ភ្នំពេញ៖ ខណៈសាលារដ្ឋ និងសាលាឯកជនជាច្រើនបានដំណើរការឡើងវិញ អង្គការមូលនិធិផ្កាយសមុទ្រឥណ្ឌូចិន (ISF) បាននិងកំពុងតែបន្ដដំណើរការថ្នាក់រៀនអនឡាញតាមរយៈ Zoom (ហ្សូម) សម្រាប់អ្នកខកខានចូលសាលាជាច្រើនខែ។
អ្នកស្រី ឈួប វិច្ឆិកា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការ ISF បានឲ្យដឹងថា៖ «សាលារៀនខ្លះកំពុងតែបើកដំណើរការ តែខ្លះទៀតនឹងរង់ចាំពេលវេលាបន្ដិចទៀត។ សំណាងណាស់កុមារនៅតែអាចទទួលបានការអប់រំតាមរយៈការរៀបចំរបស់អង្គការនានា ក៏ដូចជារាជរដ្ឋាភិបាលបន្ដបង្រៀនសិស្សជាប់ជានិច្ច»។
ជាមួយសិស្សចន្លោះពី ១០ ទៅ ២០ នាក់ ក្នុងការបង្រៀនម្ដង យុវជន ឈុន បញ្ញា បានរៀនភាសាអង់គ្លេស ដែលរៀបចំឡើងដោយ ISF ពីគ្រូបង្រៀនឈ្មោះ Joshua Kauffman រយៈពេល ៤៥ នាទី។ ពួកគេភាគច្រើននៅភ្នំពេញ តែខ្លះក៏ទៅតាមបណ្ដាខេត្ដ ដូចជាលោក បញ្ញា ជាដើម។
បញ្ញា អាយុ ១៨ ឆ្នាំ ជាសិស្សថ្នាក់ភាសាអង់គ្លេសដ៏មានការតាំងចិត្ដខ្ពស់ម្នាក់បាននិយាយថា៖ «ដោយសារខ្ញុំយកចិត្ដទុកដាក់ចំពោះការអប់រំ ជាពិសេស ទើបខ្ញុំនៅតែពុះពារ។ ខ្ញុំគិតថា ភាសាអង់គ្លេសមានសារៈសំខាន់សម្រាប់កុមារកម្ពុជា ពីព្រោះវាអាចជួយការសិក្សាបានច្រើន»។
ជាលទ្ធផល បញ្ញា តែងតែចូលរៀនជាទៀងទាត់លើកម្មវិធីហ្សូម ជាមួយលោកគ្រូរបស់ខ្លួន។ រូបគេនៅតែអាចសម្របខ្លួនបាន បើទោះបីជាត្រូវជួយកិច្ចការស្រែចម្ការរបស់គ្រួសារ។
អ្នកស្រី វិច្ឆិកា បានបន្ដថា៖ «ទោះជួយកិច្ចការភ្ជួររាស់ ចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ បញ្ញា នៅតែបន្ដការសិក្សាគ្រប់មេរៀនលើអនឡាញរបស់អង្គការ ISF»។
លោក ទេព សុធារិទ្ធិ ប្រធានផ្នែកកម្មវិធីសិក្សាភាសាអង់គ្លេសរបស់ ISF បានឲ្យដឹងថា ហ្សូមពិតជាសំខាន់អំឡុងពេលវេលាដ៏លំបាកនេះ នៅពេលសិស្សមិនអាចមកសាលារៀន ហើយពួកគេជាច្រើនបានវិលទៅខេត្ដវិញ។
លោកនិយាយថា៖ «បច្ចេកវិទ្យាជួយឲ្យគ្រូផ្សារទំនាក់ទំនងជាមួយសិស្ស។ មុខងារជាច្រើនរបស់វាបានផ្ដល់ភាពងាយស្រួលដល់គ្រូក្នុងការប្រើប្រាស់ ដូចជាការចូលរួមជាច្រើននាក់ក្នុងពេលតែមួយ។ លើសពីនេះ សិស្សអាចមើលមុខគ្នា ដូចថ្នាក់រៀនពិតៗ ហើយពួកគេអាចបង្កើនលទ្ធភាពជំនាញស្ដាប់ និងនិយាយជាភាសាអង់គ្លេសតាមរយៈការប្រាស្រ័យទាក់ទង»។
ការបង្រៀនអនឡាញមាន ២ ប្រភេទ គឺវីដេអូថតទុក និងការបង្រៀនភ្លាមៗលើកម្មវិធី ហ្សូមដែលអនុញ្ញាតឲ្យមានសកម្មភាពខ្លះដូចនឹងការបង្រៀនផ្ទាល់ផងដែរ។
លោក សុធារិទ្ធិ បន្ដថា៖ «មេរៀនថតទុកអាចទស្សនានៅពេលណាក៏បាន ដោយគ្រូប្រើ Projector ក្ដារខៀន និងបច្ចេកទេសប្លែកៗមួយចំនួនដើម្បីផ្ដល់ភាពងាយស្រួល។ វីដេអូខ្លះថតពីផ្ទះ ខ្លះនៅអង្គការ ហើយករណីមួយ គ្រូបានទៅបង្រៀនសិស្សតាមខេត្ដដោយការខ្ចីថ្នាក់រៀនទីនោះ»។
សិស្សសរុបដែលបានរៀនតាមអនឡាញមានចំនួន ៥៧២ នាក់ ដោយគិតលើគ្រប់វិជ្ជមាន រួមទាំងការសិក្សាអនឡាញការធ្វើលំហាត់រៀងរាល់សប្ដាហ៍។
អ្នកស្រី វិច្ឆិកា បានឲ្យដឹងថា៖ «យើងក៏បានបង្ហោះវីដេអូរបស់ក្រសួងអប់រំរៀងរាល់សប្ដាហ៍ រួមទាំងគ្រូបង្រៀននៅ ISF និងក្រុមក្នុងហ្វេសប៊ុក របស់អង្គការថែមទៀត»។
យ៉ាងណាមិញ ពួកគេក៏ជួបការលំបាកខ្លះៗ ដោយសារសិស្សានុសិស្សនៅផ្ទះ ជាពិសេសពួកគេរស់នៅទីជនបទដែលមិនសូវមានសេវាអ៊ីនធឺណិត។
លោក សុធារិទ្ធិ បាននិយាយថា៖ «សេវាអ៊ីនធឺណិតខ្សោយ ហើយជួនកាលពួកគេអត់មានទូរស័ព្ទល្អប្រើ ដែលធ្វើឲ្យគុណភាពសេវាកាន់តែយ៉ាប់។ យ៉ាងណា វាប្រសើរជាងអត់អីសោះ»។
បញ្ញា បានដឹងថា កុមារខ្លះបានរើទៅនៅតាមខេត្ដជាមួយសាច់ញាតិ ហើយរូបគេក៏បានសម្រេចចិត្ដបង្កើតថ្នាក់រៀនភាសាអង់គ្លេសមួយនៅផ្ទះ។ បញ្ញា បានបង្រៀនក្មេងស្រី ៦ នាក់ ពេញ ១ សប្ដាហ៍ទៀងទាត់ ខណៈរូបគេក៏នៅបន្ដសិក្សាតាមកម្មវិធីហ្សូមផងដែរ។
បញ្ញា ដែលមកពីខេត្ដព្រៃវែងបាននិយាយថា៖ «រឿងគួរឲ្យអស់សំណើចនោះ គឺថា ខ្ញុំមិនចូលចិត្ដក្មេងៗទេ។ ដូច្នេះ មិនដឹងម៉េចបានខ្ញុំមកបង្រៀនបែបនេះ តែខ្ញុំពិតជារីករាយដែលបានជួយបង្រៀនក្មេងៗ។ ខ្ញុំពិតជាដឹងគុណចំពោះ ISF និងចំពោះលោកគ្រូ អ្នកគ្រូរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំក៏បន្ដចែករំលែកចំណេះដឹងនេះដល់អ្នកដទៃផងដែរ»។
នៅថ្ងៃអនាគត បញ្ញា ចង់ធ្វើជាអ្នកជំនួញ និងកសិករ ដែលជួយជំរុញការអភិវឌ្ឍប្រទេសជាតិ។
អង្គការ ISF ដែលប្រើប្រាស់ការអប់រំ និងកីឡាជាយានផ្លាស់ប្ដូរជីវិត កំពុងធ្វើការជាមួយក្រសួងអប់រំ យុជន និងកីឡា ក្នុងការកំណត់ពេលវេលាបើកទ្វារសាលារៀនឡើងវិញ ដោយធានាថា កុមារនឹងត្រូវបានការពារ និងមានសុវត្ថិភាព។
អ្នកស្រី វិច្ឆិកា បានបន្ថែមថា៖ «កាលបរិច្ឆេទបើកដំណើរការឡើងវិញនៅមិនទាន់កំណត់ទេ តែស្របពេលនេះ យើងនឹងធានាថា សិស្សរបស់យើងនៅតែទទួលបានការអប់រំដែលពួកគេសមនឹងទទួលតាមរយៈ ហ្សូម និងតិចនិកអនឡាញដទៃទៀត។ នេះរួមទាំងសិស្ស ដែលនៅខេត្ដ និងរង់ចាំការវិលមកថ្នាក់រៀនវិញ»។
សម្រាប់ព័ត៌មានលម្អិតអំពីអង្គការមូលនិធិផ្កាយសមុទ្រឥណ្ឌូចិន (ISF) អ្នកអាចចូលទៅកាន់ https://isfcambodia.org/ ឬទំព័រហ្វេសប៊ុក @isf.cambodia៕