ភ្នំពេញ៖ ភាពយន្ត​ឯកសារ​​ចំនួន ៧ ជា​​​វណ្ណកម្ម​របស់​​ក្រុម​​យុវជន​មក​ពី​តំបន់​​ខេត្ត​ឆ្ងាយៗ ​នៃ​ប្រទេស ​កម្ពុជា ​​រួម​មាន​​ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី និង​បន្ទាយមានជ័យ​ក្រោម​​គម្រោង​មួយ​​​​ថា​ «​ការ​បន្លឺ​សំឡេង​​របស់​​ស្ត្រី​ជនជាតិ​ដើម​​ភាគ​តិច​ និង​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​គេ​រើសអើង​» ​នឹង​ចាក់​បញ្ចាំង​​​​ជូន​​​សាធារណជន​​​​ទស្សនា​ជា​​​​លើក​​ដំបូង​ នា​ល្ងាច​នេះ ​នៅ​ឯ​មជ្ឈមណ្ឌល​បុប្ផាណា​​​។​

គម្រោង​ដែល​​មាន​ឈ្មោះ​ថា «​ការ​បន្លឺ​សំឡេង​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច និង​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​គេ​រើសអើង» ទទួល​បាន​ការ​ឧបត្ថម្ភ​ពី VOICE តាមរយៈ​អង្គការ​អុកស្វាម​កម្ពុជា ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា និង​មូលនិធិ Heinrich Boll និង​ចូលរួម​សហការ​ពី Cambodia Film Commission (CFC)​ ខណៈ​​គម្រោង​ដំបូង​នេះ ​គឺ​ចង់​បណ្តុះបណ្តាល​​ដល់​យុវជន​ខ្មែរ​ប្រើ​ចំណេះ​ដឹង និង​ជំនាញ​ផ្នែក​ផលិត​កុន​ឯកសារ ដើម្បី​ជួយ​ដល់​សហគមន៍​ផ្ទាល់​ពួក​គេ​ ដែល​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​សង្គម​នានា ជា​ពិសេស​នោះ​បញ្ហា​សុខុមាលភាព​មាតា និង​កូន​របស់​ស្ត្រី​នៅ​សហគមន៍​ទាំង ៣ ខេត្ត​។

លោក ជា សុភាព ​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​បុប្ផាណា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ភាពយន្ត​ឯកសារ​​​ចំនួន ៧ ដែល​នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ១០ ខែ​មករា នេះ ​វេលា​​ម៉ោង ៥ និង ​៣០ នាទីល្ងាច នៅ​មជ្ឈមណ្ឌល​បុប្ផាណា។​​ ភាពយន្ត​ទាំង​នេះ​ នឹង​លើក​ឡើង​អំពី​បញ្ហា​របស់​ស្ត្រី​​​​ជនជាតិ​​​ដើម​​ភាគ​តិច​ និង​ក្រុម​ដែល​រង​ការ​រើសអើង ​ដូចជា​អំពើ​ហិង្សា​ផ្អែក​​យេនឌ័រ​ ការ​អប់រំ​ សុខភាព ​និង​​បញ្ហា​​​សង្គម​ជា​ច្រើន​ទៀត​ ដែល​កំពុង​តែ​កើត​ឡើង​នៅ​​​​​ក្នុង​សហគមន៍​ជនជាតិ​ដើម​​ភាគ​តិច​ នៅ​​តាម​​​ខេត្ត​​​​​មណ្ឌលគិរី រតនគិរី​ និង​បន្ទាយមានជ័យ»។​

សកម្ម​ភាព​នាពេលកំពុង​​ថត​​ភាព​យន្ត​ឯកសារ​។ រូបថត Bophana Page

មជ្ឈមណ្ឌល​បុប្ផាណា បើក​​វគ្គ​បណ្ដុះបណ្ដាល​មួយ​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​ ដែល​ចូលរួម​ពី​សិក្ខាកាម​​​​ចំនួន ១២ រូប ​មក​ពី​សហគមន៍​ជនជាតិ​ ដើម​ភាគ​តិច​ក្នុង​ប្រទេស ​កម្ពុជា ​ចំនួន​ ៣ ខេត្ត ​​គឺ​រតនគិរី មណ្ឌលគិរី និង​បន្ទាយមានជ័យ ​ក្រោម​​គម្រោង​ភាពយន្ត​ដំបូង​ឈ្មោះ​ថា «​ការ​បន្លឺ​សំឡេង​​របស់​ស្ត្រី​​ ជនជាតិ​​ដើម​ភាគ​តិច និង​ក្រុម​មនុស្ស​ ដែល​ត្រូវ​បាន​គេ​រើសអើង​»​ មាន​​​រយៈពេល ១ ឆ្នាំ ​គឺ​​ឆ្នាំ ២០១៩​​។

នាយក​​ប្រតិបត្តិ​រូប​នេះ​​បន្ត​​ថា​៖ «សម្រាប់​ភាពយន្ត​ឯកសារ​ទាំង ​៧ រឿង​នោះ ​មាន​ចំនួន​ ៥ រឿង ​គឺ​ជា​ភាពយន្ត​​ផលិត​ដោយ​ក្រុម​និស្សិត​ជា​ជនជាតិ​ភាគ​តិច ហើយ​ជន​ជាតិ​ភាគ​តិច ដែល​ពួក​គាត់​បាន​​ថត​ផលិត​ជា​ភាពយន្ត​ឯកសារ​​នោះ​មាន​ជនជាតិ​ព្នង នៅ​ខេត្ត​​មណ្ឌលគិរី ​ ខណៈ​​នៅ​ខេត្ត​រតនគិរី មាន​ជនជាតិ​​គ្រឹង ចារ៉ាយ និង​ទំពួន ហើយ​នៅ​ខេត្ត​បន្ទាយមានជ័យ​​មាន​ជនជាតិ​កួយ»។​

ចំពោះ​​ភាពយន្ត​ឯកសារ​ទាំង ៧ ​រឿង​​នោះ​ រួម​មាន​ដូចជា​រឿង «កុំ​បោះបង់ Don’t give up»​ ដឹកនាំ​ដោយ​ ភោគ រ៉ានី​ នៅ​ខេត្ត​រតនគិរី ចំពោះ​រឿង «ស៊ូ​ទ្រាំ-Endure» ដឹកនាំ​ដោយ ​ម៉ាំង ​លៀន និង ​ឡេង ​វុនណេង​ នៅ​​ខេត្ត​រតនគិរី​។

ចំណែក​រឿង «កាណាប (Kanab-My path)» ដឹកនាំ​ដោយ សេវ ប៉ៅ ខណៈ​រឿង​ ​«​សង្ឃឹម​ចុង​ក្រោយ-Last Hope)» ដឹកនាំ​ដោយ រ៉េត ស៊ីថត និង​រឿង «បារម្ភ-Worry» ដឹកនាំ​ដោយ លឿន ឈូក និង ព្រឹល ព្រីង ហើយ​រឿង «ទំពាំង ខ្វះ​ទឹក-The Bamboo without water» ដឹកនាំ​ដោយ ឌិន រ៉ូដា៕​