ក្រុងហ្សាការតា៖ ពេលអង្គុយទទួលទានអាហារប្រពៃណីឥណ្ឌូនេស៊ី អាឌី ការីយ៉ាណូវ បានកុម្ម៉ង់អាហារ ២ មុខ និងទទួលបាន ១ មុខឥតគិតថ្លៃ នៅភោជនីយដ្ឋានថ្មីដែលមានសេវាកម្មត្រីម៉ាស្សាម្រាមជើង។
តុ និងកៅអីនៅភោជនីយដ្នាន Soto Cokro Kembang ក្នុងទីក្រុងវប្បធម៌ឥណ្ឌូនេស៊ី យុកយ៉ាការតា រៀបចំក្នុងទឹកត្រឹមកជើង ដែលសម្រាប់ដាក់ត្រីតូចៗរាប់ពាន់ក្បាល ដើម្បីបំពេញតួនាទីចឹកកោសិកាស្បែកងាប់ៗជូនភ្ញៀវ។
លោក ការីយ៉ាណូវ បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថា ត្រីកំពុងចឹកជើងខ្ញុំ។ វារាងរសើបៗដែរ តែក៏ប្លែកម្យ៉ាង។ ទទួលទានអាហារនៅទីនេះ មានអារម្មណ៍សប្បាយរីករាយ ហើយប្លែកខុសពីកន្លែងដទៃ»។
ហាងស្ប៉ាជាច្រើននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍បានផ្ដល់សេវាកម្មត្រីម៉ាស្សាជើងអស់រយៈពេលជាច្រើនឆ្នាំ ដែលត្រូវបានចាត់ទុកជាវិធីព្យាបាលកោសិកាងាប់ដ៏មានប្រសិទ្ធភាពទោះគ្មានការបញ្ជាក់បែបវិទ្យាសាស្ដ្រក្ដី។
ប៉ុន្ដែម្ចាស់ភោជនីយដ្ឋាន អ៊ីម៉ាំ នូរ ដែលបើកកាលពីខែមិថុនា បានបោះជំហានថែមសេវាកម្មគួបជាមួយម្ហូបប្រពៃណីជ្វា «អាហារត្រី»។
លោក នូរ បានប្រាប់ថា ឪពុករបស់លោកជាអ្នកនឹកឃើញគំនិតបើកភោជនីយដ្ឋានឥតជញ្ជាំងនេះ ដែលត្រីល្អិតៗ Red Nile Tilapia ជាង ៧ ពាន់ក្បាល ហែលជុំវិញជើងភ្ញៀវ។
លោកនិយាយថា៖ «ដំបូងយើងបើកភោជនីយដ្ឋាននេះសម្រាប់តែពលរដ្ឋក្នុងស្រុកក្បែរៗនេះប៉ុណ្ណោះ។ ប៉ុន្ដែអ្វីដែលកំពុងកើតឡើងនាពេលនេះលើសពីអ្វីបានគ្រោងទុក។ វាបានក្លាយជាគោលដៅទេសចរណ៍អាហារ ទាក់ទាញភ្ញៀវពីទីក្រុងនានា»។
ទីក្រុងខ្លះនៅអាមេរិកខាងជើង និងអឺរ៉ុបបានហាមឃាត់ដោយបារម្ភពីការឆ្លងបាក់តេរី ខណៈអង្គការ (PETA) បានព្រមានទាំងបញ្ហាសុខភាព និងការប្រព្រឹត្តព្រៃផ្សៃចំពោះសត្វ។
ប៉ុន្ដែអតិថិជន ដូចជា អ្នកស្រី អានណា វីឌីយ៉ា គ្រាន់តែសាកល្បងឲ្យត្រីម៉ាស្សាទុកជាបទពិសោធ។
អ្នកស្រីនិយាយថា៖ «ខ្ញុំមិនធ្លាប់ឃើញកន្លែងណាផ្ដល់សេវាកម្មបែបនេះទេ។ សំខាន់ ហាងធំទូលាយល្មមសម្រាប់ការទទួលទានជាលក្ខណៈគ្រួសារ»៕ AFP/HR