ភ្នំពេញៈ ការប្រគំតន្ត្រីផ្សព្វផ្សាយអំពីស្រោមអនាម័យអន្តរជាតិឆ្នាំ ២០១៩ ដើម្បីកាន់តែយល់ដឹងពីការប្រើប្រាស់ស្រោមអនាម័យដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ៩ ខែកុម្ភៈកន្លងទៅនេះស្ថិតនៅក្នុងបរិវេណកោះពេជ្របានរៀបចំឡើងដោយអង្គការ AHF Cambodia ដោយអមជាមួយតារាចម្រៀងស្រីល្បីប្រចាំប្រទេសអ្នកនាង មាស សុខសោភា។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាបានរៀបចំយុទ្ធនាការ «តែងតែទាន់សម័យ» នៅថ្ងៃទិវាស្រោមអនាម័យអន្តរជាតិជាថ្ងៃស្របជាមួយនឹងទិវាក្តីស្រលាញ់ដែលប្រព្រឹត្តទៅដើម្បីប្រមូលផ្តុំមនុស្សឲ្យមកជួបជុំគ្នាពីក្រុមយុវវ័យរាប់ពាន់នាក់មកស្តាប់ការអប់រំ និងធ្វើតេស្តឈាមរកមេរោគអេដស៍ព្រមទាំងមានការប្រគំតន្ត្រីមានវត្តមានតារាកិត្តិយស អ្នកនាង មាស សុខសោភា ជាតំណាងផ្សព្វផ្សាយចែកស្រោមអនាម័យក្រោមពាក្យស្លោក «សុវត្ថិភាព គឺសិចស៊ី!» ដើម្បីលើកកម្ពស់ការយល់ដឹង និងសុវត្ថិភាពក្នុងការរួមភេទ។
តារាចម្រៀងស្រីសំឡេងផ្អែមល្បី ២ ទសវត្សរ៍អ្នកនាង មាស សុខសោភា បានរៀបរាប់ពីគោលបំណងរបស់អង្គការ AHF Cambodia ដែលបានបង្កើតកម្មវិធីប្រគំតន្ត្រីផ្សព្វផ្សាយពីការប្រើប្រាស់ស្រោមអនាម័យថា៖ «គោលដៅអង្គការគឺចង់ផ្សព្វផ្សាយពីការប្រើប្រាស់ស្រោមអនាម័យដល់ដៃគូដែលមនុស្សគ្រប់រូបតែងតែមានគូ ព្រោះជាលក្ខខណ្ឌរបស់ធម្មជាតិដែលបានបង្កើតឡើង ហើយតែងមានការរួមភេទជារឿងធម្មតាទេ ប៉ុន្តែយើងត្រូវចេះការពារខ្លួនបើសិនជាមិនទាន់ទុកចិត្តដៃគូដែលមិនទាន់បានពិនិត្យឈាមរួចហើយ ឬក៏ពិនិត្យរួចហើយតែអាចថាគាត់ទៅមាននៅខាងក្រៅទៀត ដែលមិនដឹងថាដៃគូយើងហ្នឹងមានផ្ទុកមេរោគអេដស៍ឬអត់?»។
អ្នកនាង មាស សុខសោភា មានការគាំទ្រមិនចេះរីងស្ងួតក៏បានបន្តទៀតថា៖ «ពាក្យថាស្រោមអនាម័យ បើយើងស្តាប់ទៅវារៀងពិបាកស្តាប់បន្តិចមែន ប៉ុន្តែបើយើងគិតឲ្យដល់ទៅវាបានជួយការពារអាយុជីវិតយើងពីជំងឺអេដស៍ អ្នកខ្លះគាត់បានដឹងខ្លួន ឬក៏មិនដឹងខ្លួនថា បានកើតជំងឺនេះគាត់អាចប្រើបានដើម្បីចៀសពីជំងឺនៅពេលដែលគាត់ចង់រួមភេទជាមួយដៃគូរបស់គាត់ ហើយស្រោមអនាម័យក៏អាចជួយពន្យារកំណើតផងដែរនៅពេលដែលយើងមិនទាន់ចង់មានកូន ហើយអង្គការក៏ចង់ឲ្យប្រជាជនខ្មែរយើងយល់កាន់តែច្បាស់ពីការប្រើប្រាស់ស្រោមអនាម័យក្នុងការរួមភេទ ដើម្បីការពារសុវត្ថិភាពយើងពីជំងឺអេដស៍»។
តារាស្រីវ័យ ៣៥ ឆ្នាំមានសម្រស់កាន់តែស្អាតមិនជ្រេតាមវ័យប្រចាំនៅផលិតកម្មថោនអ្នកនាង មាស សុខសោភា ក៏បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលបានធ្វើជាតារាកិត្តិយសតែ ១ រូបគត់ក្នុងការប្រគំតន្ត្រីធំលំដាប់ប្រទេសដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយក៏មានការសប្បាយចិត្ត ដែលបានចែករំលែកការយល់ដឹងពីសុវត្ថិភាពផ្លូវភេទទៅដល់បងប្អូនប្រជាជនឲ្យយល់ដឹងពីការប្រើប្រាស់ស្រោមអនាម័យកាន់តែច្រើនតាមរយៈការប្រគំតន្ត្រីនេះ។
តារាចម្រៀងសំនៀងផ្អែម អ្នកនាង មាស សុខសោភា ក៏បានសំណូមពរដល់អង្គការទៀតថា៖ «ចុងក្រោយ បងគ្រាន់តែចង់សុំឲ្យអង្គការនៅតែបន្តសកម្មភាពនេះទៀត ដើម្បីជួយដល់ប្រជាជនខ្មែរយើង និងសុំឲ្យមានការផ្សព្វផ្សាយគ្រប់ខេត្តក្រុងមិនមែនតែនៅក្នុងភ្នំពេញជាពិសេសនៅតាមជនបទ ព្រោះថាភាគច្រើនគាត់មិនទាន់មានការយល់ច្បាស់ពីបញ្ហានេះនៅឡើយទេ»៕