ភ្នំពេញ៖ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា លើកទី ៩ នឹងប្រារព្ធធ្វើពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២០ ហើយនៅមជ្ឈមណ្ឌលសហប្រតិបត្តិការនៃកម្ពុជា-ជប៉ុន (CJCC) ដែលជាការសហការគ្នារវាងស្ថានទូតជប៉ុនប្រចាំនៅប្រទេស កម្ពុជា និងមជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ី ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១២ នៅក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរបន្ថែមរវាងប្រជាជននៃប្រទេសទាំង ២ ក្រោមប្រធានបទមួយថា «អានុភាពនៃកីឡា»។
បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានឲ្យដឹងពីកម្មវិធីពិសេសត្រួសៗពីថ្ងៃសំខាន់ៗនៃឆ្នាំ ២០២០ ឲ្យដឹងថា៖ «មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសារតែប្រទេស ជប៉ុន នឹងជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំនេះ ដូច្នេះមហោស្រពគីហ្សូណា ក្រោមប្រធានបទ «អានុភាពកីឡា» នឹងមានរៀបចំកម្មវិធីកីឡាមួយចំនួនផងដែរ។ លើសពីនេះ មហោស្រពក៏នឹងមានកម្មវិធីជាច្រើនទៀតដែរ ដូចជាសិក្ខាសាលាទាក់ទងនឹងសិល្បៈអប់រំសុខភាព និងបច្ចេកវិទ្យាសាកល្បងភ្លក្សម្ហូប និងបង្អែមខែ្មរ-ជប៉ុន សាកល្បងស្លៀក «ក្បិន» ខ្មែរ និងការស្លៀកពាក់ «យូកាតា» ជប៉ុនសាកល្បងក្នុងពិធីលៀងតែជប៉ុន «សាដូ» សិល្បៈបត់ក្រដាស «អូរីហ្គាមី» ការតុបតែងផ្កា «អ៊ីកេបាណា» ការសរសេរអក្សរផ្ចង់ «ស្យូដូ» ជាដើម»។
សេចក្តីប្រកាសដដែលបន្តឲ្យដឹងកម្មវិធីបន្ថែមដែរថា៖ «យើងមានការសម្តែងរបាំប្រពៃណី និងសម័យរបស់ជប៉ុន-កម្ពុជា សិក្ខាសាលា និងការសម្តែងក្បាច់រាំលើកទឹកចិត្តការសាកល្បងសកម្មភាពជាមួយកីឡាករប៉ារ៉ាឡាំពិក សិក្ខាសាលាស្តីពីបាល់ទាត់ដោយ Soltilo សម្តែង និងសិក្ខាសាលារបាំ Awa Odori កម្មវិធីសាកល្បងប្រាជ្ញាសប្បាយៗស្តីអំពីជប៉ុន និងកម្ពុជា ការប្រគំតន្រ្តីក្លាស៊ិកដោយក្រុម Worldship Orchestra និងក្រុមតន្រី្តយុវជនអង្គរការប្រគំតន្រ្តីដោយក្រុម Mortal Combat និងសិល្បការិនី រ៉េបសាំងសុខសេរី។ សាកល្បងជាមួយនឹងកីឡាយុទ្ធសិល្ប៍ជប៉ុន និងកម្ពុជា (កីឡាយូដូ ការ៉ាតេដូ អៃគីដូ និងក្បាច់គុនល្បុក្កតោ) តោះយើង Cosplay Kizuna ឆ្នាំ ២០២០ និងការសម្តែងល្ខោនស្បែកតូច និងការសម្តែងយីកេខ្មែរ»។
ខណៈកម្មវិធីប្រចាំថ្ងៃនីមួយៗ នោះ ក៏ត្រូវបានគេឲ្យដឹងកម្មវិធីពិសេសៗ មួយចំនួនតាមរយៈសេចក្តីប្រកាសព័ត៌មានដែរថា៖ «សម្រាប់ថ្ងៃទី ២០ ខែកុម្ភៈ ជាការបើកកម្មវិធីមហោស្រពដោយមានការសម្តែងរបាំប្រពៃណីខ្មែរ និងសម័យរបស់ក្រុមសិល្បៈខ្មែរ និងរបាំជប៉ុន។ ចំណែកល្ងាចថ្ងៃទី ២១ ខែកុម្ភៈ មានការសម្តែងរបាំអាវ៉ាអូដូរី ដែលជារបាំប្រពៃណីដ៏ល្បីមួយប្រចាំខេត្តតុគឺស៊ីម៉ា និងជាលើកទី ២ ដែលរបាំនេះ បានមកសម្តែងនៅក្នុងមហោស្រពគីហ្សូណានៅកម្ពុជា។
ល្ងាចថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០ វិញ គឺមានការប្រគំតន្រ្តីក្លាស៊ិកមានឈ្មោះថា Worldship Orchestra ជាមួយនឹងក្រុមតន្រ្តីយុវជនខ្មែរអង្គរ (Angkor Youth Orchestra) និងការប្រគំតន្រ្តីដោយក្រុម MORTAL COMBAT និងក្រុម SANG MORTAL COMBAT។ សម្រាប់ថ្ងៃចុងក្រោយនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២០ ក៏មានកម្មវិធីតោះ! យើង Cosplay Kizuna ឆ្នាំ ២០២០ នៅម៉ោង ៣ ដល់ម៉ោង ៤ និង ៣០ នាទី រសៀល និងវេលាម៉ោង ៦ ល្ងាចដល់ម៉ោង ៧ និង ៣០ នាទីយប់ មានការសម្តែងល្ខោនស្បែកតូច និងល្ខោនយីកេរបស់ខ្មែរ»៕