ភ្នំពេញ៖ ពេលវេលា​​​រំលង​មិន​ទាន់​បាន​​​កន្លះ​ឆ្នាំ​​ផង​នោះ ​ស្រាប់​តែ​តារា​ចម្រៀង​ស្រី​​រលក​ក្រោយ ​ទើប​មាន​វ័យ ​១៧ ឆ្នាំ កញ្ញា សោភា ទេពី បាន​ដូរ​រថយន្ត​​ម៉ាក​​ Lexus NX 200t ​តម្លៃ​ជាង ​៦ ​ម៉ឺន​​​ដុល្លារ​ មក​ជិះ​​​​រថយន្ត​ថ្មី​​សន្លាង​​​​​ម៉ាក​​​ពី​ Lexus RX 350 តម្លៃ​ជាង ​១០ ម៉ឺន​​ដុល្លារ​វិញ ធ្វើ​​ឱ្យ​​​មហាជន​​ស្ងើច​សរសើរ​ខ្លាំង​​នឹង​ធនធាន​​សម្បូរ​ប្រាក់​របស់​​នាង​​។​

កញ្ញា សោភា ទេពី បាន​បង្ហើប​សារ និង​រូបថត​ជា​​​ច្រើន​សន្លឹក​ពី​​ដំណឹង​​​​ទិញ​រថយន្ត​ថ្មី​របស់​ខ្លួន​ ​​បង្ហោះ​​​​កាល​ពី​ថ្ងៃ​ទី ​២៦ ខែ ​តុលា ឆ្នាំ ២០២០ ថា៖ «ស្រឡាញ់​ខ្លាំង​ណាស់​កូន​ម៉ាក់ Lexus RX 350 ជា​ញើស​ឈាម​របស់​ម៉ាក់ ម៉ាក់​ហត់​​ណាស់​​​​ទម្រាំ​បាន​កូន​មក​​នៅ​ជាមួយ​នោះ!​»។ ​

មិន​តែ​ប៉ុណ្ណោះ​ចំពោះ​​រថយន្ត​ម៉ាក Lexus RX 350 ស៊េរី​ឆ្នាំ ២០១៧ ​ដែល​​នាង​ទើប​ទិញ​នេះ បើ​តាម​​​​តម្លៃ​ទីផ្សារ​នោះ ​គឺ​ខ្ទង់​តម្លៃ ១០៦ ០០០ ​ដុល្លារ​ ខណៈ​កញ្ញា​ សោភា​ ទេពី ​​ក៏​បញ្ជាក់​ថា៖ «​​នេះ​គឺ​ជា​ញើស​ឈាម​សុទ្ធសាធ​​របស់​នាង​ខ្ញុំ​ បាន​​​​សន្សំ​តាំង​​​ពី​អាយុ ​៩ ​ឆ្នាំ​មក​ម្ល៉េះ ដែល​បាន​ចូល​ប្រឡូក​​នៅ​លើ​វិថី​សិល្បៈ​ ដោយ​​ប្រើប្រាស់​សមត្ថភាព​ខ្លួន​ឯង​ពិតៗ ហើយ​លុយ​ទិញ​​រថយន្ត​នោះ​ គឺ​បាន​ប្រគល់​លុយ​ឱ្យ​គេ​ភ្លាមៗ​​មិន​មាន​ជំពាក់​គេ​នោះ​ទេ​»។

តារាចម្រៀង​ស្រី​វ័យ​ ១៧ ឆ្នាំ ដែល​ស្រូប​ប្រជា​ប្រិយ​យុវវ័យកញ្ញា សោភា ទេពី​។ រូប ហ្វេសប៊ុក

គ្រាន់​តែ​ឃើញ​​កញ្ញា សោភា ទេពី​ បង្ហោះ​រថយន្ត​ថ្មី​​មិន​ទាន់​បាន​​ប៉ុន្មាន​​​​ម៉ោង​ផង​​​នោះ​ ស្រាប់​តែ​​​អ្នក​គាំទ្រ​លាន់​មាត់​​​សរសើរ​​​​មិន​ដាច់​ពី​មាត់​ថា៖ «​អីយ៉ា! ​សូម​​​សរសើរ​អាយដល​ មិន​នឹក​ស្មាន​ទេ​ថា​នៅ​វ័យ​ក្មេង​​​សោះ​ តែ​អាច​មាន​សមត្ថភាព​ ទិញ​​​​រថយន្ត​​ទំនើប​​​​​ដោយ​​ខ្លួន​​ឯង​ពិត​ជា​​​អស្ចារ្យ​មែន!​»។

ដោយ​ឡែក​ខណៈ​​ពេល​ដែល​តារា​ប្រុស​ស្រី​ស្ទើរ​គ្រប់​រូប ​​រអ៊ូរទាំ​នឹង​ការ​​​​ធ្លាក់​ចុះ​​​ជីវភាព​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​​ ដោយ​​​សារ​​វិបត្តិ​កូវីដ ​១៩ ស្រាប់​តែ​តារា​​ចម្រៀង​​​​ស្រី​​​​​ចូល​​​ចិត្ត​​ច្រៀង​​​​ឡើង​វិញ​​​បទ​​មរតក​​ដើម និង​អតីត​​ជា​បេក្ខនារី​​​​ប្រឡង​​​កម្មវិធី​ Cambodia Idol រដូវ​​កាល​ទី​៣ ​ដល់​​​វគ្គ Live Show សប្តាហ៍​ទី​ ៥​ កញ្ញា សោភា ទេពី​​ ក៏​ធ្លាប់​​​​ឮ​រហៀងៗ​ថា ចង់​ដូរ​​រថយន្ត​ថ្មី​​ម៉ាក​ Rang Rover ខណៈ​​ខ្លួន​កំពុង​តែ​ជិះ​រថយន្ត​​​​ម៉ាក​​ Lexus NX 200t ​តម្លៃ​ជាង ​៦ ​ម៉ឺន​​​ដុល្លារ​ហើយ។​​​ តែ​ឥឡូវ​​​នេះ​ ​នាង​ដូរ​ចិត្ត​​មក​ជិះ​​ ម៉ាក Lexus RX 350 វិញ​ម្តង​។​

តែ​កញ្ញា សោភា ទេពី អតីត​ជា​បេក្ខភាព​ប្រឡង​​ ​Cambodian Idol រដូវកាល​ទី ៣ និង​បច្ចុប្បន្ន ​គឺ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម Zone ​កំពុង​តែ​ស្រូប​ភាព​ល្បី​មាន​ឈ្មោះ​បោះ​សំឡេង​ជាមួយ​​​នឹង​បទ «អ្នក​ណា​កែ​ចិត្ត​បង?» ​ដោយ​មាន​អ្នក​ចូល​ទស្សនា​​ចំនួន 4.5 M ​នោះ​ក៏​បាន​​​​បង្ហើប​ឱ្យ​ដឹង​ដែរ​​ថា​៖ «​មិន​ទាន់​​អាច​ដឹង​​បាន​​ទេ​ថា​ ត្រូវ​ការ​​​ប្រើ​ពេល​ប៉ុន្មាន​​ឆ្នាំ​ទៀត​នោះ ទើប​​អាច​សម្រេច​បំណង​​​​នេះ​ ព្រោះ​ថា​​នាង​​​​ខ្ញុំ​គ្មាន​​​អ្នក​ណា​គេ​ជួយ​​​ឧបត្ថម្ភ​ឡើយ គឺ​ពឹង​តែ​កម្លាំង​ខ្លួន​​ឯង​​តែ​ប៉ុណ្ណោះ​។ ប៉ុន្ដែ​​នាង​ខ្ញុំ​​គិត​ថា ការ​មាន​ក្តី​បំណង​​​ព្រម​​​​ទាំង​មាន​ការ​​តាំង​ចិត្ត​ នឹង​​ធ្វើ​​ឱ្យ​សម្រេច​​បំណង​នេះ​ជា​មិន​ខាន​ ​នៅ​​ថ្ងៃ​ណា​​មួយ​​​នោះ​ឡើយ​ ព្រោះ​ថា ​ចិត្ត​​​ចង់​​​ជិះ​ឡាន​ម៉ាក​នេះ ​[ Range Rover] ស្ថិត​នៅ​​ក្នុង​​ក្ដី​ស្រមៃ​ឱ្យ​បាន​គ្រាន់​តែ​ត្រូវ​ការ​ប្រើ​​ពេល​វេលា​ ដើម្បី​បាន​​​វា​នោះ គឺ​​​យូរ​​​បន្តិច​​ប៉ុណ្ណោះ​»៕​