ក្រុង​សៀមរាប៖ ដោយសារ​​តែ​មើល​​​ឃើញ​ថា ឧបករណ៍​​​តន្រ្តី​បុរាណ​​របស់​ខ្មែរ​​ដ៏​កម្រ​​ឈ្មោះ​ថា «​អង្កួច» ​​មិន​សូវ​មាន​​​​អ្នក​​​​ស្គាល់​ និង​ជិត​​បាត់បង់​ធនធាន​អ្នក​ចេះ​លេង ​និង​ផលិត​​​​នោះ ទើប​​​​​​មជ្ឈមណ្ឌល​បេតិកភណ្ឌ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ ​​បង្កើត​នូវ​​​​គម្រោង​​ស្រាវជ្រាវ​​លើ​​​​​​ឧបករណ៍​​តន្ត្រី​​មត៌ក​វប្បធម៌​​ខ្មែរ​មួយ​​នេះ ក្នុង​​គោល​​បំណង​​អភិរក្ស និង​ផ្សព្វផ្សាយ​បន្ត​។​

លោក សុង សេង​ នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ បង្ហើប​ឲ្យ​ដឹង​ពី​ដំណើរការ​​​ស្រាវជ្រាវ​​ឧបករណ៍​តន្ត្រី​ខ្មែរ​​បុរាណ​នេះ​ថា៖ «យើង​​​ស្រាវជ្រាវ​​ឃើញ​ថា អង្កួច​​មាន​​​​ ២​ ប្រភេទ ​​គឺ​អង្កួច​​​ដែក និង​អង្កួច​ឫស្សី។ សម្រាប់​អង្កួច​ដែក គឺ​​ជួប​លោក​តា ប៊ុន សុង​​​មាន​​វ័យ ​៧៩ ឆ្នាំ គាត់​​រស់នៅ​ក្នុង​​ភូមិ​ព្រះ​គោ​​ថ្មី ឃុំ​ស្វាយចេក ស្រុក​អង្គរ​ធំ ខេត្ត​​សៀមរាប ដែល​គាត់​​​​ចេះ​ធ្វើ​ឧបករណ៍​នេះ​។ ចំណែក​អង្កួច​ឫស្សី​វិញ ឃើញ​នៅ​ភូមិ​ស្រះ​ស្រង់​​ខាង​ជើង​ សង្កាត់​នគរធំ ក្រុង​ និង​ខេត្ត​សៀមរាប ដោយ​មាន​លោក​តា ក្រាក់ ជី ​មាន​វ័យ ​៦៩ ឆ្នាំ​​ គាត់​គឺ​ជា​ប្រធាន​ភូមិ​​ ​ហើយ​ក៏​មាន​កូន​ប្រុស​ឈ្មោះ​​ ជី មុនីវង្ស ចេះ​ធ្វើ​ និង​ចេះ​ផ្ទាត់ (ឧបករណ៍​អង្កួច​​នេះ​​ គេ​ប្រើ​ភាសា​ថា​ ផ្ទាត់​មិន​មែន​ផ្លុំ​នោះ​​​ឡើយ​ ព្រោះ​​​តែ​គេ​ប្រើ​អណ្តាត និង​អញ្ចាញ​​ផ្ទាត់​)​»។

លោក សុង សេង បន្ត​ឲ្យ​ដឹង​ត្រួសៗ​ពី​​ការ​ប្រគំ​តន្រ្តី​នេះ​ដែរ​​​ថា៖ «បើ​តាម​​លោក​​តា ប៊ិន សុង នោះ​ អង្កួច​ដែក​គេ​អាច​ផ្ទាត់​ជា​បទ​​ភ្លេង​នានា​បាន​​ ហើយ​វា​​​​មាន​ដើម​កំណើត​ពី​ជនជាតិ​ភាគ​តិច​គួយ​ ដោយ​និយម​លេង​​​ក្នុង​​​បរិយាកាស​​នៃ​ការ​សាសង់​រវាង​គូ​ស្នេហ៍​​កំលោះ​ក្រមុំ​។​ តែ​​​អង្កួច​ឫស្សី​វិញ បើ​តាម​លោក​​តា ​ក្រាក់ ជី និង​លោក ជី មុនីវង្ស ថា គេ​​ក៏​មិន​ដឹង​ថា វា​​​​​ផ្ទាត់​ចេញ​ជា​ទំនុក​បទ​ភ្លេង​នានា​បាន​​ឡើយ ដោយ​​គ្រាន់​តែ​ដឹង​ថា​អាច​ផ្ទាត់​ជាសូរ​សំឡេង​​តែ​​ប៉ុណ្ណោះ​​»។

លោកតា ប៊ិន សុង ដែល​ចេះ​ធ្វើឧបករណ៍​ «អង្កួចដែក» និង​លោក ជី មុនីវង្ស ដែល​ចេះ​ផ្ទាត់ឧបរកណ៍​ «អង្កួចឫស្សី»​​​។ រូបថត CLA

ក្រោយ​ពី​​​គម្រោង​នេះ បាន​ស្រាវជ្រាវ​ និង​​ជួប​​លោក ជី មុនីវង្ស អ្នក​ធ្វើ​អង្កួច​ឫស្សី និង​តា​ ប៊ិន សុង​ បាន​បង្ហាញ​​ប្រាប់​​អំពី​របៀប​ធ្វើ​អង្កួច និង​ដំណាក់​កាល​នីមួយៗ ក៏​ដូច​​ជា ​បាន​ផ្ទាត់​ឲ្យ​ស្តាប់​នូវ​សូរ​​សៀង​​ឧបករណ៍​តន្រ្តី​អង្កួច​ ​​យ៉ាង​ពី​រោះ​ផង​ដែរ​​​។​

លោក សុង សេង ​បង្ហើប​ពី​គោល​បំណង​នៃ​ការ​ស្រាវជ្រាវ និង​​មាន​ដៃគូ​​សហការ​​ដែរ​ថា៖ «គម្រោង​ស្រាវជ្រាវ​លើ​ឧបករណ៍​តន្ត្រី​បុរាណ​ខ្មែរ​ឈ្មោះ​ថា​ «​អង្កួច» នេះ ​បាន​ចាប់​ផ្តើម​ហើយ​ ដែល​អនុវត្ត​ឡើង​ក្រោម​​កិច្ច​សហការ​រវាង​​ក្រុម​ការងារ​​​មជ្ឈមណ្ឌល​បេតិកភណ្ឌ ​និង​លោកស្រី​បណ្ឌិត​ខាធ ធ្រីហ្រ្កាន ជា​​អ្នក​ស្រាវជ្រាវ​មក​ពី​សាកល​វិទ្យាល័យ្រ​ហ្គីហ្វហ្វីដ​ នៃ​ប្រទេស ​អូស្រ្តាលី និង​មាន​លោក ប៉ាទ្រីក ឃើសាឡេ ជាជាតិ​​​ពិន្ទុ​​​តូរ្យ​តន្ត្រី​វិទូ​មក​ពី​ប្រទេស ​បារាំង ហើយ​ក៏​មាន​ការ​គាំទ្រ​ដោយ​​កម្មវិធី​ចំណេះ​ដឹង​អំពី​សម្ភារ​ដែល​ជិត​បាត់​បង់​នៃ​សារ​មន្ទីរ​ចក្រភព​អង់គ្លេស​ទៀត​ផង​ដែរ​»។​

លោក សុង សេង បាន​​បន្ថែម​ឲ្យ​ដឹង​ទៀត​​ថា៖ «​គោល​បំណង​យើង​ចង់​អភិរក្ស​​នូវ​ឧបករណ៍​តន្រ្តី ដែល​ជិត​បាត់បង់​នេះ​ និង​ផ្សព្វផ្សាយ​វា​បន្ត​ឲ្យ​មហាជន​បាន​​ស្គាល់​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​។​ សម្រាប់​ការ​ស្រាវជ្រាវ​នេះ យើង​ក៏​នឹង​ថត​ជា​វីដេអូ​​សកម្មភាព​នៃ​ការ​​ផ្ទាត់​ឧបករណ៍​អង្កួច​ទាំង​​ ២ ប្រភេទ​មាន​​រយៈ​ ២០ នាទី​ មួយ​វីដេអូ​ និង​មួយ​វីដេអូ​ទៀត ដែល​មាន​​លក្ខណៈ​លម្អិត​ពី​​ឧបករណ៍​អង្កួច​នេះ​ដែរ​ ប្រហែល​ជា​មាន​រយៈពេល​​ ១ ​ម៉ោង​ ដើម្បី​រក្សា​ទុក​ជា​ឯកសារ​ទុក​ខ្លួន​ឯង​ផង​ និង​ដើម្បី​ជូន​ទៅ​រក្សា​ទុក​នៅ​ឯ​សារមន្ទីរ​ចក្រភព​អង់គ្លេស​ ក៏​ដូចជា​​នឹង​មាន​ការ​​បោះ​ពុម្ព​សៀវភៅ​ខ្នាត​តូច​ស្តីពី​វា​ផ្សាយ​ផង​ដែរ»៕​