ក្រុងឡុងដ៍: ក្នុងគម្រោងមនុស្សធម៌តែម្នាក់ឯង ម៉េហ្គេន ជាព្រះជាយាទើបរៀបអភិសេកថ្មោងថ្មី ជាមួយព្រះអង្គម្ចាស់ ហារី បានចេញលក់សៀវភៅមុខម្ហូបនាសប្ដាហ៍នេះ បំណងជួយឧបត្ថម្ភដល់ក្រុមគ្រួសាររងគ្រោះ ដោយអគ្គិភ័យឆេះអគារ Grenfell Tower។
សៀវភៅរូបមន្ដម្ហូបក្រោមចំណងជើងថា «ទាំងអស់គ្នា៖ សៀវភៅសហគមន៍យើង» ផលិតឡើងដោយស្នាដៃស្ដ្រី ដែលរងគ្រោះព្រោះឧប្បត្ដិហេតុនេះ។
អគ្គិភ័យកាលពីខែកក្កដា ឆ្នាំ២០១៧ នៅប្លុកអគារជាន់ទី ២៤ បានសម្លាប់មនុស្ស ៧១ នាក់ និងធ្វើឲ្យមនុស្សជាច្រើនទៀតខ្វះទីជម្រក។ ស្ដ្រីមកពីសហគមន៍រងគ្រោះនេះ បានប្រើផ្ទះបាយមួយក្នុងមជ្ឈមណ្ឌលវប្បធម៌មូស្លីមដើម្បីចម្អិនម្ហូបឲ្យក្រុមគ្រួសារ។
អតីតតារាភាពយន្ដអាមេរិក ដែលបានឡើងទ្រនំមាសរូបនេះ បានធ្វើដំណើរទៅកាន់ផ្ទះបាយនោះជាច្រើនលើកច្រើនសា និងបានជួយចងក្រងសៀវភៅម្ហូបចេញជារូបរាង ព្រមទាំងបានផលិតវីដេអូស្ដីពីគំនិតផ្ដួចផ្ដើមផងដែរ។
សៀវភៅមុខម្ហូបនេះ ក៏បានបង្ហាញនូវម្ហូបចំនួនជាង ៥០ មុខមកពីទូទាំងតំបន់អឺរ៉ុប មជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងមេឌីទែរ៉ាណេខាងកើតផងដែរ៕