ក្រុងប៊ែរឡាំង៖ ក្រុម​អ្នករៀបចំ​មហោស្រព​ភាពយន្ដ​ក្រុង​ប៊ែរឡាំង​កាលពី​ថ្ងៃ​ចន្ទ​បានឱ្យ​ដឹងថា ស្ថានភាព​វិបត្ដិ​កូវីដ​សកល​ក្នុង​ទីក្រុង​អាល្លឺម៉ង់​មាន​ភាពធូរស្បើយ​ល្មម​សម្រាប់​ឱ្យ​ពួកគេ​រៀបចំ​ព្រឹត្ដិការណ៍​ក្រៅ​អគារ​តាម​ផែនការ​ក្នុង​ខែមិថុនា​ខាងមុខ។

ការផ្ទុះ​វីរុស​កូរ៉ូណា​បាន​បង្ខំ​ឱ្យ​ព្រឹត្ដិការណ៍​ភាពយន្ដ​កំពូល​មួយ​នៅ​អឺរ៉ុប Berlinale ផ្អាក​ដំណើរការ​កាលពី​ខែកុម្ភៈ និង​ត្រូវបាន​បែងចែក​ជា ២ ផ្នែក។

មហោស្រព​នេះ​ត្រូវបាន​រៀបចំ​តាម​អនឡាញ​សម្រាប់​ក្រុមអ្នកវិភាគ និង​អតិថិជន​មកពី​ក្រុមហ៊ុន​ឧស្សាហកម្ម​កម្សាន្ដ​ក្នុង​ខែ​មីនា ហើយ​បច្ចុប្បន្ន​មានការ​រៀបចំ​មហោស្រព​ក្រៅ​អគារ​សម្រាប់​សាធារណជន​ពីថ្ងៃ​ទី ៩ ដល់ទី ២០ ខែ​មិថុនា។

ទិដ្ឋភាព​មហោស្រព Berlinale ដែល​ធ្លាប់​តែមាន​ភាព​អ៊ូអរ​ និង​វត្តមាន​តារាល្បីៗ​មកពី​ជុំវិញ​ពិភពលោក។AFP

សេចក្ដី​ថ្លែងការណ៍​បាន​បង្ហាញថា៖ «Berlinale អាច​ឱ្យ​មហាជន​ចូលរួម​រីករាយ​កម្មវិធី​ភាពយន្ដ​នៅក្រៅ​អគារ​នៅតាម​ទីតាំង​ចំនួន ១៦ ក្នុង​ព្រឹត្ដិការណ៍ Summer Special»។

របាយការណ៍​បាន​បន្ដថា​ការធ្លាក់ចុះ​នៃ​អត្រា​ឆ្លង​ក្នុង​ទីក្រុង​ប៊ែរឡាំង​ក៏ដូចជា​ភ្លើង​ខៀវ​ពី​ការិយាល័យ​រដ្ឋាភិបាល​នាំឱ្យ​មាន​ការសម្រេច​ចិត្ដ​រៀបចំ​ព្រឹត្ដិការណ៍​ធំ​នេះ។

ក្រុម​អ្នករៀបចំ​បានឱ្យ​ដឹងថា៖ «មហាជន​នឹង​ទទួល​បាន​នូវ​បទពិសោធ​ពិសេស និង​សម្រិតសម្រាំង​បំផុត ដែល​ជួនកាល​យើង​ប្រាកដជា​នឹកនា​កម្មវិធី​នេះ»។

ព្រឹត្ដិការណ៍​ពិសេស​ក្នុង​ខែមិថុនា​ខាងមុខ​ត្រូវបាន​រៀបចំ​ឡើង​ ដើម្បី​ផ្ដល់នូវ​អារម្មណ៍​ធ្លាប់​ចូល​រោងកុន និង​ចូលរួម​ចំណែក​ក្នុង​ការស្ដា​សកម្មភាព​វប្បធម៌​នានា​ឡើងវិញ។

ពានរង្វាន់​ខ្លាឃ្មុំ​និមិត្តរូប​ជ័យជម្នះ​នៃ​មហោស្រព​ភាពយន្ត Berlinale។ AFP

កម្មវិធី​នឹងត្រូវ​បាន​រៀបចំ​ឱ្យ​ការដាក់​បញ្ចាំងភាពយន្ដ​ជាច្រើន​នៅតាម​អនឡាញ​ក្នុង​ខែមីនា​រួមទាំង​ម្ចាស់​ជយលាភី​ពានរង្វាន់​ខ្លាឃ្មុំ​មាស​ និង​ប្រាក់ ដែល​នឹង​ផ្ដល់​នៅក្នុង​កម្មវិធី​ធំ​នា​ថ្ងៃទី ១៣ ខែ​មិថុនា។

ការដាក់​បញ្ចាំងភាពយន្ដ​ក្រៅ​អគារ​កំពុង​ដំណើរការ​នៅ​ទូទាំង​ទីក្រុង​ក៏ដូចជា​បរិវេណ​បង្កើត​ថ្មី​នៅ​ដែន​កោះ​សារមន្ទីរ​ប្រវត្ដិសាស្ដ្រ​ក្រុង​ប៊ែរឡាំង​នឹង​ត្រូវបាន​ប្រើ​ជា​ទីតាំង​បញ្ចាំងភាពយន្ដ​ដោយ​គោរព​ទៅតាម​វិធានការ​អនាម័យ​សុខាភិបាល។

ការលក់​សំបុត្រ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី ២៧ ខែ​ឧសភា។

ព្រឹត្ដិការណ៍​បច្ចុប្បន្ន Berlinale ប្រារឰឡើង​ឆ្នាំ​លើក​ទី ៧១ បានផ្ដល់​ពានរង្វាន់​ខ្លាឃ្មុំ​មាស​កំពូល​ក្នុង​ខែមីនា​ដល់​បទនិពន្ធ​រិះគន់​សង្គម «Bad Luck Banging ឬ Loony Porn» របស់​ផលិតករ​រ៉ូម៉ានី ​លោក ដាឌូជុដ៕ AFP/HR

ក្រុមការងារ​ក្រាលកម្រាល​ព្រំ​ក្រហម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព Berlinale កាលពី​ឆ្នាំ​កន្លង​ទៅនេះ។