ភ្នំពេញ៖ តាម​ពិត​ទៅ​ តារា​ចម្រៀង​ស្រី​ដែល​មាន​ប្រជាប្រិយ​គ្រប់​ស្រទាប់​ ​ឈរ​ជើង​​យូរ​នៅ​​ទ្រនំ​ថោន​ កញ្ញា មាស សុខ​សោភា ​បាន​​លេច​​​ឮ​រឿង​ដូរ​ទ្រនំ​នោះ​តាំង​ពី​ដើម​ឆ្នាំ​​មក​ម្ល៉េះ ​ខណៈ​តារា​ចម្រៀង​រូប​នេះ​នៅ​ដំអក់​ចាំ​មើល​ការ​ពិភាក្សា​គ្នា​ជាមួយ​ផលិតកម្ម​សិន តែ​ទីបំផុត​​រឿង​នេះ​នៅ​តែ​មក​ដល់​ផ្លូវ​បំបែក​ដដែល​នៅ​ត្រឹម​​​ពាក់​កណ្តាល​ឆ្នាំ ២០២០​។

កំពូល​​​តារា​ចម្រៀង​​ស្រី​​ទ្រនំ​ផលិតកម្ម​ថោន ​កញ្ញា​ មាស សុខ​សោភា​ ក្រោយ​ពី​បាន​ចេញ​​ទៅ​​ចូលរួម​កម្មវិធី​​​​ប្រគំ​​​តន្រ្តី​សិល្បៈ​​ឈ្មោះ​ ASEAN ​FANTASIA​ ​2019 កាល​ពី​​ចុង​ឆ្នាំ ២០១៩ ​នៅ​​​ទីក្រុង​ Changwon ​​ប្រទេស កូរ៉េ​​ខាង​ត្បូង ​នោះ ក៏​​​​​ផ្ទុះ​​​ដំណឹង​​​​ធ្លាក់​ចុះ​​ប្រជាប្រិយភាព​ និង​​​​​​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ពី​មហាជន​ ​​​ដោយ​លេច​ឮ​​ថា ​ចង់​ដូរ​ទ្រនំ​ចាស់ ហើយ​​​​​ត្រៀម​បើក​បេះដូង​ស្វាគមន៍​​ការ​ចែចូវ​​ពី​ផលិតកម្ម​ថ្មី​​។

រលក​ព័ត៌មាន​​ល្បី​ថា​ នឹង​​ចេញ​ពី​ទ្រនំ​ចាស់​​ទៅ​​រក​ទ្រនំ​ថ្មី​ និង​ភាព​ស្ងាត់​ជ្រងំ​​ចេញ​​បទ​​ចម្រៀង​​ថ្មី​នោះ គឺ​ថា​កញ្ញា​ ​មាស សុខ​សោភា បាន​​ឲ្យ​ដឹង​ដោយ​បើក​ចំហ​​បេះដូង​ដែរ​​ថា​៖ «ជា​ការ​ពិត​ មក​ដល់​ពេល​នេះ នាង​​ខ្ញុំ​បាន​ត្រៀម​​​ចិត្ត ​ចរចា​ជាមួយ​ផលិតកម្ម​ថ្មី​នានា​ ប្រសិន​បើ​ខាង​​គាត់​ព្រម​ពិភាក្សា​​ជាមួយ​​ខ្ញុំ​ នៅ​លើ​កិច្ច​ព្រៀមព្រៀង​គឺ​ជា​តារា​​ចម្រៀង​​​ដែល​ពុំ​មាន​នូវ​​កុងត្រា​នោះ​ទេ​ ព្រោះ​​ពេល​នេះ​ នាង​​​ខ្ញុំ​ហាក់​ដូច​ជា​​ត្រូវ​បាន​​គេ [ផលិតកម្ម​ថោន] ព្រងើយ​កន្តើយ​ហើយ»។

ដោយ​​ឡែក​​កាល​ពី​ពេល​ថ្មីៗ​​នេះ តារា​ចម្រៀង​ស្រី​ មាស សុខសោភា ក៏​បាន​ទម្លាយ​រឿង​ក្នុង​ចិត្ត​ចេញ​តាមរយៈ​ការ​បង្ហោះ​​សារ​​ក្នុង​ហ្វេសប៊ុក​ថា​៖ «ថ្ងៃ​នេះ ​គឺ​ជា​ថ្ងៃ​​ដ៏​តានតឹង​មួយ​របស់​នាង​ខ្ញុំ​ ដែល​នាង​ខ្ញុំ​ត្រូវ​ចាកចេញ​ពី​ផលិតកម្ម​ Town។ អរគុណ​​ដល់​​បង​ប្រុស ​បងស្រី ដែល​បាន​មើល​ថែ​ប្អូន​រយៈពេល ៩ ​ឆ្នាំ​នេះ ​អនុស្សាវរីយ៍ និង​អំពើ​​ល្អ​របស់​បង​ទាំង ២ នៅ​តែ​ស្ថិត​នៅ​ក្នុង​បេះដូង​​របស់​ប្អូន​ជានិច្ច​។ ​ឆ្លៀត​ក្នុង​ឱកាស​នេះ ​នាង​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​បណ្តា​​ផលិតកម្ម​ទាំង​អស់ ​ដែល​បាន​ផ្តល់​ឱកាស​ដល់​នាង​ខ្ញុំ​​ នា​ពេល​កន្លង​មក។​ ទន្ទឹម​នឹង​នេះ​នាង​ខ្ញុំ​ក៏​សូម​ស្វាគមន៍​ជា​ថ្មី​ សម្រាប់​ការ​សហការ​ផលិត​បទចម្រៀង​ពី​បណ្តា​​​ផលិតកម្ម​។ អរគុណ​​ដល់​បងប្អូន​ទាំង​អស់ ​គាំទ្រ​នាង​ខ្ញុំ​​ហើយ​​​ដរាប​ណា​បងប្អូន​ នៅ​តែ​គាំទ្រ ​និង​​ស្រឡាញ់​​​នាង​ខ្ញុំ​​ទៀត​នោះ នាង​ខ្ញុំ​ក៏​នៅ​តែ​បន្ត​ខិតខំ​​ប្រឹងប្រែង​ផលិត​នូវ​បទ​ចម្រៀង​ថ្មីៗ ដើម្បី​បងប្អូន​ទាំង​អស់​គ្នា​ជានិច្ច​»។

ទោះ​ជា​យ៉ាង​ណា​គេ​ក៏​មិន​​ទាន់​ថា ទ្រនំ​ថ្មី​របស់ ​មាស សុខសោភា មួយ​ណា​ទេ ខណៈ​គេ​ឃើញ​​មាន​តម្រុយ ​២ ​​រួច​ហើយ​​​ជា​គោល​ដៅ​អនាគត​​​គឺ​ទ្រនំ​​ថ្មី​ហង្សមាស និង​​​បើក​ផលិតកម្ម​ខ្លួនឯង​ Camtrax Music៕​