ភូមិបានដា អាសេ: ភូមិមួយនៅតំបន់ដ៏អភិរក្សបំផុតនៃប្រទេសឥណ្ឌូនេស៊ី បានដាក់បន្ទុកលើប្រព័ន្ធអ៊ីនធឺណិតឥតខ្សែ ក្រោយពីរកឃើញក្មេងៗចូលទៅកាន់គេហទំព័រវីដេអូអាសអាភាស និងគេចមិនទៅសាលារៀនគម្ពីរកូអាន។
ខេត្តអាសេ (Aceh) ដែលជាតំបន់សម្បូរពលរដ្ឋសាសនាអ៊ិស្លាមច្រើនបំផុត នៅប្រទេសឥណ្ឌូនេស៊ី បានរឹតបន្តឹងច្បាប់អ៊ិស្លាមយ៉ាងខ្ជាប់ខ្ជួន ដោយកន្លងមកអ្នកដែលប្រព្រឹត្តប្រាសចាសពីកន្លងសាសនា ដូចជា ការរួមភេទមុនរៀបការ ការស្រឡាញ់ភេទដូចគ្នា លេងល្បែងស៊ីសង និងប៉ះពាល់គ្រឿងស្រវឹងជាដើម ត្រូវបាននាំយកទៅវាយនឹងរំពាត់ពិន័យនៅចំពោះសាធារណជន។
ស្ថិតនៅក្នុងតំបន់ដ៏អភិរក្សយ៉ាងតឹងរ៊ឹង ភូមិ ឃ្យូរី បារ៉ូស (Curee Baroh) បានបញ្ជាឲ្យហាងកាហ្វេរាប់សិបកន្លែង ដកចេញនូវការផ្ដល់សេវាអ៊ីនធឺណិត WiFi ជាបន្ទាន់។
ភូមិដែលមានពលរដ្ឋជាង ៩០០ នាក់នេះ ស្ថិតនៅក្នុងស្រុក ប៊ីរើន (Bireun) ដែលក្នុងឆ្នាំនេះដែរ បានចេញច្បាប់ហាមប្រាមមិនឲ្យបុរស និងស្ត្រី មិនទាន់រៀបការ អង្គុយញ៉ាំអាហារជាមួយគ្នា។
ការអនុវត្តច្បាប់នេះត្រូវបានគាំទ្រដោយអាជ្ញាធរ ដោយសំអាងថា WiFi តម្លៃដ៏ថោក ដោយប្រើ ៥ ម៉ោង តម្លៃតែ ២១ សេនដុល្លារអាមេរិកនោះ បានធ្វើឲ្យប្រឡាក់ប្រឡូកដល់សីលធម៌រស់នៅក្នុងសង្គមរបស់ក្មេង។
មេភូមិ Helmiadi Mukh-taruddin បានប្រាប់ទីភ្នាក់ងារ AFP កាលពីខែមុនថា៖ «កាលពីសម័យមុន ក្មេងៗនាំគ្នាសូត្រគម្ពីរកូអាន ក្រោយពីធ្វើការបួងសួងរៀងរាល់ល្ងាច។ ប៉ុន្តែបច្ចុប្បន្ន តាំងពីសង្គមយើងមាន WiFi ប្រើមក ពួកគេគិតតែនាំគ្នាចូលហាងកាហ្វេទាំងនេះទៅវិញ»៕