ក្រុងអូស្លូ: ពេល នីកូឡៃ អេលលីតស្វាដ ចុះ​ទៅ​ធ្វើការ លោក​ត្រូវ​ដើរ​ចុះ​តាម​ជណ្ដើរ​ឈើ​ដ៏វែង​។ បុរស​ដាណឺម៉ាក​វ័យ ៣២ ​ឆ្នាំ​រូប​នេះ​គឺជា​មេ​ចុងភៅ​ម្នាក់​នៅ​ភោជនីយដ្ឋាន​មួយ​ស្ថិត​ក្រោម​ទឹក​ជាង ៥ ម៉ែត្រ​។

ភោជនីយដ្ឋាន​ចម្លែក​ស្ថិត​ក្នុង​ក្រុង Lindesnes ដែល​ធ្វើ​ដំណើរ​ ១ ​ម៉ោង​ពី​ភាគ​ខាងលិច​ក្រុង Kristiansand លើ​ឆ្នេរ​ខាងត្បូង​នៃ​ប្រទេស​ន័រវែស​មាន​ឈ្មោះ​ថា «Under» មាន​ន័យ​ថា «​ក្រោម​» ឬ​ភាសា​ន័រវែស​ថា «​មហស្ចារ្យ​»​។

ម្ចាស់​ភោជនីយដ្ឋាន​ ២ ​នាក់​បងប្អូន Gaute និង Stig Ubostad ជឿ​ថា ភោជនីយដ្ឋាន​របស់​ខ្លួន​គឺជា «​មហស្ចារ្យ​» ពិតៗ​។ Stig បាន​និយាយ​ថា​៖ «​មិន​សូវ​មាន​នរណា​គិត​ថា ទីនោះ​មាន​ភោជនីយដ្ឋាន​ក្រោម​ផ្ទៃ​ទឹក​នៅ​ភាគ​ខាង​ជើងទេ​។ នោះ​ហើយ​ទើប​វា​មាន​ឈ្មោះ​ថា មហស្ចារ្យ​។

ទិដ្ឋភាព​ភោជនីយដ្ឋាន​លេច​ទឹក រចនាប័ទ្ម​ដ៏ចម្លែក​។ រូបថត AFP

ចុងភៅ Ellitsgaard មិន​ស្ទាក់ស្ទើរ​ពេល​លោក​ចូល​ទៅ​ធ្វើ​ការងារ​នៅ «Under» អស់​រយៈពេល ២ ​ឆ្នាំ​។ លោក​ថា​៖ «​ពេល​ខ្ញុំ​បាន​ឃើញ​រូបភាព​ភោជនីយដ្ឋាន​នេះ ហើយ​ពួកគេ​និយាយ​ថា​ខ្ញុំ​អាច​ធ្វើអ្វី​តាម​ចិត្ដ​ចង់​ក្នុង​ផ្ទះបាយ ខ្ញុំ​ក៏​សួរ​វិញ​ថា តើ​ខ្ញុំ​អាច​ចុះ​ហត្ថលេខា​នៅ​កន្លែង​បាន​?»​។

«Under» បាន​បើក​ដំណើរការ​ពី​ដើម​ខែ​មេសា និង​ក្រៅពី​បម្រើ​ម្ហូបអាហារ វា​ក៏​បង្ហាញ​ភាពលេចធ្លោ​ចំពោះ​សំណង់​ស្ថាបត្យកម្ម​ដែល​ទាក់ទាញ​ចិត្ដ​ភ្ញៀវ​ផងដែរ​។ ពី​ផ្នែក​ខាង​ក្នុង អ្នក​គ្រាន់តែ​អាច​ឃើញ​ផ្នែក​ខ្លះ​នៃ​ផ្ទៃ​ទឹក​។ វា​បង្ហាញ​ច្រកចូល​ស្រោប​ឈើ រំលេច​នូវ​បរិវេណ​បន្ទប់​ភោជនីយដ្ឋាន​។ ជណ្ដើរ​ឈើ​ដ៏វែង​ចុះ​ទៅ​កាន់​បន្ទប់​បាយ និង​បង្អួច​កញ្ចក់​ធំ​មួយ​។

មិន​ដូច​ភោជនីយដ្ឋាន​ពន្លិចទឹក​ដទៃ​ក្នុង​ក្រុង Lindesnes ភោជនីយដ្ឋាន «Under» បាន​បន្ថែម​បរិវេណ​ដ៏ចាំបាច់​មួយ​ចំនួន​ទៀត​ដូចជា ផ្ទះបាយ ឃ្លាំង​ស្រា និង​បន្ទប់​បង្គន់​ស្ថិត​នៅ​ក្រោម​ផ្ទៃ​ទឹក​ផង​ដែរ​។

តារាង​ម្ហូប ១៨ មុខ​មាន​តម្លៃ ២៦០ ដុល្លារ​ក្នុង​ម្នាក់​។ ប៉ុន្ដែ​ទោះ​ថ្លៃ​ខ្ពស់​កប់ពពក​យ៉ាងណា​ក៏​ភោជនីយដ្ឋាន​លិច​ទឹក​នេះ​ត្រូវ​បាន​ភ្ញៀវ​កក់​ពេញ​រហូត​ដល់​ខែ​កញ្ញា​ឯណោះ​៕ HR