​​ ១ លេខ​ ២ និង​លេខ​ ៣ នឹង​ទទួល​បាន​មេដាយ​ដែល​ធ្វើការ​ប្រគល់​ជូន​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ថោង ខុន និង​ទឹកប្រាក់ ១០០ ​ដុល្លារ​សម្រាប់​អ្នក​ឈ្នះ​ការប្រកួត​លេខ​ ២ ទទួល​បាន ៨០ ​ដុល្លារ ទី​ ៣ ចំនួន ៦០ ​ដុល្លារ​។ ចំណែកឯ​អ្នក​ដែល​ចាញ់​ក្នុង​ការប្រកួត​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ចំនួន ១០ ​ម៉ឺន​រៀល​ម្នាក់​។

ការប្រណាំង​ស៊ីក្លូ​ដ៏កម្រ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ចូលរួម​សហការ​ជាមួយ​នឹង​ក្រសួង​ទេសចរណ៍ គណៈកម្មការ​ជាតិ​អូឡាំពិក សាលារាជធានី​ភ្នំពេញ និង​មាន​ការគាំទ្រ​ពី​ស្ថាប័ន​នានា​ផ្នែក​សន្តិសុខ​ ដើម្បី​លើក​ទឹកចិត្ត និង​គាំទ្រ​ដល់​ប្រជាជន​ដែល​ប្រកបមុខរបរ​រត់​ស៊ីក្លូ​។

ក្រុម​អ្នករត់​ស៊ីក្លូ​អង្គុយ​រង់ចាំ​ម៉ូយ​នៅ​តាម​ចំណត​ផ្សារ​នានា​។ហេង ជីវ័ន

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី ឆាយ ស៊ីវលីន បន្ត​ទៀត​ថា​៖ «​ការប្រារព្ធ​ពិធី​នេះ​ឡើង​គោលការណ៍​សំខាន់​គឺ​គ្រាន់តែ​ចង់​ដាស់​សតិ​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មក​គាំទ្រ​នូវ​យានជំនិះ​បុរាណ​យើង​មួយ​នេះ (​ស៊ីក្លូ​) ហើយ​ក៏​ចង់​ផ្សព្វផ្សាយ​អ្វី​ដែល​ជា​របស់​ខ្មែរ​យើង​មាន​ទៅ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើម្បី​សាក​ធ្វើ​ដំណើរ​កម្សាន្ដ​យឺតៗ លម្ហែកាយ​មើល​ទេសភាព​យ៉ាង​ត្រជាក់​ភ្នែក​មិន​ថា​នៅក្នុង​ក្រុង​ភ្នំពេញ ឬ​តាម​កន្លែង​ទេសចរណ៍​នានា​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ថ្ងៃ​សម្រាក​ពី​ការងារ​»​។

លោកស្រី​បាន​បញ្ជាក់​ថា​ការបង្កើត​កម្មវិធី​ប្រណាំង​ស៊ីក្លូ​មិន​ត្រឹម​តែ​ភាព​សប្បាយរីករាយ​ដល់​អ្នកចូលរួម​ក្នុង​កម្មវិធី និង​ជួយ​អភិរក្ស​ដល់​មុខរបរ​របស់​ដូនតា​មាន​តាំងពី​សម័យមុន​នោះ​ទេ ថែមទាំង​ជួយ​លើកស្ទួយ​ដល់​វិស័យ​ទេសចរណ៍ ជាពិសេស​បង្ហាញ​អ្វី​ជា​អត្តសញ្ញាណ​សម្រាប់​ជាតិ​ដែល​មាន​ស្រាប់ ព្រោះ​ស៊ីក្លូ​គឺជា​យានជំនិះ​មួយ​ប្រភេទ​សម្រាប់​ទេសចរ​៕