ក្រុងរ៉ូម: ហ្គីដូ ខាមីយ៉ា អាចបង្ហាញអ្នកពីវិធីបង្កាត់ភ្លើងដោយប្រើប្រាស់ដុំថ្ម រៀនរស់ដោយការទទួលទានសត្វល្អិត និងសង់ជម្រកក្នុងព្រៃ។
បុរសអាយុ ៣៧ ឆ្នាំ ដែលធ្លាប់បានបង្វឹកធ្វើជាចុងភៅនំ ពេលនេះបែរជាមកបើកវគ្គបង្រៀន «រៀនរស់តាមបែបផែនមនុស្សសម័យដើម» នៅជ្រលងភ្នំប្រទេស អ៊ីតាលី។
នៅដំណើរចុងសប្ដាហ៍របស់លោក អ្នកអាចប្រទះឃើញបុរសរូបនេះឡើងដើមឈើ និងចាប់ត្រីដៃទទេ ស្លៀករោមសត្វដណ្ដប់កាយ កាន់លំពែងថ្ម និងមានរូបរាងដូចតួអង្គតុក្កតារឿង «The Flintstones»។
លោក ខាមីយ៉ា ក៏បានបើកវគ្គសិក្សាតាមបែបប្រពៃណីអ្នកជនបទធម្មតាតែចំណូលចិត្ដចំពោះយុគសម័យថ្ម បានធ្វើឲ្យលោកនឹកឃើញសម័យកាលរស់នៅ (Neanderthal) តាំងពីរាប់ម៉ឺនឆ្នាំមុន។
លោកបានអះអាងថា សម័យមនុស្ស Neanderthal ដែលរស់នៅចន្លោះពី ៤០ ម៉ឺនមក ៤ ម៉ឺនឆ្នាំមុន ពិតជាមានភាពវៃឆ្លាតណាស់។ លោកបន្ដថា៖ «មនុស្សសម័យនោះរកឃើញភ្លើង និងអាចសម្របខ្លួនទៅតាមអាកាសធាតុប្រែប្រួល។ ពួកគេជាអ្នកបំផ្លាស់ទីរស់នៅញឹកញាប់ទាំងនៅតាមល្អាងនានាតែក៏ចេះវិធីសង់ជម្រករស់នៅផងដែរ»។
ចំពោះតម្លៃចាប់ពី ៩០ ទៅ ១១២ ដុល្លារ សម្រាប់ម្នាក់ក្នុង ១ រាត្រី វគ្គសិក្សាមូលដ្ឋាន រួមមានការស្នាក់នៅក្នុងជម្រកជំរំបណ្ដោះអាសន្នផងដែរ។ លោក ខាមីយ៉ា និយាយថា លោកផ្ដល់វគ្គសិក្សាពី ២ ទៅ ៣ ម៉ោង ចំពោះភ្ញៀវទូទៅ និងក្រុមសិស្ស-និស្សិត។
លោកបានបញ្ជាក់ថា៖ «ខ្ញុំបង្ហាញពួកគេពីរបៀបរស់នៅរបស់មនុស្សសម័យដើម ដោយប្រើដុំថ្មបង្កាត់ភ្លើង និងលំពែងថ្មសំលៀងក្នុងការស្វែងរកចំណី និងចម្អិនអាហារ»។
លោកបន្ដថា៖ «ចំពោះភ្ញៀវជ្រើសរើសវគ្គស្រាល ខ្ញុំផ្ដល់បទពិសោធរស់នៅតាមបែបផែនមនុស្សសម័យមុនជាមួយសម្ភារប្រើប្រាស់គ្រប់គ្រាន់។ ប៉ុន្ដែវគ្គសិក្សាកម្រិតខ្ពស់ ពួកគេត្រូវចេះស្វែងរកអាហារដោយខ្លួនឯង»។
លោកនិយាយទាំងទឹកមុខញញឹមថា៖ «វាធ្វើឲ្យមនុស្សយល់ដឹងថា ខួរក្បាលប្រើថាមពលច្រើនបំផុត។ តែហ៊ានអត់បាយ ៣ ថ្ងៃ សូម្បីតែគណនាលេខស្រួលៗក៏មិនចេញដែរ»។
លោកបាននិយាយថា៖ «ប៉ុន្ដែយើងត្រូវដឹងពីរបៀបសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំង ប្រភេទអាហារផ្សេងៗ និងអាចផ្លាស់ប្ដូររបបនៃការរស់នៅ»៕ AFP/HR