ភ្នំពេញៈ ក្រោយពី​ស្ងប់ស្ងាត់​រឿង​បណ្តឹង​ទារ​ប្រាក់​សំណង​ជាង ១០ ​ម៉ឺន​ដុល្លារ ពី​បុរស​ដែល​ជា​អតីត​គូដណ្តឹង​ឆ្លង​ទ្វីបលោក អ៊ឹង សូឡា ជាង ១ ឆ្នាំ​មក​នោះ​ក៏​ស្រាប់​តែ​ថ្មីៗ​នេះ គេ​ឃើញ​តារាសម្តែង​ស្រី​ល្បី​ថា​ជា​តួ​សម្រក់​ទឹកភ្នែក​កញ្ញា នី មុនីនាថ ប្រកាស​កៀរគរ​អ្នកសិល្បៈ និង​សប្បុរសជន​ចូលរួម​សហការ​នាំ​យក​អំណោយ​ទៅ​ជួយ​ដល់​សិស្សានុសិស្ស​ជា​កុមារ​គថ្លង់ នៅឯ​សាលារៀន​មួយ​នាថ្ងៃ​ទី​ ១០ ខែ​មិថុនា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​។

ជារឿយៗ​តាម​ទម្លាប់ ឬ​តាម​កត់សម្គាល់​នោះ​សម្រាប់​ក្រុម​សិល្បករ-សិល្បការិនី តែងតែ​ប្រែក្លាយ​សកម្មភាព​សប្បុរសធម៌​នានា​ក្នុង​សង្គម​នាឱកាស​ចំ​ថ្ងៃ​ប្រារព្ធ​ពិធី​ខួបកំណើត​របស់​ខ្លួន ឬ​ធ្វើ​ដើម្បី​គោលបំណង​អ្វី​ផ្សេងទៀត​សម្រាប់​ជា​អត្ថន័យ​សំខាន់​របស់​ពួកគេ​តែ​ម្តង​។

ប៉ុន្តែ​សម្រាប់​តារាសម្តែង​ស្រី​ដែល​ទើប​តែ​បាន​ផ្ទុះ​នូវ​ការងឿងឆ្ងល់​ពី​ភាពប្រែប្រួល​នៃ​រូបសម្ផស្ស​របស់​នាង ក្រោយពី​ថតកុន​ភាគ​រឿង «​មុខកាំបិត​មុខ​ស្នេហ៍​» ចាក់បញ្ចាំង​ចប់​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​នាពេល​ថ្មីៗ​នេះ​វិញ​មិន​បាន​ធ្វើ​ចម្លង​តាម​អ្នកសិល្បៈ​ដូច​ខាង​លើ​នោះ​ឡើយ​។

កញ្ញា នី មុនីនាថ បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​អូ​!​ អត់​បាន​ធ្វើ​នៅក្នុង​ឱកាស​ខួបកំណើត ឬ​អត្ថន័យ​អ្វី​នោះ​ឡើយ​គឺ​គ្រាន់តែ​ការធ្វើ​ឡើង​នៅ​ក្នុង​ភាព​ចៃដន្យ​ជាមួយ​អ្នក​ស្គាល់ និង​បាន​ចូលរួម​ជាមួយ​គាត់​កាលពី​ឆ្នាំ​មុន​ប៉ុណ្ណោះ​។ ឆ្នាំ​មុន​នាង​ខ្ញុំ​បាន​នាំ​យក​សម្ភារ​សិក្សា​មាន​សៀវភៅ ប៊ិក ខ្មៅ​ដៃ និង​ថវិកា​ផ្ទាល់​តាម​លទ្ធភាព និង​ការចូលរួម​ពី​មិត្ត​អ្នកសិល្បៈ និង​ក្រុម​សប្បុរសជន​នានា​យក​អំណោយ​ទៅ​ជូន​ប្អូនៗ​ជា​កុមារ​ដែល​មាន​ភាព​ពិការ​គ-ថ្លង់ កំពុង​រៀន​នៅ​សាលារៀន​មួយ​ដែល​បច្ចុប្បន្ន​គេ​បាន​ដូរ​ឈ្មោះ​ថា «​សាលាបង្រៀន​អប់រំ​ពិសេស​» ខណៈ​ពី​មុន​គឺ​មាន​ឈ្មោះ​សាលាបង្រៀន​កុមារ​គ-ថ្លង់​នោះ​ចំ​ថ្ងៃ​ទី​ ១៩ ខែ​មិថុនា​ឆ្នាំ​ ២០១៨»​។

កញ្ញា នី មុនីនាថ បន្ត​ថា​៖ «​ឆ្នាំ​នេះ​នៅ​ថ្ងៃទី​ ១០ ខែ​មិថុនា ឆ្នាំ​ ២០១៩ នាង​ខ្ញុំ​នឹង​នាំ​យក​អំណោយ​ជា​សម្ភារ​សិក្សា​ដែរ តែ​ជា​ក្រដាសរ៉ាម​តាម​តម្រូវការ​របស់​សាលា​វិញ​រួម​ទាំង​មាន​កញ្ចប់​ថវិកា​ផ្ទាល់​ខ្លះ និង​ក៏​សុំ​ប្រកាស​ទៅ​ដល់​បងប្អូន​សប្បុរសជន​ក៏​ដូចជា​ក្រុម​មិត្ត​អ្នកសិល្បៈ​ផង​ដែរ​ចូលរួម​ទាំងអស់​គ្នា​ជាមួយ​នឹង​នាង​ខ្ញុំ ប្រសិន​បើ​មាន​ការចាប់​អារម្មណ៍​»​។

បើ​តាម​ស្តាប់​សម្តី​ព្រលយ​ឲ្យ​ដឹង​ជា​មុន​នោះ​គឺ​ថា​តារាសម្តែង​ស្រី​កញ្ញា នី មុនីនាថ ក៏​មាន​គម្រោងការ​ធំ​មួយ​ជាមួយ​នឹង​លោក តាន់ គឹមសួរ ដែល​ល្បី​ខាង​បង្កើត​សកម្មភាព​សង្គម​ជាច្រើន​កន្លង​មក​ជាមួយ​ក្រុម​អ្នកសិល្បៈ​នារយៈពេល​ប្រមាណ​ ២-៣ ខែ​ខាង​មុខ​ទៀត​គឺ​សកម្មភាព​នាំ​គ្នា​ដាំ​ដើមឈើ ចំនួន ១ ​ម៉ឺន​ដើម​នៅ​ប្រទេស​កម្ពុជា​ទូទាំង ២៥ ខេត្ត-ក្រុង​៕