ក្រុង​តូ​ក្យូ: ម្ដាយ​លោក អាគី​ហ៊ី​តុ ខុន​ដុ មិន​ព្រមយក​ធៀប​អញ្ជើញ​ចូលរួម​មង្គលការ​កូន​ប្រុស​ក្នុង​ក្រុង​តូក្យូ​នា​ខែ​នេះ តែ​គាត់​ធ្វើ​នេះ​មិន​ចម្លែក​ទេ ព្រោះ​វា​ជា​អាពាហ៍​ពិពាហ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត ដែល​កូន​ប្រុស​គាត់​បែរ​ជា​ទៅ​រៀបការ​ជាមួយ​តុក្កតា។

បុរស​វ័យ ៣៥ ឆ្នាំ ដែល​កូនក្រមុំ​របស់ខ្លួន​ជា​តារាចម្រៀង​កុំព្យូទ័រ 3D ឈ្មោះ ហាស៊ូណេ មីគុ បាន​និយាយ​យ៉ាង​សុភាព​ថា៖ «មិន​ជា​អ្វី​ធំ​ដុំ​ទេ ដែល​ម្ដាយ​ខ្ញុំ​មិន​មក​ចូលរួម»។

គ្មាន​សាច់ញាតិ​ណា​ម្នាក់​របស់លោក ខុន​ដុ ចូលរួម​ថ្ងៃ​មង្គល​របស់លោក​ជាមួយ មី​គុ ជា​តុក្កតា​រំលេច​រូបរាង​វ័យ ១៦ ឆ្នាំ ដែល​មាន​កែវ​ភ្នែក​ធំៗ និង​សក់​ពណ៌​ទឹក​សមុទ្រ។ លោក​ហ៊ាន​ចំណាយ​ប្រាក់ ២ លាន​យ៉េន (១៧៦០០ ដុល្លារ) រៀបចំ​ពិធី​មង្គលការ​នៅ​សាល​ក្រុង​តូក្យូ។

ភ្ញៀវ​ប្រមាណ ៤០ នាក់​បាន​ឈរមើល​លោក​រៀបចំ​ពិធី​រៀបការ​ជាមួយ​តុក្កតា​ទំហំ​ប៉ុន​សត្វ​ឆ្មា មីគុ។ លោក​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ក្បត់​ចិត្ដ​គាត់​ឡើយ ហើយ​ខ្ញុំ​តែង​តែ​ស្រឡាញ់ មីគុ ជានិច្ច។ ខ្ញុំ​គិត​ពី​នាង​រាល់​ថ្ងៃ»។

ខ្នើយ​រូបតុក្កតា មីគុ ដែល​រួម​ដំណេក​ជាមួយ​លោក​ចាប់តាំង​ពីរៀបការ​រួច​​​។ AFP

យុវជន​ជប៉ុន​រូបនេះ​ចាត់ទុក​ខ្លួន​ជា​បុរស​មាន​ប្រពន្ធ​ដូច​គេឯង​ដែរ ដោយ​នាង​តុក្កតា​អាច​ដាស់​ខ្លួន​ពី​ដំណេក​រៀងរាល់​ព្រឹក និង​ជូន​ខ្លួន​ទៅ​ធ្វើ​ការ ជា​បុគ្គលិក​រដ្ឋបាល​សាលា។ នៅ​ពេល​ល្ងាច នាង​បើក​ភ្លើង​រង់ចាំ។ ក្រោយ​មក នាង​តុក្កតា​បាន​តឿន​លោក​ថា ដល់​ពេល​ចូល​គេង​ហើយ។

លោក​គេង​ជាមួយ​ខ្នើយ​តុក្កតា​រូប​ប្រពន្ធ​តារាចម្រៀង ក្រោយពី​បាន​រៀបការ​ជាមួយគ្នា​រួច បំពាក់​ចិញ្ចៀន​ឲ្យ​នាង​នៅ​កដៃ​ខាង​ឆ្វេង។

ក្រុមហ៊ុន Gatebox ដែល​ផលិត​តុក្កតា មី​គុ នេះ​បានចេញ «សំបុ​ត្រអាពាហ៍​ពិពាហ៍» ជាង ៣៧០០ ច្បាប់​ដល់​មង្គល​ការ​ឆ្លង​អម្បូរ​មនុស្ស​ជាមួយ​នឹង​តុក្កតា​បែប 3D។

ក្នុងចំណោម​នោះ​លោក ខុន​ដូ បាន​និយាយថា៖ «ច្បាស់​ជា​មិនសូវមាន​អ្នក​ហ៊ាន​ចេញមុខ​សារភាព​ថា ពួកគេ​រៀបការ​នឹង​តុក្កតា​ទេ តែ​ខ្ញុំ​ជឿ​ថា​យើង​ត្រូវ​តែ​ចាត់​ទុក​វា​ជា​សេចក្ដី​ស្នេហា និង​សុភមង្គល​ផង​ដែរ»៕