
ឈុតឆាកក្នុងភាពយន្ដរឿង «Chi Chi Em Em» ដែលបង្កើតទំនោរថ្មីក្នុងសង្គមដ៏អភិរក្សរបស់វៀតណាម។
ក្រុងហាណូយ៖ សិច អំពើហិង្សា និងភេទសម្ព័ន្ធខ្ទើយ រមែងត្រូវបានចាត់ទុកជាទង្វើមិនគប្បីដែលត្រូវកាត់ចេញពីភាពយន្ដវៀតណាម តែពេលនេះ ពួកគេកំពុងព្យាយាមឲ្យវាបើកចំហ ខណៈផលិតករភាពយន្ដរលកថ្មីខិតខំបំបែករនាំងកំណត់ដោយប្រមុខដឹកនាំកុម្មុយនីស្ដដ៏អភិរក្ស។
ភាពយន្ដចុងក្រោយក្នុងការសាកល្បងបំបែកទស្សនៈចាស់គឺរឿង «Chi Chi Em Em» ឬ «Sister Sister» បញ្ចាំងនៅឯមហោស្រពភាពយន្ដធំបំផុតនៅអាស៊ីនាសប្ដាហ៍នេះ ក្រោយពីទទួលជោគជ័យខ្លាំងនៅការិយាល័យប្រអប់សំបុត្រវៀតណាម។
ភាពយន្ដបែបចិត្ដវិទ្យាអំពីរឿងរ៉ាវស្នេហា ការបោកប្រាស់ និងសងសឹង ភាពយន្ដមានឈុតឆាករួមភេទរវាងនារី និងសាច់រឿងផ្ដោតលើអំពើក្បត់ផិត និងវិបត្ដិផ្លូវចិត្ដ បានត្រៀមផលិតតាំងពី ៥ ឆ្នាំមុន។

នារីម្នាក់ដើរកាត់ផ្ទាំងផ្សព្វផ្សាយភាពយន្ដ។ រូបថត AFP
ផលិតករកូនកាត់វៀតណាម-អាមេរិក កាទី អ៊ូយ៉េន និយាយថា៖ «ពេលខ្ញុំប្រាប់ពួកគេអំពីសាច់រឿង មនុស្សជាច្រើនតបវិញថា លោកឯងយកពេលធ្វើអ្វីផ្សេងទៅ សាច់រឿងបែបនេះនឹងកាត់ចោលអស់ហើយ»។
ផលិតករវ័យ ៣៩ ឆ្នាំ ប្រាប់ AFP ថា៖ «ប៉ុន្ដែភាពយន្ដនេះចង់រៀបរាប់អំពីស្ដ្រីសម័យថ្មី ដែលរឹងមាំ មោះមុត និងពោរពេញដោយមហិច្ឆតា»។
មុនពេលបញ្ចាំងនៅមហោស្រពភាពយន្ដអន្ដរជាតិក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង អ្នកស្រីថា៖ «ខ្ញុំមិនចង់ឲ្យភាពភ័យខ្លាចរុំរឹតរូបខ្ញុំឡើយ»។
យោងទៅតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ភាពយន្ដវៀតណាមត្រូវមានមាតិកាមនោគមន៍ល្អៗ ដើម្បីមកឆ្លងគណៈកម្មការត្រួតពិនិត្យ ហើយរូបភាពអាក្រាត អំពើហិង្សា និងការប្រឆាំងនឹងរដ្ឋមិនត្រូវបានអនុញ្ញាតឡើយ។
កាលពីឆ្នាំមុន ផលិតករ ផាន ដាងឌី ប្រាប់ថា នីតិវិធីស្នើសុំនេះមិនខុសពីទារុណកម្មឡើយ ខណៈផលិតករដទៃសារភាពថា ពួកគេត្រូវត្រួតពិនិត្យ និងកាត់ចោលដោយខ្លួនឯង ដើម្បីចៀសវាងឡើងចុះៗ។
អ្នកនិយមកុនម្នាក់ កញ្ញា ត្រាន់ ហៀនវី អាយុ ២១ ឆ្នាំ មកពីក្រុងហូជីមិញ និយាយថា គំនិតថ្មីៗរបស់ផលិតករ និងការរក្សាទុកនូវឈុតឆាកជាប់បម្រាមគួរផ្ដើមក្នុងយុគសម័យថ្មីនេះ។
កញ្ញាអះអាងថា៖ «ស្ទីលភាពយន្ដបែបអភិរក្សនិយមមិនអាចធ្វើឲ្យយើងហ៊ានចាយលុយទិញសំបុត្រ និងចំណាយពេលទៅមើលកុនឡើយ»។
អ្នកស្រី អ៊ូយ៉េន បន្ថែមថា៖ «អ្វីដែលខ្ញុំពិតជារីករាយនោះ គឺពេលយើងបញ្ជូនភាពយន្ដទៅគណៈកម្មការត្រួតពិនិត្យ ពួកគេគ្រាន់តែស្នើឲ្យកាត់បន្ថយឈុតឆាករួមមេត្រី ៣០ ភាគរយ និងពាក្យពេចន៍មិនសមរម្យ ២-៣ ឃ្លាប៉ុណ្ណោះ»៕ AFP/HR