ភ្នំពេញ៖ ក្រោយពីប្រិយមិត្តគាំទ្រតារាចម្រៀងស្រីលំដាប់កំពូលទ្រនំថោន មាស សុខសោភា បាត់មុខមួយរយៈធំដោយសារការឃ្លាតឆ្ងាយទៅកាន់ទឹកដីឯនាយសមុទ្រ កាណាដា ប្រមាណ ៦ ខែ ដើម្បីលម្ហែកាយ ជាមួយម្ចាស់ចិត្ត និងសម្តែងសិល្បៈក្រៅស្រុកប្រើពេលយូរហើយវិលត្រឡប់មកវិញ ក៏នៅតែមិនទាន់ឃើញ បទថ្មីបំពេអារម្មណ៍ទៀតនោះ ក៏ស្រាប់តែលេចចេញដំណឹងថា តារាស្រីរូបនេះហាក់ធ្លាក់ចុះនូវប្រជាប្រិយភាព ហើយទំនងជាចង់ដូរទ្រនំចាស់ទៀតផងដែរ។
គួរបញ្ជាក់ថា កំពូលតារាចម្រៀងស្រីទ្រនំផលិតកម្មថោន កញ្ញា មាស សុខសោភា បានវិលមកស្រុកខ្មែរវិញ មិនទាន់ទាំងបានប៉ុន្មានផង នៅចុងខែវិច្ឆិកា កន្លងមកនេះ ក៏បានចេញទៅចូលរួមកម្មវិធីសិល្បៈក្រៅប្រទេសមួយ គឺការប្រគំតន្រ្តីសិល្បៈ ASEAN FANTASIA 2019 ធ្វើនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅឯទីក្រុង Changwon ដោយកម្មវិធីនេះក៏មានតំណាងសិល្បករ-សិល្បការិនីនៃប្រទេសអាស៊ាននានាក្រៅពីកម្ពុជាយើងដែរ ដែលត្រូវជួបជាមួយក្រុមសិល្បករ-សិល្បការិនីកូរ៉េជាច្រើន គឺជាម្ចាស់ផ្ទះនៅប្រទេស កូរ៉េខាងត្បូង។
ពាក់ព័ន្ធនឹងរលកព័ត៌មានប្លែកៗនឹងដំណឹងចេញពីទ្រនំចាស់ទៅរកទ្រនំថ្មី និងភាពស្ងាត់ជ្រងំមិនមានចេញបទចម្រៀងថ្មីនៅផលិតកម្មថោន ដែលកំពុងតែក្លាយជាប្រធានបទក្តៅរបស់ប្រិយមិត្តគាំទ្របានយកមកជជែកគ្នានោះ កញ្ញា មាស សុខសោភា ក៏បានប្រាប់ ភ្នុំពេញ ប៉ុស្តិ៍ ថា៖ «ជាការពិតទៅ គឺនាងខ្ញុំក៏បានឃើញបងប្អូនដែលជា fans បាននាំគ្នាជជីកសួររឿងរបស់ខ្ញុំនៅផលិតកម្មថោន ហើយខ្ញុំក៏សុំទោសផងដែរ ដោយបានធ្វើឲ្យបងប្អូននៅទន្ទឹងរង់ចាំសណ្តាប់នូវបទថ្មីរបស់ខ្ញុំ។ ចំពោះការមិនទាន់មានបទចម្រៀងថ្មីនោះ ក៏ដោយសារក្រោយពីនាងខ្ញុំវិលមកពីក្រៅប្រទេសមកនោះ នៅមិនទាន់បានទៅជួបជាមួយផលិតកម្មនៅឡើយទេ ព្រោះតែមានការងារជាច្រើន ដែលនាងខ្ញុំបានជំពាក់គេនាគ្រាដែលខ្ញុំអវត្តមាននៅស្រុកខ្មែរ ហើយស្របពេលនារដូវកាលនេះសម្បូរកម្មវិធីនៅតាមខេត្តផងនោះ ទើបនាងខ្ញុំមិនទាន់មានពេលទៅជួបពិភាក្សាជាមួយនឹងផលិតកម្មសម្រាប់ការចេញបទថ្មី។ តែសម្រាប់នាងខ្ញុំផ្ទាល់ នាពេលកន្លងមក ក៏មិនជាឧស្សាហ៍ចេញបទចម្រៀងច្រើនដែរ ដោយសារខ្ញុំជាតារាចម្រៀង ដែលច្រៀងបទអូរីជីណល ហើយបទនេះទៀតសោតក៏កម្រចេញច្រើនដែរ ទើបជាហេតុផលមួយ ធ្វើឲ្យបងប្អូនហាក់ឃើញនូវភាពរយាលនៃការចេញបទរបស់ខ្ញុំ»។
មាស សុខសោភា ក៏ព្រលយដំណឹងដែលលេចឮថា អាចនឹងចេញពីទ្រនំដែរ៖ «រឿងនេះ មិនទាន់ជម្រាបបងប្អូនបាននៅឡើយទេ។ តែក្រោយពីពិភាក្សាគ្នាជាមួយក្រុមការងារផ្ទាល់ និងផលិតកម្មរួចមកនោះ ខ្ញុំនឹងប្រាប់ដំណឹងនេះឆាប់ៗដល់បងប្អូនមិនខាន»៕