ភ្នំពេញៈ ទើបតែចេញសៀវភៅមានចំណងជើងថា «បងប្អូនប្រុសទាំង ៣» មានអត្ថន័យរៀបរាប់ពីប្រវត្តិកូនប្រុសទាំង ៣ នាក់របស់លោក ហ៊ុន សែន បង្កើតភាពភ្ញាក់ផ្អើលកាលពីចុងឆ្នាំ ២០១៨ នោះសោះស្រាប់តែនាព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៩ ម្សិលមិញនេះលោក ឆាយ សុផល ជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅបែបប្រវត្តិសាស្ត្រនយោបាយ បានប្រកាសបើកសម្ពោធមជ្ឈមណ្ឌលរូបថតកម្ពុជាដំបូងមួយដែលចំណាយប្រាក់អស់ប្រមាណជា ២៣ ម៉ឺនដុល្លារអាមេរិក។
មជ្ឈមណ្ឌលរូបថតកម្ពុជាគឺជាកន្លែងដំបូងគេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលបានដាក់តាំងរូបភាព និងរូបវីដេអូឃ្លីបចាស់ ថ្មី ស្ដីពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នយោបាយ និងបញ្ហាសង្គមនៃប្រទេសកម្ពុជាដោយសង្ខេបដែលកើតមានតាំងពីមុនឆ្នាំ ១៩៧០ មកដល់បច្ចុប្បន្ន។
មជ្ឈមណ្ឌលនេះបានចំណាយថវិកាប្រមាណជា ២៣ ម៉ឺនដុល្លារដែលបានបង្កើតឡើងនៅក្នុងបុរី សែនសុខ អគារលេខ ២០G ផ្លូវមហា G ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលមានចម្ងាយប្រមាណជា ២ គីឡូម៉ែត្រខាងជើងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក ឆាយ សុផល ដែលជាអ្នកកាសែតជើងចាស់ និងជាស្ថាបនិក មជ្ឈមណ្ឌលរូបថតកម្ពុជាបានលើកឡើងនាពេលបើកសម្ពោធថា៖ «ក្រៅពីនិស្សិត និងមហាជនទូទៅនោះទេ ភ្ញៀវបរទេសដែលបានមកកម្សាន្តនៅក្រុងភ្នំពេញដោយបានទៅទស្សនានៅគុកទួលស្លែង បឹងជើងឯក និងព្រះបរមរាជវាំង គួរតែមកទីនេះដើម្បីស្វែងយល់ ព្រោះថាខ្ញុំបានធ្វើដំណើរទៅច្រើនប្រទេសគេក៏ធ្វើរបៀបហ្នឹងដែរ! ហើយនេះគឺជាគោលគំនិតរបស់ខ្ញុំមានយូរហើយដែរ»។
ដោយឆ្លងកាត់បទពិសោធមានអាជីពជាសាស្ត្រាចារ្យផង និង ជាអ្នកសរសេរសៀវភៅផងលោក ឆាយ សុផល ក៏បានលើកឡើងបន្តទៀតដែរថា៖ «នេះគឺជាមជ្ឈមណ្ឌលរូបថត និងវីដេអូឃ្លីបដំបូងបង្អស់នៅក្នុងកម្ពុជា។ មូលហេតុដែលហ៊ានអះអាងបែបនេះដោយសារតែកន្លងមកមានមជ្ឈមណ្ឌលផ្សេងៗដែរ តែគេបានធ្វើដាច់ដោយឡែកពីគ្នា ខណៈផ្នែកខ្លះគេផ្ដោតទៅលើស្នាដៃសិល្បៈ ខ្លះទៀតផ្ដោតលើសម័យកាលខ្មែរក្រហម និងមានខ្លះបានផ្ដោតលើកសិកម្មសុទ្ធសាធ។ ចំណែកឯមជ្ឈមណ្ឌលរូបថតកម្ពុជានេះមានភាពចម្រុះ ដោយមានការបង្ហាញរឿងរ៉ាវតាំងពីសម័យកាលមុនឆ្នាំ ១៩៧០ មានន័យថា រាប់តាំងពីសម័យសង្គមរាស្ត្រនិយម តរហូតមកដល់សម័យកាលបច្ចុប្បន្ននេះតែម្តង។ ខ្ញុំក៏ចង់ឲ្យនិស្សិតខ្មែរដែលកំពុងសិក្សារយៈពេល ៤-៥ ឆ្នាំ នៅតាមសាកលវិទ្យាល័យនានាគួរតែមកមជ្ឈមណ្ឌលនេះដែរឲ្យបានម្ដងសម្រាប់ជីវិតជានិស្សិតនោះ»៕