ភ្នំពេញៈ កាលពីឆ្នាំដំបូង មហោស្រពអក្សរសិល្ប៍ខ្មែរបានចាប់ផ្តើមធ្វើនៅទីរួមខេត្តសៀមរាប មានកម្មវិធីសិល្បៈ វប្បធម៌ អក្សរសិល្ប៍ជាច្រើន រួមទាំងការតាំងពិព័រណ៍សៀវភៅផងដែរ ហើយឆ្នាំទី ២ មហោស្រពអក្សរសិល្ប៍ខ្មែរ បានទៅប្រារព្ធធ្វើនៅទីរួមខេត្តបាត់ដំបង ដែលជាទឹកដីរបស់កវី និងអ្នកនិពន្ធខ្មែរល្បីៗជាច្រើនរូប។
ដោយសារតែទទួលបានភាពជោគជ័យពីការរៀបចំ ២ លើករួចមកហើយ និងមានការគាំទ្ររបស់អ្នកនិពន្ធ អង្គការធ្វើការផ្នែកអក្សរសិល្ប៍ មិត្តភក្តិ ក៏ដូចជាក្រុមនិស្សិតទាំងអស់ដែលស្រឡាញ់ការអាន និងសរសេរនិពន្ធនានានោះ ទោះមហោស្រពអក្សរសិល្ប៍ខ្មែរ នឹងរៀបចំជាលើកទី ៣ នៅថ្ងៃទី ១១-១៣ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះ នៅបណ្ណាល័យជាតិក្នុងរាជធានីភ្នំពេញ។
កម្មវិធីសំខាន់ៗមាន ៣ ថ្ងៃនោះ យើងបានបែងចែកជា ៣ ផ្នែកធំៗដែរគឺ ទី១ មានសិក្ខាសាលាស្តីពីការសរសេរ និងស្មូត្រកំណាព្យជាមួយក្រុមអ្នកនិពន្ធ។ ទី២ កម្មវិធីដាក់តាំងពិព័រណ៍សៀវភៅ និងលក់សៀវភៅ និងទី៣ កម្មវិធីសម្តែងសិល្បៈ និងផ្ទាំងទស្សនីយភាពនានាបង្ហាញពីវប្បធម៌ខ្មែរ។
អ្នកស្រី សូ ភីណា ស្ថាបនិករៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរ និងជាអ្នកនិពន្ធរឿងប្រលោមលោកផងដែរនោះ ឲ្យដឹងពីគោលបំណងនៃការរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរដែរថា៖ «កម្មវិធីនេះ មានគោលបំណងបណ្តុះនូវស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធខ្មែរ ក្នុងសង្គមជាតិ និងជួយបង្កើនឱកាសទៅដល់អ្នកនិពន្ធ នៅក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារ។ ទស្សនវិស័យរបស់មហោស្រពអក្សរសិល្ប៍ខ្មែរគឺ «ប្រជាជនកម្ពុជានឹងទទួលបាននូវអក្សរសិល្ប៍ខ្មែរល្អឯក និងលទ្ធភាពកាន់តែប្រសើរឡើងក្នុងការទទួលបានស្នាដៃ និងចំណេះដឹងអក្សរសិល្ប៍»។
វិស័យអក្សរសិល្ប៍ខ្មែរ ធ្លាប់មានប្រវត្តិយូរលង់តាំងពីបុរាណកាលរហូតមកដល់ទសវត្សរ៍ទី ៧០ និងបានងើបឡើងវិញ បន្ទាប់ពីសម័យខ្មែរក្រហម ដែលគេឃើញថា នាពេលបច្ចុប្បន្ននេះ ស្នាដៃនិពន្ធ ឱកាស និងគុណតម្លៃរបស់អ្នកនិពន្ធ និងវិស័យបោះពុម្ព មានការរីកចម្រើន គួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែវិស័យនេះទាមទារឲ្យមានការបន្តជ្រោមជ្រែង បង្កលទ្ធភាព និងឱកាសដល់អ្នកនិពន្ធតាមរយៈពិព័រណ៍សៀវភៅ ការធ្វើសិក្ខាសាលា សន្និសីទ និងមហោស្រពអក្សរសិល្ប៍ខ្មែរជាដើម។
ដូចនេះមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី ១ ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយ អ្នកនិពន្ធ សូ ភីណា សហការជាមួយនឹងក្រុមស្លាបប៉ាកកាខ្មែរ រួមទាំងមានអ្នកនិពន្ធជាច្រើនទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអក្សរសិល្ប៍។
គួររំឭកដែរថា មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី ១ បានរៀបចំឡើងនៅថ្ងៃទី ២០-២២ ខែ តុលា ឆ្នាំ ២០១៧ នៅខេត្តសៀមរាប ដែលជាបណ្តុំវប្បធម៌ អរិយធម៌របស់ខ្មែរដោយមានកម្មវិធីជាច្រើន ដូចជា វេទិកាពិភាក្សាអំពីបរិបទសំខាន់ៗ គឺការសម្ពោធសៀវភៅ សិក្ខាសាលានិពន្ធ និងសម្តែងសិល្បៈកម្សាន្តផងដែរ។ការរៀបចំមហោស្រពអក្សរសិល្ប៍លើកទី ២ ធ្វើនៅខេត្តបាត់ដំបង ក្រោមប្រធានបទ «អតីតកាល បច្ចុប្បន្នកាល និងអនាគតនៃអក្សរសិល្ប៍ខ្មែរ» ខណៈមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី ៣ នៅថ្ងៃទី ១១-១៣ ខែ តុលា ឆ្នាំនេះ ក៏នឹងដាក់បញ្ចូលកម្មវិធីតាំងលក់សៀវភៅ និងពិព័រណ៍ថា «មរតកអក្សរសិល្ប៍» រយៈពេល ២ ថ្ងៃពេញផងដែរ ដែលត្រូវនឹងថ្ងៃទី ១២ និងទី ១៣ ខែ តុលា ឆ្នាំ ២០១៩៕