សៀមរាប: នៅ​ប្លុក​ផាប់​ស្ទ្រី​ត ជា​បណ្ដុំ​លក់​ស្រា​គ្រប់​ប្រភេទ រួមទាំង​ស្រា​ក្រឡុក​កន្ថោរ និង​ស្រា​បៀរ​តម្លៃ​ថោក ក៏​ដូចជា​រទេះ​លក់​ភេសជ្ជៈ​ក្រឡុក វា​មិន​មាន​ខ្វះ​ជម្រើស​ភេសជ្ជៈ​អ្វី​ទាល់​តែ​សោះ​នៅ​សៀមរាប លុះ​ត្រា​តែ​ប្រាថ្នា​ស្រា​ក្រឡុក​រស​ជាតិ​បែប​ថ្មី និង​អង្គុយ​ក្នុង​បារ៍​ក្រោម​បរិយាកាស​ប្លែក​អារម្មណ៍។

តម្រូវការ​នេះ​មាននៅ​បា​រ៍ អាសនៈ ឬ​អាសា​ណា​បើកទ្វារ​ជិត ៧ ឆ្នាំ ដែល​នៅតែ​រក្សា​ភាព​វិសេស​របស់​ខ្លួន​ជាមួយ​ប្រភេទ​ស្រា​ក្រឡុក​ប្រើ​គ្រឿង​ផ្សំ​រស​ជាតិ​ពី​គ្រឿង​ទេស​ផ្ទះបាយ​ខ្មែរ និង​រចនា​ប័ទ្ម​បារ៍​តែ ១ គត់​កណ្ដាល​ក្រុង។

ពេល​ឈាន​ជើង​ចូលដល់​បរិវេណ​បា​រ៍ អាសា​ណា វា​ហាក់ដូចជា​ដំណើរ​ទៅដល់​ភូមិឋាន​ជនបទ​ស្រុក​ស្រែ​ចម្ការ។

បា​រ៍​ផ្ទះ​ឈើ​បុរាណ អាសា​ណា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១២ ដែល​មុននេះ វា​ធ្លាប់ជា​ផ្ទះ​រស់​នៅ​របស់​ក្រុម​គ្រួសារ​មួយ។ ផ្ទះ​ឈើ​បុរាណ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ហើយ​វា​ធ្លាប់​ជា​ផ្ទះ​ដ៏​ទាន់​សម័យ​មួយ​នា​គ្រា​នោះ។ សំណង់​នេះ​ជា​ផ្ទះ​បែប​ប្រពៃណី​ចុង​ក្រោយ​ក្នុង​តំបន់​ផ្សារ​ចាស់ ហើយ​បច្ចុប្បន្ន វា​ជា​សក្ខីភាព​នៃ​ការ​រីក​ចម្រើន​របស់​ក្រុង​សៀមរាប។

បារ៍​អាសនៈ ជា​​ផ្ទះឈើ​​ទសវត្សរ៍​ឆ្នាំ ១៩៦០។ ធី សុផាន់ណា

អ្នកស្រី អ៊ុន សុ​ផា​រី ម្ចាស់​បា​រ៍អា​សា​ណា​បាន​និយាយថា៖ «ខ្ញុំ​មាន​មោទនភាព ដែល​យើង​អាច​បង្ហាញ​ផ្ទះ​របៀប​លក្ខណៈ​ខ្មែរ​បែប​ស្រុក​ស្រែ ស្ថិត​នៅ​ក្នុង​ក្រុង​សម្រាប់​ភ្ញៀវ​បរទេស ពីព្រោះ​ភាគ​ច្រើន​នៅ​ទីនេះ​សម្បូរ​ភ្ញៀវ​បរទេស។ គាត់​ថា វ៉ូវ! យក​ផ្ទះ​នេះ​មក​ពី​ណា? ហើយ​សម្រាប់​ខ្មែរ​យើង ក្មេងៗ​គាត់​អត់​សូវ​ស្គាល់​ផ្ទះ​បុរាណ​ខ្មែរ ពួក​គាត់​ក៏​ងឿង​ឆ្ងល់​ដែរ»។

កៅអី​ឈើ ទ្រនាប់​ស្រោប​បាវ​អង្ករ គ្រែ​ចងខ្សែ​ព្យួរ​កម្រាលពូក និង​ខ្នើយ​ស្រោប​បាវ​អង្ករ ព្រមទាំង​ជង្រុក​ស្រូវ​ច្នៃ​ជា​សា​ឡុង​យ៉ាង​ស្រស់​ស្អាត​ស្ថិត​នៅ​ក្រោម​ផ្ទះ​រចនា​ប័ទ្ម​ផ្ទះ​ឈើ​បុរាណ​ទសវត្សរ៍។

ផ្សំ​គ្រឿង​ស្រា​ក្រឡុក​បណ្ដើរ ឆ្លៀត​មក​ផ្ដល់​បទ​សម្ភាស​ជាមួយ ភ្នំពេញ ប៉ុស្ដិ៍ បណ្ដើរ លោក Dwen Franke មាន​ជំនាញ​ជា​អ្នក​ក្រឡុក​ស្រា បាន​ប្រាប់​ថា៖ «ពេល​ខ្ញុំ​ដឹងថា មាន​បារ៍​មួយ​រចនា​ឡើង​ពី​ផ្ទះ​ឈើ​បុរាណ​នៅ​កណ្ដាល​ក្រុង​នេះ ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំង ដោយ​មាន​បំណង​ចង់​ឃើញ និង​ចង់​ភ្លក្ស​រស​ជាតិ​ស្រា​ក្រឡុក​ច្នៃ​យ៉ាង​ពិសេស​នៅ​ទីនេះ»។

បុរស​អាមេរិក ដែល​ទើបតែ​ស្គាល់​វប្បធម៌​អាស៊ីអាគ្នេយ៍​ថ្មីថ្មោង​រូបនេះ បន្ដថា៖ «នៅ​ម្ដុំ​នេះ យើង​ឃើញ​អគារ​ទំនើបៗ​គ្រប់​ច្រក​ល្ហក។ ផ្ទះ​មួយ​នេះ ជា​ទិដ្ឋភាព​លំនៅឋាន​បែប​ស្រុក​ស្រែ ដែល​សម្បូរ​ច្រើន​នៅ​តាម​ជន​បទ​កម្ពុជា»។

អាសា​ណា បម្រើ​ភេសជ្ជៈ​ចម្បង​ជា​ប្រភេទ​ស្រា​ក្រឡុក តាមបែប​ផែន​ពី​សម័យ​ដើម​ផង ពី​បរទេស​ផង និង​ការ​ច្នៃ​ប្រឌិត​ពី​ម្ចាស់​ហាង​ផ្ទាល់​ផង។

ភ្ញៀវ​រីករាយ​​ភ្លក្ស​រសជាតិ​ស្រាក្រឡុក​​ស្នាដៃ​ខ្លួន​ឯង​។ ធី សុផាន់ណា

អ្នកស្រី សុ​ផា​រី បាន​រៀបរាប់ថា៖ «ខ្ញុំ​ប្រើ​គ្រឿងផ្សំ​លាយ ដូចជា ល្មៀត ខ្ញី ម្អម ស្លឹក​ក្រូច​សើច និង​ស្រា ស ដែល​ធ្វើ​ពី​អង្ករ​ខ្លះ​ដែរ ពីព្រោះ​មុន​ដំបូង ខ្ញុំ​ធ្វើ​តែ​រុក្ខជាតិ​ពី​ខ្ញី​ស្លឹក​គ្រៃ ទឹក​អំបិល​ជា​ដើម។ ប៉ុន្ដែ​ដោយសារ​អត់​មាន​ទីផ្សារ ខ្ញុំ​ក៏​ចាប់ផ្ដើម​លាយ​ជា​ស្រា​ក្រឡុក​វិញ»។

អ្នកស្រី បាន​ប្រាប់ថា ការរៀន​ក្រឡុក​ស្រា​មាន ៣ មុខ រួច​ភ្ញៀវ​អាច​ភ្លក្ស​ស្នាដៃ​ខ្លួនឯង​ចេញ​ពី​គ្រឿង​ទេស​ផ្ទះបាយ ដូចជា ម៉ូជីតូ ខ្ញី ទឹក​អំបិល និង​អាសា​ណា ស្ល៊ីង ក្នុង​តម្លៃ ១៥ ដុល្លារ រួម​ទាំង​គ្រឿង​ក្លែម​តិច​តួច​គ្រាន់​ទ្រាប់​ពោះ។

លើ​តុ​មាន​ជ្រញ់ កូន​ត្បាល់ និង​គ្រឿងទេស​ជាច្រើន​មុខ ស្ដ្រី​ជួតក្បាល​ក្រមា​បាន​ឲ្យ​ដឹងថា៖ «ស្រា​ក្រឡុក​ទឹក​អម្ពិល មាន​គ្រឿង​ផ្សំ​ទឹក​អម្ពិល ម្អម ស្លឹក​ក្រូច​សើច និង​ស្រា​រ៉ាំ។ អាសា​ណា​ស្ល៊ីង​ដូច​ស៊ីងហ្គាពួ​ស្ល៊ីង តែ​ខ្ញុំ​ដាក់​ស្រាថ្នាំ»។

បា​រ៍​អាសា​ណា​នៅ​ផ្លូវ​លេខ ៧ ភូមិ​មណ្ឌល ១ ក្បែរ​ផាប់​ស្ទ្រី​ត​សៀមរាប។ ទំនាក់​ទំនង​លេខ ០៩២ ៩៨ ៧៨ ០១៕