ភ្នំពេញៈ សូម្បីតែ​សាមីខ្លួន​ក៏ឆ្ងល់​ផង​ដែរ ជាមួយ​នឹង​ការ​ឧស្សាហ៍​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ពី​សំណាក់​ប្រិយមិត្ត​អ្នកគាំទ្រ ដែល​បាន​យក​នំខេក​មក​ប្រារព្ធ​ខួបកំណើត​ដល់​កញ្ញា មាន សូនីតា ឥតល្ហែ ពេល​នាង​មាន​វត្តមាន​នៅ​ខេត្ត​ណា​គឺ​មាន​នៅ​ខេត្ត​នោះ​តែ​ម្តង​។

ខណៈ​ថ្មីៗ​នេះ​ពេល​កញ្ញា មាន សូនីតា តារាសម្តែង​ស្រី​ដែល​ទទួល​បាន​ងារ​ពី​មហាជន «​រាជិនីក្រមា​» បាន​ទៅ​ដល់​ខេត្ក​សៀមរាប​ភ្លាម​នោះ​ក៏​ស្រាប់តែ​មាន​អ្នកគាំទ្រ​យក​នំខេក​ទៅ Surprise ដល់​បន្ទប់​ស្នាក់នៅ​របស់​កញ្ញា មាន សូនីតា តែ​ម្តង​។

បើ​ឃើញ​តាម​ទម្លាប់ និង​កាលបរិច្ឆេទ​ពិតប្រាកដ​នៃ​ថ្ងៃ​ខួបកំណើត​របស់​តារា​សម្តែង​ស្រី​ស្រករ​ក្រោយ​ជា​ប្អូនស្រី​ជីទួតមួយ​តារាសម្តែង​ជើងចាស់​អ្នកនាង ចន ច័ន្ទលក្ខិណា ដែល​កំពុង​តែ​មាន​យីអ៊ុន​ឡើង​ក្រឺតៗ កញ្ញា មាន សូនីតា គឺ​ធ្វើ​នៅ​ចំ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ​ដោយ​ជា​រៀងរាល់​ឆ្នាំ នាង​តែងតែ​បំប្លែង​ថ្ងៃ​ខួបកំណើត​ខ្លួន​ទៅ​ជា​ថ្ងៃ​ធ្វើ​ទង្វើ​សប្បុរសធម៌​នានា​ជាមួយ​នឹង​ប្អូនៗ​កុមារ​នៅ​តាម​សាលារៀន​ក្រីក្រ​ណាមួយ​ទាំង​នៅ​ក្នុង​ក្រុង និង​ខេត្ត​នានា ជាពិសេស​នោះ​គឺ​កញ្ញា មាន សូនីតា ហៅ​ថ្ងៃ​នេះ​ថា​ជា «​ក្តីស្រឡាញ់​នៃ​ថ្ងៃទី ១០ ខែ​កុម្ភៈ​»​។

តែ​ហេតុអ្វី​ដល់​ចុង​ខែ​មិថុនា ឆ្នាំ​ ២០១៩ ហើយ​បែរ​ជា​មាន​ការប្រារព្ធ​ធ្វើ​ខួបកំណើត​របស់​តារា​ស្រី​ដែល​អាច​មាន​ជីវកម្ម​ផ្ទាល់ខ្លួន​ទាំង​វ័យក្មេង​តាមរយៈ​បើក​ហាង​លក់​ផលិតផល​ពី​ក្រមា ឬ​មាន​យីហោ​ថា​ «​ផ្ទះ​ស្រឡាញ់​# SlanhHouse» ទៅវិញ​ពិតជា​គួរ​ឲ្យ​មាន​ការងឿងឆ្ងល់​ខ្លាំង​មែនទែន​ពី​មហាជន​។

យ៉ាងណា​កាល​ដែល​នៅ​តែ​មាន​ការប្រារព្ធ​ខួបកំណើត​នៅ​ខែ​មិថុនា​នេះ​ក៏​មិន​ត្រូវ​បាន​តារាសម្តែង​ស្រី​ធ្មេញ​ច្រពឹស រាង​ខ្ពស់ ធ្លាប់​ជា​តារា​តំណាង​ទូត​សុច្ឆន្ទៈ​នៃ​អង្គការ USAID និង​សម្បូរ​ហូរហៀរ​ជាមួយ​នឹង​ការងារ​សិល្បៈ​ផ្នែក ស្ប៉ត​ពាណិជ្ជកម្ម​នានា កញ្ញា មាន សូនីតា នោះ​ឡើយ​ដោយសារ​តែ​នាង​កំពុង​តែ​ជាប់​រវល់​ថត​។ តែ​បើ​តាម​ជំនួយការ​ផ្ទាល់​របស់​នាង​មាន​ឈ្មោះ​កញ្ញា ម៉ីម៉ី ដែល​បាន​លើក​ទូរស័ព្ទ​របស់​កញ្ញា មាន សូនីតា នោះ​បាន​បង្ហើប​ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ជា​ការពិត​ថ្ងៃ​ខួបកំណើត​បង សូនីតា គឺ​ថ្ងៃ​ទី​ ​១០ ខែ​កុម្ភៈ មែន​!​ហើយ​ការដែល​មាន​ការ​ប្រារព្ធ​ធ្វើ​ខួបកំណើត​ជា​ហូរហែ​ប៉ុន្មាន​លើក​មក​នេះ​គឺជា​ការ Surprise របស់​ក្រុម Fans គាត់​ប៉ុណ្ណោះ មិន​មាន​អ្វី​ប្រែប្រួល ឬ​គាត់​មាន​ថ្ងៃ​ខួប​កំណើត​ ២ ​នោះ​ឡើយ​»​។

ជាក់ស្តែង​នោះ​កាលពី​តារាសម្តែង​ស្រី​ដែល​ត្រូវ​មហាជន ប្រិយមិត្ត​អ្នកគាំទ្រ​បាន​ប្រសិទ្ធ​នាម​ថា «​ជា​រាជិនីក្រមា​» បាន​ប្រារព្ធ​ខួបកំណើត​វ័យ ២៧ ឆ្នាំ​នៅ​ថ្ងៃទី ​១០ ខែ​កុម្ភៈ ឆ្នាំ​ ២០១៧ ដោយ​កញ្ញា​បាន​ប្រែក្លាយ​ទៅ​ជា​ការបញ្ចុះ​តម្លៃ​ទំនិញ​នៃ​ផលិតផល​ធ្វើ​ពី​ក្រមា​របស់​នាង​ជំនួស​ទៅ​នឹង​សកម្មភាព​មនុស្សធម៌​នានា​ដូច​កាលពី​ឆ្នាំ​មុនៗ​។ ខណៈ​បើ​គិត​មក​ដល់​ថ្ងៃ​ទី​ ១០ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ នេះ​តារាសម្តែង​ស្រី​រាង​ខ្ពស់ ធ្មេញ​ច្រពើស រូប​ស្រស់ កញ្ញា មាន សូនីតា នាង​មាន​វ័យ ២៩ ​ឆ្នាំ​ហើយ​៕