ក្រុង​ហាល៍ : នៅ​ពេល​ដែល​ធម្មជាតិ​​ឈាន​ដល់​រដូវ​កាល​ដ៏​ស្រស់ស្អាត​បំផុត​ក្នុង​ឆ្នាំ​នេះ មនុស្ស​បែរ​​ជា​ពុំ​មាន​ឱកាស​ទៅ​ទស្សនា​ដោយ​ផ្ទាល់​ទៅវិញ។

ជា​រៀង​រាល់​រដូវ​ផ្ការីក បណ្ដា​ឧទ្យាន និង​ព្រៃធម្មជាតិ​នៅ​ប៊ែលហ្ស៊ិក ក៏ដូច​ជា​នៅ​អឺរ៉ុប បាន​រំលេច​បុប្ផា​ចម្រុះ​ពណ៌​​សាយ​ភាយ​ក្លិន​ពិដោរ​ឈ្ងុយ​ឈ្ងប់ ដែល​ធ្វើឲ្យ​មនុស្ស​ម្នា​​ខំ​ស្កាត់​មក​គយគន់​ ដោយ​លែង​ខ្លាច​​​ការ​ប្រឈម​នឹង​ជំងឺ​ឆ្លង។

ឧទ្យាន និង​ព្រៃ​អភិរក្ស​មួយ​ចំនួន​ត្រូវបាន​បិទ​ទ្វារ​មិនឲ្យ​ភ្ញៀវ​ចូលទស្សនា ខណៈ​ភ្ញៀវ​ដែល​ល្មើស​បម្រាម​​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់។

វិធានការ​ដ៏​តឹង​រឹង​បាន​ធ្វើឲ្យ​មនុស្ស​ជា​ច្រើន​ខក​ចិត្ត​​នឹង​​បាត់បង់​ឱកាស​ទៅ​ទស្សនា​ព្រៃ​ផ្កា​កណ្ដឹង​ខៀវ Hallerbos ចម្ងាយ​ប្រមាណ​ ១៥ គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​ប៊្រុច​សែល។

ទិដ្ឋភាព​កាលពី​ឆ្នាំ ២០១៦ ដែល​ភ្ញៀវទេសចរ​ខ្លះ​ខំ​ក្រោក​ពី​ព្រឹកព្រហាម ដើម្បី​ផ្ដិត​យក​រូបថត​ផ្កា​កណ្ដឹង​ខៀវ​រីក​ស្គុសស្គាយ។ AFP

ឆ្នាំ​ដែល​មានផ្ការីក​ស្គុសស្គាយ​ល្អ ព្រៃ​បុប្ផា​កណ្ដឹង​ខៀវ​នេះ​បាន​ទាក់ទាញ​ទេសចរ​​ដល់ទៅ ១០ ម៉ឺន​នាក់​មក​ទស្សនា​កម្រាល​ព្រំ​បុប្ផា​ពណ៌​ខៀវ​ស្វាយ​ដុះ​ចន្លោះ​ដើមឈើ​ធំៗ​ត្រង់​ខ្ពស់សន្លឹម។

អភិបាលក្រុង​ហាល៍ លោក Marc Snoeck បាន​និយាយ​ថា៖ «ពិត​ជា​ឈឺ​ចិត្ត​ណាស់។ អ្វីៗ​ពិត​ជា​មិនដូច​អ្វី​ដែល​យើង​ខិត​ខំ​ធ្វើ​តាមការព្រាង​ទុក​សោះ»។

ជា​រៀង​រាល់​ខែ​មេសា ពិធីបុណ្យ​ផ្កា​កណ្ដឹង​ខៀវ បាន​ទាក់ទាញ​មនុស្ស​កកកុញ ជា​ពិសេស​នៅ​ចុង​សប្ដាហ៍​ចំ​ថ្ងៃ​មាន​ពន្លឺ​ព្រះអាទិត្យ​ និង​មេឃ​ស្រឡះ​ល្អ។

អំឡុង​ពេល​រីក​ពេញ​ស្អាត​រយៈពេល ៣ សប្ដាហ៍ ព្រៃ​ផ្កាកណ្ដឹង​ខៀវ​​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ចម្ងាយ​តាំង​ពី​ចិន រហូត​ដល់​អាមេរិក។

នៅ​រដូវ​ផ្ការីក ​ឆ្នាំ ២០២០ ​អភិបាល​ក្រុង​ចាត់ទុកថា ជា​វេលា​ទុក​ឲ្យ​ធម្មជាតិ​លូតលាស់​ស្ដារ​សម្រស់ឡើងវិញ។ រូបថត AFP

បច្ចុប្បន្ន តាំងពី​ព្រឹក​ទល់​ព្រលប់ មាន​តែ​ពលរដ្ឋ​​ក្នុង​ស្រុក​ដើរ​កាត់​ព្រៃ​នេះ ស្រូប​ក្លិន​ផ្កា​យ៉ាង​ឯកា ខណៈ​ព្រៃ​នេះ​ធ្លាប់តែ​មាន​មនុស្ស​អ៊ូអរ​មក​ថត​រូប និង​ជិះ​កង់​ខ្វែង​ខ្វាត់​តាម​ផ្លូវ​ព្រៃ។

យ៉ាងណាមិញ លោក​អភិបាល​ក្រុង Snoeck បាន​លើក​ឡើង​ថា ឱកាស​ខ្សត់​ភ្ញៀវ​ឆ្នាំ​នេះ​ក៏​ល្អ​ម៉្យាង​ដែរ។

លោក​បាន​បន្ត​ថា៖ «មកទសល់ពេល​នេះ ធម្មជាតិ​ទទួល​បាន​ការ​គោរព​ពីមនុស្ស ហើយ​មនុស្ស​គួរ​តែ​​បន្ត​នៅផ្ទះ​ដើម្បី​ការពារ​​ជំងឺ​ឆ្លង»។

អវត្តមាន​​ភ្ញៀវ​ទេសចរ ក៏​អំណោយ​ផល​ល្អ​ដល់​ព្រៃ​ផ្កា​​កណ្ដឹង​ខៀវ​ផង​ដែរ ដោយសារ​តែ​កន្លង​មក​មនុស្ស​ច្រើន​តែង​តែ​ដើរ​ជាន់ផ្កា ធ្វើ​ឲ្យ​រុក្ខជាតិ​នេះ​​ងាប់អាច​ដុះទាន់​​សម្រាប់ឆ្នាំ​ក្រោយ។ ពេល​នេះ​ផ្កា​អាចមាន​ឱកាស​លូតលាស់វិញ នៅពេល​ដែល​វា​មិនរង​ការ​ប៉ះពាល់បំផ្លាញ​ពី​មនុស្ស។

បុប្ផា​កណ្ដឹង​ខៀវ​​ពណ៌​​បែក​ស្វាយ រីក​បីដូច​ជាកម្រាលព្រំ​លម្អ​គល់​ឈើ​ដ៏​ខ្ពស់​សន្លឹម។ រូបថត AFP

សម្រាប់ទីក្រុង​ហាល៍​ដែល​មាន​ពលរដ្ឋ​តែ​ប្រមាណ ៣ ម៉ឺន​នាក់ ពិត​ជាពិបាក​កាត់​ចិត្ត​នឹង​លុប​ចោ​ល​ពិធីបុណ្យ​ផ្កា​កណ្ដឹង​​ខៀវ។

អ្នក​ល្បី​ខាង​ផលិត​សូកូឡា Marleen Van Volsem បាន​និយាយ​ត្អូញ​ថា លោក​ធ្លាប់​តែ​ធ្វើ​សូកូឡា​ផ្កា​កណ្ដឹង​ខៀវ ដោយ​មាន​ស្នូល​ពណ៌​ខៀវ​ និង​ស្វាយ​នៅ​ខាង​ក្នុង។

​លោក​អភិបាក​ក្រុង​បាន​បន្ថែមថា៖ «រឹត​តែ​ឈឺចាប់ទៀតនោះ គឺ​ឱកាស​ធាតុ​ក្ដៅ​ខុស​ប្លែក​ពី​សព្វ​មួយដង ហើយ​សេដ្ឋកិច្ច​ក៏​រង​ផល​ប៉ះពាល់ ជា​ពិសេស​អាជីវកម្ម​ភោជនីយដ្ឋាន និង​បារ៍តែម្ដង»៕ AFP

រាង​ដូច​កណ្ដឹង កញ្ចុំ​ផ្កា​ខៀវ​បែក​ស្វាយ រីក​ស្គុសស្គាយពេញ​ស្អាត​បំផុត ក្នុង​​រយៈពេល​ ៣ ទៅ ៤ សប្ដាហ៍។ រូបថត AFP

សកម្មភាព​ដ៏ពេញនិយមបំផុត​កាលពី​ឆ្នាំ​មុនៗ គឺ​ការ​ជិះ​កង់​ចន្លោះផ្លូវ​ខ្វាត់ខ្វែង​នៅ​ក្នុង​ព្រៃ​ផ្កា​កណ្ដឹង​ខៀវ​។ រូបថត AFP