ក្រុងញូវដែលី: សំឡេងហួច ឮចេចចាចដ៏ចម្លែករំពងពេញព្រៃជុំវិញភូមិដាច់ស្រយាល គុងថុង របស់ឥណ្ឌា តែមិនមែនជាសំឡេងបក្សីនោះទេ។ វាជាសំឡេងតន្ដ្រីចេញពីមាត់មនុស្សដើម្បីហៅឈ្មោះគ្នា ហើយវាជាប្រពៃណីដ៏វិសេស ដែលទំនងជាមានតែ ១ គត់ក្នុងលោក។
ស្ថិតនៅជួរភ្នំព្រៃក្រាស់ភាគឦសានរដ្ឋម៉េហ្គាឡាយ៉ា ស្ដ្រីជាម្ដាយមកពីភូមិ គុងថុង និងអ្នកភូមិប៉ុន្មាននាក់ទៀតបានតាក់តែងម៉េឡូឌីចម្រៀងយ៉ាងពិសេសសម្រាប់កូនៗពួកគេ។
មនុស្សគ្រប់រូបក្នុងភូមិ ដែលជាពលរដ្ឋអម្បូរកាស៊ី តែងតែប្រើសូរសៀងតន្ដ្រីនេះហៅគ្នា។ ពួកគេក៏មានឈ្មោះផ្លូវការទូទៅដែរ តែកម្រប្រើណាស់។
ដើរតាមផ្លូវធំក្នុងភូមិដែលមានផ្ទះឈើប្រក់ស័ង្កសី គម្លាតគ្នារាប់គីឡូម៉ែត្រ គឺការដើរកាត់សំឡេងតន្ដ្រី។ នៅទីម្ខាង អ្នកម្ដាយហៅកូនប្រុសមកញ៉ាំអាហារពេលយប់ តាមរយៈសំឡេងហួចយ៉ាងវិសេស។
អ្នកស្រី ពីនដាពលីន សាបុង មានកូន ៣ នាក់ បានប្រាប់ ទីភ្នាក់ងារ AFP ថា៖ «ការនិពន្ធម៉េឡូឌីចម្រៀងនេះ វាផុសចេញពីបេះដូងរបស់ខ្ញុំ»។
ស្ដ្រីអាយុ ៣១ ឆ្នាំ ដែលមានកូនស្រីពៅអាយុ ២ ឆ្នាំកន្លះ បានបន្ដថា៖ «វាបង្ហាញពីភាពរីករាយ និងក្ដីស្រឡាញ់របស់ខ្ញុំចំពោះកូន»។
ប្រធានសហគមន៍ រ៉ូថែល ខុងស៊ីត ក៏បានបញ្ជាក់ថា៖ «ប៉ុន្ដែបើកូនខ្ញុំបានធ្វើអ្វីខុស បើខ្ញុំខឹងខ្លាំង គាត់ធ្វើឲ្យខូចចិត្ដ ហើយពេលនោះ ខ្ញុំនឹងហៅឈ្មោះផ្លូវការរបស់គាត់ ដោយមិនមែនជាសំឡេងចម្រៀង»។
ភូមិគុងថុង បានផ្ដាច់ផ្លូវពីពិភពលោកតាំងពីយូរយារ ដោយត្រូវដើររាប់ម៉ោងពីទីប្រជុំជនជិត។ អគ្គិសនីបានមកដល់ក្នុងឆ្នាំ ២០០០ ហើយផ្លូវលំផ្ដើមមានក្នុងឆ្នាំ ២០១៣។
ពួកគេចំណាយពេលជាច្រើនថ្ងៃសំងំកាត់ស្មៅអំបោស ជាប្រភពធនធានសំខាន់ ដោយទុកផ្ទះសំបែងស្ងាត់ជ្រងំ មានតែក្មេងៗប៉ុន្មាននាក់ប៉ុណ្ណោះ។
ដើមកំណើតប្រពៃណីច្រៀងហៅគ្នា ដែលត្រូវបានគេស្គាល់ថា «ជីងវ៉ៃ ឡរបៃ» មិនត្រូវបានដឹងនោះទេ តែអ្នកភូមិគិតថា វាមានអាយុកាលស្មើការកកើតភូមិឋាននេះដែរ ដែលមានតាំងពី ៥ សតវត្សរ៍មុនឯនោះ។
ពេលពិភពស៊ីវិល័យជ្រៀតចូលភូមិគុងថុង ដោយមានទាំងទូរទស្សន៍ និងទូរស័ព្ទធ្វើឲ្យសំនៀងចម្រៀងថ្មីៗបានយកលំនាំតាមបទបូលីវូដ។
សូម្បីតែក្មេងជំនាន់ក្រោយក៏លែងសូវចង់ហៅមិត្ដភក្ដិតាមរយៈសម្រែកច្រៀងទៀតហើយ ដោយសារពួកគេមានទូរស័ព្ទអាចហៅរកគ្នាបានយ៉ាងងាយស្រួល៕