ក្រុង​ទុយនីស៖ សំឡេង​បាស​បុក​លាន​ឮ​រងំ​ពេញ​តំបន់​សមុទ្រ​ខ្សាច់​សាហារ៉ា ​ប្រទេស ​ទុយនេស៊ី ​រំពង​ទៅ​កាន់​ហ្វូង​អូដ្ឋ​ ពន្លឺ​ភ្លើង​ឡាស៊ែរ​ចម្រុះ​ពណ៌​ជះ​ឆ្វេក​ឆ្វាច​ពាស​ពេញ​ពំនូក​ភ្នំ​ខ្សាច់​ ខណៈ​ភ្ញៀវ​វីអាយភី​ក្រេប​ស្រា​ស​វុដកា​នៅ​លើ​ទីតាំង​ធ្លាប់​ជា​ឈុត​ឆាក​ក្នុង​ភាពយន្ដ «Star Wars»។

មហោស្រព​តន្ដ្រី​​អេឡិចត្រូនិក​ផ្នូក​ខ្សាច់​ បង្កើត​​ឡើង​ក្នុង​ឆ្នាំ ​២០១៤ បាន​មក​ដល់​ជា​ថ្មី​កាល​ពី​ចុង​សប្ដាហ៍​មុន​ដែល​រៀបចំ​ឡើង​នៅ​លើ​ទីតាំង​ផលិតករ​អាមេរិក​ ចច លូកាស បង្កើត​ជា​ឈុត​ឆាក​ពិភព​សមុទ្រ Tatooine។

មហោស្រព​តន្ដ្រី​ជា​ឱកាស​ដ៏​រីករាយ និង​ក្ដុងក្ដាំង​ក្រោយ​ពី​ស្ងប់ស្ងាត់​រយៈពេល ៣ ឆ្នាំ ដោយសារ​មាន​ការ​​វាយ​ប្រហារ​ពី​ក្រុម​ជីហាដ​ក្នុង​ប្រទេស​​តំបន់​​អាហ្វ្រិក​ខាង​ជើង​មួយ​នេះ ដែល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​យ៉ាង​ខ្លាំង​។

ក្នុង​សញ្ញា​ស្ទុះ​ងើប​​​​វិញ​នូវ​កំណើន​ទេសចរណ៍​​​តំបន់​សមុទ្រ​ខ្សាច់​សាហារ៉ា និង​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​ដទៃ​ទៀត ឌីជេ​ទាំង​ជាតិ និង​អន្ដរជាតិ​ជាង ២០ នាក់ រួម​ទាំង អ្នក​ចូលរួម​រាប់​ពាន់​នាក់​ទៀត ​​នាំ​មក​គ្នា​មក​តំបន់​វាល​ខ្សាច់ Ong Jmal នៅ​ភាគ​នីរតី​​​ទុយនេស៊ី សម្រាប់​ព្រឹត្ដិការណ៍​ប្រចាំ​ឆ្នាំ​រយៈពេល ២ ថ្ងៃ​នេះ។

Leopold Poignant និស្សិត​អាយុ ២២ ឆ្នាំ ​មក​ពី​បារាំង ដែល​គ្រោង​មក​កម្សាន្ដ​ទីក្រុង​ តូហ៊្សូ ក្រោយ​ពី​បញ្ចប់​កម្មវិធី​ជប់​លៀង​និយាយ​ថា​៖ «​យើង​បាន​ទៅ​លេង​ទុយនីស រួច​ហើយ​ តែ​លើក​នេះ យើង​មក​ចូលរួម​ព្រឹត្ដិការណ៍​មហោស្រព​តន្ដ្រី​»។

អ្នក​ចូលរួម​មហោស្រព​តន្ដ្រី​ភាគ​ច្រើន​ជាជនជាតិ​ទុយនេស៊ី​​​។ រូបថត AFP

ព្រឹត្ដិការណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ជុំវិញ​សំណង់​រង្វង់​ ដែល​កសាង​ឡើង​កាល​ពី ២០ ឆ្នាំ​មុន ​ជា​ឈុត​ឆាក​ភាពយន្ដ​បែប​វិទ្យាសាស្ដ្រ Star Wars​។ ខណៈ​សំឡេង​តន្ដ្រី​បន្លឺ​ឡើង​ឥត​ឈប់​សម្រាក​រយៈពេល ៣០ ម៉ោង អ្នក​អត់​រាំ​រែក​នាំ​គ្នា​លេង​ក្នុង​តង់​ដែល​ត្រូវ​បាន​ដំឡើង​ជា «​តំបន់​ត្រជាក់» ឬ​នាំ​គ្នា​ដុត​ភ្នក់​ភ្លើង​ជុំ​គ្នា​។

អ្នក​ចូលរួម​ភាគ​ច្រើន​ក្នុង​ចំណោម ៥ ០០០ នាក់​ គឺ​ជា​ជនជាតិ​ទុយនេស៊ី ដោយ​ខ្លះ​អត់​ធ្លាប់​មក​លេង​តំបន់​នេះ​ពី​មុន​មក​សោះ។

កញ្ញា ហ៊្សូបៃដា បាន​និយាយ​ថា​៖ «ខ្ញុំ​ជា​យុវតី​ទីក្រុង ខ្ញុំ​មិន​ចូលចិត្ដ​តំបន់​ប្រពៃណី​បែប​នេះ​ឡើយ តែ​ពេល​នេះ វា​មាន​ព្រឹត្ដិការណ៍​ជា​ច្រើន​រៀបចំ​ឡើង​នៅ​ភាគ​ខាង​ត្បូង ដូច្នេះ ចៀស​មិន​ផុត​ ខ្ញុំ​ត្រូវ​ចូលរួម​នៅ​ទី​នេះ​ដែរ​»។

ណាកហ្គា រ៉ាមហ្ស៊ី ជា​អ្នក​លក់​ក្នុង​ហាង ដែល​លេង​ម៉ូដ​ចិញ្ចើម​យ៉ាង​ខ្ញង់ បាន​និយាយ​ថា​៖ «​បច្ចុប្បន្ន ទេសចរ​ច្រើន​បំផុត​គឺ​​ជនជាតិ​រុស្ស៊ី ហើយ​ពួក​គេ​ត្រាន់​តែ​ទិញ​ទឹក​ធ្វើ​ដំណើរ​លើ​សមុទ្រ​ខ្សាច់​ប៉ុណ្ណោះ»​។

រ៉ាមហ្ស៊ី ​បាន​បន្ដ​ទៀត​ថា​៖ «វា​ពិត​ជា​លំបាក​។ នៅ​ទី​នេះ គ្មាន​អ្វី​ឡើយ​ក្រៅ​ពី​ជំនួប​កម្មវិធី​ជប់​លៀង​ម្ដងម្កាល និង​ទេសចរណ៍​»៕ AFP/HR