កាស្មៀរ៖ យោងតាមមន្ដ្រីនាយកដ្ឋានទេសចរណ៍បានឱ្យដឹងថា ភ្ញៀវចន្លោះពី ២០ ទៅ ៣០ នាក់ បានធ្វើដំណើរមកដល់រៀងរាល់ថ្ងៃអំឡុងខែកក្កដា ឆ្នាំ ២០២០ ហើយតាំងពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងទៅ វាមានភ្ញៀវជាង ១ ពាន់នាក់ ក្នុងមួយថ្ងៃ។
ការធ្លាក់ចុះនៃអត្រាឆ្លងជំងឺសកលនៅ ចាមមុ និងកាស្មៀរ ក៏ដូចជាការធ្លាក់ព្រឹលយឺតយ៉ាវនៅចុងខែធ្នូ និងខែមករានេះ បានអន្ទងចិត្ដភ្ញៀវទេសចរកាន់តែច្រើនក្រោយធ្លាក់ ១៦ ខែ មកកម្សាន្ដនៅតាមជ្រលងនេះ។
នាយកនាយកដ្ឋានទេសចរណ៍កាស្មៀរ លោក នីសារ វ៉ានី បាននិយាយថា៖ «ចាប់ពីថ្ងៃបុណ្យគ្រិសស្មាស់ ការមកដល់របស់ភ្ញៀវមានការកើនឡើងគួរឱ្យកត់សម្គាល់។ ទោះបីជាប្រឈមនឹងវិបត្ដិសកល មនុស្សមានជំនឿចិត្ដក្នុងការធ្វើដំណើរ។ តាំងពីមានវ៉ាក់សាំងមក យើងរំពឹងថា ភ្ញៀវនឹងបន្ដកើនឡើងទៀត»។
លោកនិយាយថា ភ្ញៀវពី ២០ ទៅ ៣០ នាក់ ក្នុងមួយថ្ងៃអំឡុងខែកក្កដា ឆ្នាំ ២០២០ ហើយបន្ដកើនឡើងរហូតដល់ ១ ពាន់នាក់ក្នុងមួយថ្ងៃតាំងពីថ្ងៃបុណ្យគ្រិសស្មាស់។
យ៉ាងណាមិញ លម្ហូភ្ញៀវទេសចរត្រូវបានបង្អាក់ក្រោយពីចរាចរណ៍តាមផ្លូវអាកាស និងផ្លូវគោកត្រូវបានផ្អាកអំឡុងពេលធ្លាក់ព្រឹលខ្លាំងនៅថ្ងៃអាទិត្យកន្លងទៅ។
លោក វ៉ានី បាននិយាយថា៖ «ថ្វីដ្បិតតែយើងអត់បានទទួលភ្ញៀវសោះអំឡុងពេល ៣ថ្ងៃនេះ យើងរំពឹងថា ព្រឹលថ្មីៗនេះនឹងអាចបន្ដអន្ទងចិត្ដភ្ញៀវបន្ថែមទៀត»។
ភាគច្រើន ភ្ញៀវទេសចរនៅរដូវរងានាំគ្នារុះរាន់ទៅកាន់ Gulmarg ក្នុងតំបន់ជួរភ្នំ Pir Panjal ភាគខាងលិចភ្នំហេមពាន្ដ ចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពី Srinagar ភាគខាងជើងតំបន់កាស្មៀរ។ ទីឋាននេះជាតំបន់លេងជិះកន្ដ្រកហោះដ៏ធំបំផុត និងខ្ពស់បំផុតនៅអាស៊ីមួយផងដែរ។
ហាមេដ បាននិយាយថា៖ «ព្រឹលធ្លាក់មកចំពេលវេលានាឆ្នាំនេះ ហើយកាស្មៀរ ស្ទើរតែគ្មានអ្នកជំងឺកូវីដ ១៩។ យើងបានរៀបចំយ៉ាងល្អនៅអាកាសយានដ្ឋាន។ ដូច្នេះ ទេសចរក្នុងស្រុកមានបំណងដើរលេងនៅទីនេះជាជាងធ្វើដំណើរឆ្លងប្រទេស»។
លោក ហាមេដ និយាយា សណ្ឋាគារនៅ Gulmarg មានភ្ញៀវពេញ ហើយពួកគេរំពឹងថា ព្រឹលធ្លាក់ថ្មីៗនឹងជួយបង្កើនចំនួនភ្ញៀវថែមទៀត៕ AFP/HR