ភ្នំពេញ៖ ខណៈការចាក់ខ្សែភាពយន្តនៅតាមរោងកុននានា អាចក្លាយជាសកម្មភាពនៃការប្រមូលផ្តុំមួយនៃក្រុមមនុស្ស ហើយជារូបភាពមួយងាយឆ្លងមេរោគកូរ៉ូណា ឬកូវីដ ១៩ និងស្របពេលដែលរាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងមិនឲ្យមានលេចចេញជារូបភាពប្រមូលគ្នាបែបនោះ ទើបខាងផលិតកម្មនានា ត្រូវពន្យារពេល ឬរង់ចាំរហូតមានភាពប្រក្រតីឡើងវិញ តែសម្រាប់អ្នកញៀនកុននោះគឺថា ពិតជាមិនអាចចាំបានឡើយនូវចំណីអារម្មណ៍មួយនេះ។
ឈប់បារម្ភទៀត ទោះបីជាគ្មានការចាក់បញ្ចាំងភាពយន្តតាមរោងកុនក្តី ក៏ប្រិយមិត្តអាចទស្សនាខ្សែភាពយន្តខ្មែរថ្មីៗ គឺជាវណ្ណកម្មរបស់ផលិតកម្មកំពុងតែឈានមុខនៅក្នុងការផលិតភាពយន្តបង្កប់ន័យអប់រំល្អៗ គ្រប់រសជាតិនៃផលិតកម្ម Sastra Film នៅក្នុងឱកាសបុណ្យប្រពៃណីខ្មែរ និងស្របពេលសម្រាកនៅក្នុងផ្ទះ ដើម្បីចៀសវាងឆ្លងមេរោគកូរ៉ូណា ឬកូវីដ ១៩ បានដែរ ផលិតកម្មមានកុនដុំ និងកុនភាគជាង ៥០ រឿង ដែលអាចឲ្យចូលទស្សនាតាមអនឡាញបាន។
ជាក់ស្តែងនាឱកាសបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីខ្មែរ និងប្រារព្ធ ៥ ឆ្នាំ បង្កើតផលិតកម្ម Sastra Film ក្នុងឆ្នាំ ២០២០ នេះ ទើបមានសារចេញពីគេហទំព័រផ្លូវការខ្លួនថា៖ «សួស្តីឆ្នាំថ្មី ប្រពៃណីជាតិ អ្នកទាំងអស់គ្នាក៏អាចចូលទស្សនាកម្សាន្តនៅតាមផ្ទះនូវខ្សែរឿងជីវិតល្បីៗ អប់រំល្អៗ របស់ Sastra Film នៅក្នុង channel Youtube នាឱកាសប្រារព្ធចូលឆ្នាំថ្មីតាមប្រពៃណីជាតិខ្មែរ តែគ្មានការជួបជុំនៅខាងក្រៅ»។
បើតាមលោកស្រី ប៊ុន ចាន់និមល ជាចាងហ្វាងផលិតកម្ម Sastra Film បានបញ្ជាក់បន្ថែមឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «នាឱកាសនេះ យើងមានកុនដុំ ដែលមានពេលប្រមាណជាង ១ ម៉ោងចប់នោះ ៥០ រឿង ហើយកុនភាគ ៤ រឿងផងដែរ សម្រាប់ឲ្យទស្សនិកជនដែលនិយមទស្សនានូវវណ្ណកម្មភាពយន្តរបស់ផលិតកម្មយើងបានតាមអនឡាញ ដោយគ្រាន់តែចូលតាម channel Youtube តែប៉ុណ្ណោះ គឺអាចចូលទស្សនាតាមចំណូលចិត្តរបស់លោកអ្នកបានហើយ»។
គួរបញ្ជាក់ផងដែរ ផលិតកម្ម Sastra Film ត្រូវបានមហាជនទទួលស្គាល់ពីគុណភាពនៃការផលិតកុនផ្នែកអប់រំ ដែលមានផលិតកុនទាំងកុនដុំ និងកុនភាគ ខណៈពេលបច្ចុប្បន្នផលិតកម្មផលិតបានសរុបជាង ៥០ រឿង ក្នុងរយៈពេលជាង ១ ឆ្នាំ។
ដើម្បីទស្សនាខ្សែភាពយន្តនានារបស់ផលិតកម្ម Sastra Film តាមអនឡាញនោះ គ្រាន់តែចុចតាមតំណនៃខ្សែភាពយន្តនានាដែលមានរឿងល្បីៗជាអាទិ៍ដូចជាខ្សែភាពយន្តរឿងជីវិតទី ១ មានចំណងជើងថា «នាងសំណាង» ខ្សែភាពយន្តរឿងជីវិតទី២ មានចំណងជើងថា «ម៉ែស្អាត» ខ្សែភាពយន្តរឿងជីវិតទី៣ មានចំណងជើងថា «មនុស្សហ្សឺរ៉ូ» និងភាពយន្តរឿងជីវិត ទី៤ ដែលមានចំណងជើងថា «ស្អប់អ្នកផ្ទះ» ហើយចុចតាម link ឈ្មោះថា https://www.youtube.com/playlist....អាចទស្សនាបាន៕