ភ្នំពេញ៖​ ថ្មីៗ​នេះ​ បង្កើត​ភាព​ភ្ញាក់​ផ្អើល​ទាំង​មហាជន​គាំទ្រ និង​សង្គម​អ្នក​សិល្បៈ​ ខណៈ​ស្រាប់​តែ​​ឃើញ ​កំពូល​​​តារា​ចម្រៀង​ស្រី​​នៅ​ទ្រនំ​ថោន​​កញ្ញា មាស សុខសោភា​ ​បណ្តើរ​ម្ចាស់​ចិត្ត​​នៅ​ទី​អារាម​មួយ​​​​នៅ​​ប្រទេស ​ថៃ​ ហើយ​​​​​ថត​រូប​​​ពាក់​ម៉ាស់ ​ពណ៌​ស្បង់ចីវរ (ពណ៌​ទឹក​ក្រូច)​ មាន​​ចារ​​យ័ន្ត​ ដែល​​​នាង​ទំនង​ជា​មាន​ជំនឿង​ថា​ អាច​​​ការពារ​​​ជំងឺ​កូវីដ ១៩​ បាន ​​ក៏​បង្ហោះ​រូប​នៅ​​តាម​បណ្តាញ​​សង្គម​​អ៊ីនស្តាក្រាម​។​

រំពេច​នោះ ក៏​ឃើញ​តារា​ចម្រៀង​មាស សុខសោភា បង្ហោះសារ​ខ្លី​ប្រាប់​ពី​ដំណឹង​គូស្នេហ៍​ខ្លួន​ដែល​មាន​​​ជំងឺ​នោះ​ថា៖ «ជូន​អ្នក​ជំងឺ​មក​ស្រូប​​យក​​​ខ្យល់​អាកាស ​សូម​ឲ្យ​បង​មាន​សុខភាព​ប្រសើរ​​ឡើង!​» ​និង​ក្រោយ​មក​​​ក៏​មាន​សារ​វែង​​មួយ​​ទៀត​ថា៖ «សម័យ​កូវីដ​​គ្មាន​អ្វី​ក្រៅ​ពី​យក​ ព្រះ​ពុទ្ធ ​ព្រះធម៌ ​ព្រះសង្ឃ ​មក​បិទ​បាំង​​ជាប់​ខ្លួន​​យើង​​ទេ ​​ព្រោះ​ជីវិត​​មនុស្ស​​យើង​មាន​តែ​ ​៣ ថ្ងៃ​តែ​ប៉ុណ្ណោះ​ (ម្សិលមិញ​ ថ្ងៃនេះ​ ថ្ងៃ​ស្អែក​)។ ម្សិលមិញ​ យើង​បាន​ប្រើ​វា​អស់​ហើយ​ ហើយ​យើង​កំពុង​​​​ប្រើ​ពេលវេលា សម្រាប់​ថ្ងៃ​នេះ​ តែ​យើង​មិន​ប្រាកដ​​​ថា ​ថ្ងៃ​ស្អែក​​យើង​នឹង​អាច​​ប្រើ​ពេលវេលា​​នេះ​​​បាន​ទៀត​ ឬ​យ៉ាង​ណា​ទេ​។ សូម​បង​ប្អូន​ទាំង​អស់​គ្នា​បន្ត​​ការ​​​ពាក់ម៉ាស់​ និង​លាង​ដៃ​គ្រប់​ពេល​​​វេលា​ សុំ​ថែ​រក្សា​សុខភាព ​ដើម្បី​ខ្លួន​ឯង​​ និង​មនុស្ស​​​ជា​ទី​ស្រឡាញ់​​ជុំវិញ​ខ្លួន​យើង​ផង​ដែរ ជូន​​​​​​ពរ​​សុខភាព​ល្អ​ និង​មាន​សំណាង​ល្អ​​​គ្រប់ៗ​​គ្នា​»។​

ឃើញ​ដូច្នេះ អ្នក​គាំទ្រ​ក៏​បាន​ចូល​ទៅ​ចុច Like យ៉ាង​ច្រើន និង​​​ Comment សួរ​នាំ​ភ្លាមៗ​​ដែរ​​ថា៖ «តើ​គាត់​ឈឺ​អី​ដែរ​​បង?​ តើ​ការ​ពាក់​ម៉ាស់​មាន​យ័ន្ត​ដូច្នេះ​​អាច​ការពារ​កូវីដ ១៩ បាន​​​មែន​ឬ​​? ហើយ​ បង​​​កំពុង​តែ​នៅ​​វត្ត​ឯ​ណា​​ហ្នឹង​បង?»។

កញ្ញា មាស សុខ សោភា ក៏​មិន​​បញ្ជាក់ ថា ម្ចាស់​ចិត្ត​​នាង​មាន​ជំងឺ​អ្វី​ឡើយ​ប៉ុន្ដែ​នាង​បាន​នាំ​លោក អ៊ឹត រ៉ាដា ដែល​នាង​​បញ្ជាក់​​ ថា កំពុង​​​ឈឺ​បាន​នាំ​​​ទៅ​សមាធិ និង​ស្រូប​យក​ខ្យល់​​អាកាស​នៅ​វត្ត​​​មួយ​​នៅ​​ថៃ​ហើយ ​​​​នាង​ហាក់​មាន​​​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​​​លើ​អបិយ​​ជំនឿ​តែ​ម្ដង​​​ព្រោះ​បាន​ពាក់​​​ម៉ាស់​​ ចារ​យ័ន្ត ដើម្បី​ការពារ​ជំងឺ​កូវីដ ​១៩ នោះ​ក៏​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​​​របស់​នាង​លាន់​មាត់​ទៀត​​ថា៖ «ចារ​យ័ន្ត​​​ប៉ុណ្ណឹង​ហើយ​តើ​ឲ្យ​កូវីដ ១៩ ឯ​​ណា​មក​ហ៊ាន​ចូល​ជិត​ទៅ?»។​

ភ្នំពេញ ​ប៉ុស្តិ៍ ​ក៏​មិន​ទទួល​បាន​ការ​បក​ស្រាយ​លម្អិត​​ពី​ដំណឹង​ជូន​គូស្នេហ៍​ជា​អាណិកជន​ខ្មែរ-កាណដា ​ដែល​បាន​​​បង្កើត​​សម្ព័ន្ធភាព​​ជាង ១០ ឆ្នាំ​ ​ទៅ​លំហែ​ក្រៅ​ស្រុក​​​​​របស់​តារា​ចម្រៀង​ស្រី​ចាស់​វស្សា​ជ្រក​ទ្រនំ​ថោន​កញ្ញា មាស សុខសោភា នោះ​ទេ​ ​ដោយសារ​​​​ប្រព័ន្ធ​ទូរស័ព្ទ​របស់​​នាង​តេ​ចូល​ច្រើន​លើក​តែ​គ្មាន​​អ្នក​លើក​។​ ខណៈ​កញ្ញា មាស សុខសោភា គ្រាន់​តែ​​បាន​ផ្ញើ​សារ​​តប​វិញ​ថា​៖ «អរគុណ​គ្រប់​យ៉ាង​សម្រាប់​ ការ​ស្រឡាញ់ បារម្ភ​​ដល់​យើង​ទាំង​អស់​គ្នា​ ចែក​បុណ្យ​ដល់​មនុស្ស​​រួម​លោក​ទាំង​អស់​! ភា ពិត​ជា​បាន​បុណ្យ​ច្រើនៗ​ សូម​ជូនពរ​ឲ្យ ភា និង​ក្រុមគ្រួសារ​ជួប​តែ​សំណាង​ល្អ និង​ចៀសផុត​រឿង​មិនល្អ​ទាំង​ឡាយ!»៕​