ភ្នំពេញៈ ពិសេសសម្រាប់ភ្ញៀវដែលនិយាយទទួលទាននូវមុខម្ហូបបែបបារាំង ដោយចាប់ពីល្ងាចថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៩ នេះទៅភោជនីដ្ឋានតូប៉ាហ្សនឹងមានបង្ហាញមុខម្ហូបថ្មីៗដែលចម្អិនដោយចុងភៅល្បីមកពីប្រទេសបារាំងគឺលោក Christian Têtedoie មេចុងភៅលំដាប់ផ្កាយមួយពិភពលោក។
ការទទួលទានអាហារពេលល្ងាចចាប់ពីម៉ោង ៦ ល្ងាចតទៅជាមួយនឹងមុខម្ហូបដែលបានច្នៃយ៉ាងពិសេសសម្រាប់អ្នកដែលចូលចិត្តទទួលទានម្ហូបបារាំងនៅក្នុងទីក្រុងភ្នំពេញមានដូចជា «ដំឡូងឈាមមាន់កិនជាមួយផ្សិតម្ជុល» «ឆ្អឹងជំនីទន្សាយអាំងរសជាតិដើម» ឬ ‘«បង្អែមចំណិតក្រូចជាមួយការ៉េមដូង» ’និងមុខម្ហូបពិសេសៗជាច្រើនទៀតដែលទាក់ទាញ និងមើលទៅគួរឲ្យចង់ទទួលទានដែលបានច្នៃប្រឌិតដោយមេចុងភៅផ្ទាល់។
លោក Christian Têtedoie មានទំនោរគំនិតដូចឳពុកម្តាយរបស់លោកដែលជាអ្នកនិយម និងចូលចិត្តទីផ្សារផលិតផលស្រស់ៗ។ នេះបញ្ជាក់យ៉ាងច្បាស់ថាលោកមានទំនោរទោរទន់ និងចូលចិត្តការចម្អិនតាំងពីកុមារភាពមក។ លោកបានហាត់រៀនពីជំនាញចម្អិនអាហារជាមួយមេចុងភៅផ្កាយបីល្បីៗលំដាប់ពិភពលោកជាច្រើនរូបដូចជាលោក Paul Bocuse លោក Georges Blanc និងជាមួយលោក Marcel Le Servot នៅក្នុងបរមរាជវាំង ةlysée ដែលនៅទីនោះលោកជាអ្នកចម្អិនអាហារសម្រាប់ប្រធានាធិបតីទៀតផង។
មេចុងភៅលំដាប់ផ្កាយមួយលោក Têtedoie បានរៀបរាប់ថាការពណ៌នាពីម្ហូបពិសេសរបស់លោកនាពេលជំនួបក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំថា៖ « ខ្ញុំមិនដែលបោះបង់ការផ្តល់តម្លៃចំពោះផលិតផលឡើយ ដើម្បីបញ្ជាក់ពីវាហើយរៀបចំវាយ៉ាងប្រុងប្រយ័ត្នបំផុតដើម្បីកំណត់ពីចំណុចពិសេសៗនៃគ្រឿងផ្សំនីមួយៗ»។
អាហាររបស់គាត់គឺបង្ហាញពីភាពស្មោះត្រង់ និងសប្បុរសធម៌។ តាមរយៈរូបមន្តផ្ទាល់ខ្លួន និងការរៀបចំដ៏អស្ចារ្យនៃភោជនីយដ្ឋានរបស់គាត់នៅទីក្រុង Lyon ក្នុងគោលដៅរបស់លោកគឺចង់ចែករំលែកបទពិសោធន៍ធ្វើម្ហូបដ៏អស្ចារ្យបំផុតជាមួយភ្ញៀវរបស់គាត់។
ក្នុងនាមជាប្រធានសមាគមន៍មេចុងភៅប្រចាំប្រទេសបារាំង Les Maîtres Cuisiniersde France ដែលជាសមាគមន៍ធំមួយរបស់សភាមេចុងភៅនៅបារាំងគោលដៅរបស់លោក Christian Têtedoie គឺដើម្បីផ្សព្វផ្សាយជាសកលនូវសិល្បៈនៃម្ហូបអាហាររបស់បារាំង។ ក្នុងកំឡុងពេលមួយសប្តាហ៍នៅភ្នំពេញនេះគាត់នឹងចែករំលែកចំណេះ និងជំនាញដល់បុគ្គលិកនៅភោជនីយដ្ឋានតូប៉ាហ្សដើម្បីជម្រុញ និង លើកទឹកចិត្តដល់អ្នកជំនាន់ក្រោយដែលមានបំណងចង់ក្លាយជាមេចុងភៅនៅកម្ពុជាផងដែរ៕