ភ្នំពេញ៖ នា​ឱកាស​ប្រារព្ធ​កម្មវិធី​មហោស្រព​ភាពយន្ត​ឡាវ​ហ្លួង​ព្រះបាង ​លើក​ទី១០ នៅ​ឆ្នាំ ២០២០ (LPFF) មាន​ខ្សែ​ភាពយន្ត​បែប Feature Film ចំនួន ២៤ រឿង និង​ភាពយន្ត​ខ្លី​ Short Film ចំនួន ១០ រឿង នៃ​បណ្ដាយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ត្រូវ​បាន​ជ្រើសរើស​ទៅ​ចាក់​បញ្ចាំង​នៅ​ដើម​ខែ​ធ្នូ សប្តាហ៍​ក្រោយ​នេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​អ្នក​រៀបចំ​មហោស្រព​ភាពយន្ត​ហ្លួង​ព្រះបាង​នៅ​ក្នុង​ចំណោម​ខ្សែ​ភាពយន្ត ៣៤ រឿង​នៃ ២ ប្រភេទ រឿង​គេ​ឃើញ​មាន​ខ្សែ​ភាពយន្ត​ខ្មែរ​ចំនួន ៥ រឿង​ជាប់​ក្នុង​ជម្រើស​ភាពយន្ត​យក​ទៅ​ចាក់​បញ្ចាំង​នៅ​សប្តាហ៍​ក្រោយ​នោះ​ដែរ គឺ​មាន​ភាពយន្ត​បែប Feature Film ចំនួន ២ រឿង និង​ភាពយន្ត​ខ្លី Short Film ចំនួន ២ រឿង រីឯ ១ រឿង​ទៀត គឺ​ជា​ខ្សែ​ភាពយន្ត​ជា Feature Film ដែល​សហការ​ផលិត​ពី​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​តំបន់​ទន្លេ​មេគង្គ (កម្ពុជា​ឡាវ​មីយ៉ាន់ម៉ា ថៃ និង វៀតណាម) ដែល​មាន​ចំណង​ជើង​ថា «MEKONG 2030»។

ជា​ទូទៅ​កម្មវិធី​មហោស្រព​ភាពយន្ត​ឡាវ​ហ្លួង​ព្រះបាង​តែង​ប្រារព្ធ​ធ្វើ​ប្រចាំ​ឆ្នាំ​ហើយ​បាន​ចេញ​សេចក្តី​សម្រេច​ជ្រើសរើស​យក​ខ្សែ​ភាពយន្ត​ទាំង​ឡាយ​នៃ​បណ្តា​ប្រទេស​ចូលរួម​មាន​ចំនួន ៩ ប្រទេស ដោយ​រាប់​បញ្ចូល​ទាំង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន។

ជាមួយ​នេះ​ដែរ​មហោស្រព​ភាពយន្ត​ឡាវ​ហ្លួងព្រះបាង ឆ្នាំ ២០២០ ​នេះ ក៏​មាន​យក​ខ្សែ​ភាពយន្ត​ដែល​បាន​ជាប់​ពាន​រង្វាន់​មក​បញ្ចាំង​ដែរ មាន​ដូចជា​រឿង Buoyancy ជា​វណ្ណកម្ម​របស់​អ្នក​និពន្ធ​ជាតិ​អូស្រ្តាលី​អ្នកស្រី Fiona Williams និង ​តួសម្តែង​ជាជន​ជាតិ​ខ្មែរ​ដោយ​សាច់​រឿង​និយាយ​ពី​បញ្ហា​ជីវិត​នៃ​ទាសភាព​របស់​ពលករ​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេសាទ​អន្តរជាតិ។

ភាពយន្តខ្មែររឿងThe Clock របស់ផលិតកម្ម LD។ ហ៊ាន រង្សី

ក្រៅ​ពី​នេះ ក៏​មាន​ខ្សែ​ភាពយន្ត​ថៃ រឿង Manta Ray និង​ខ្សែ​ភាពយន្ត​ឥណ្ឌូនេស៊ី​រឿង kOsOng ជា​ប្រភេទ​ភាពយន្ត​ឯកសារ​ស្ដីពី​ជីវិត​ស្រ្តី​ជនជាតិ​ឥណ្ឌូនេស៊ី​ចំនួន ៥ រូប រស់នៅ​តំបន់​កោះជ្វា ដែល​ប្រឈម​នឹង​បញ្ហា​សង្គម ព្រោះ​តែ​គ្មាន​កូន។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ កម្មវិធី​មហោស្រព​ភាពយន្ត​ឡាវ​ហ្លួង​ព្រះបាង ​ឆ្នាំ​នេះ នឹង​ធ្វើ​នៅ​ថ្ងៃទី ៤-១០ ខែ ​ធ្នូ ឆ្នាំ ២០២០។

មហោស្រព​ភាពយន្ត​ឡាវ​ហ្លួង​ព្រះបាង​នេះ គាំទ្រ​ដោយ​នាយកដ្ឋាន​ព័ត៌មាន​វប្បធម៌​ និង​ទេសចរណ៍​ហ្លួង​ព្រះបាង​មូលនិធិ Asia Foundation ​ស្ថានទូត​ប្រទេស​លុច​សំបួ​ប្រចាំ​ប្រទេស​ឡាវ។ ការ​ចូលរួម​សម្រាប់​ឆ្នាំ​នេះ គួរ​ឱ្យ​កត់​សម្គាល់​ចំណោម​វណ្ណកម្ម​ភាពយន្ត​ចំនួន ១២ រឿង​របស់​ឡាវ​មាន​ផលិតករ​ស្រ្តី​ទាំង​អស់​ដោយ​មាន​ចំនួន ៨ រូប ជា​ផលិតករ​មាន​ស្នាដៃ​ដំបូង​ និង ៣ រូប មាន​បទពិសោធ និង​ទទួល​មូលនិធិ​ពី Lao Filmmakers Fund មាន​រឿង Expiration Date រឿង The Long Walk និង រឿង In the Shadows។

ដោយ​ឡែក​ខ្សែ​ភាពយន្ត​ខ្មែរ​វិញ មាន ៥ រឿង ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​រោង​ភាពយន្ត​ក្នុង​ប្រទេស​ឡា វ នា​ឱកាស​ប្រារព្ធ​កម្មវិធី​មហោស្រព​ភាពយន្ត​ឡាវ​ហ្លួងព្រះបាង ​ក្នុង​ឆ្នាំ ២០២០ នេះ​ដែរ នៅ​ក្នុង​នោះ​មាន​ភាពយន្ត​រឿង​បែប Feature Film ចំនួន ២ រឿង គឺ​រឿង​នាឡិកា ឬ The Clock: Spirits Awakening ដែល​ជា​វណ្ណកម្ម​ផលិតកម្ម LD របស់​លោក លៀក លីដា និង រឿង Last Night I Saw You Smiling ខណៈ​ភាពយន្ត Short Film ចំនួន ២ រឿង គឺ​រឿង California Dreaming និង​រឿង A Fallen Fruit ហើយ​ភាពយន្ត ១ ទៀត គឺ​ជា​ខ្សែ​ភាពយន្ត​ដែល​មាន​ការ​សហការ​ផលិត​ពី​បណ្តា​ប្រទេស​ជា​សមាជិក​តំបន់​ទន្លេ​មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម) ដែល​មាន​ចំណង​ជើង​ថា «MEKONG 2030» ៕

ភាព​យន្ត​​អូស្រ្តាលី រឿង Buoyancy បញ្ចាំង​នៅ​មហោស្រពភាពយន្តឡាវ​ហ្លួងព្រះបាងឆ្នាំ២០២០​​។ រូបថត សហ​ការី

ភាព​យន្ត​​ថៃ​រឿង ​​Manta Ray​ បញ្ចាំងនៅ​​មហោស្រពភាពយន្តឡាវ​ហ្លួងព្រះបាងឆ្នាំ២០២០​​។ រូបថត សហ​ការី