ភ្នំពេញៈ នាពេលថ្មីៗនេះតារាចម្រៀងស្រីសំឡេងលះច្បាស់ៗ និងជើងចាស់និយមបកស្រាយចម្រៀងមរតកដើមអ្នកនាង ម៉ៅ ស៊ីណាត ទទួលរងការវាយប្រហារផ្ទួនៗគ្នាជាប់បន្តពីចំហាយព័ត៌មានរឿងថា មានទំនាស់ជាមួយនឹងម្ចាស់ហាងកែសម្ផស្សឌែម៉ូគ្លីនិកអ្នកស្រី ហ៊ូវដាណេ ព្រោះតែអស់លុយច្រើនហើយនៅតែកែសម្ផស្សផ្ទៃមុខមិនបានស្អាតដូចចិត្តនោះ។
ជាក់ស្ដែងនាពេលថៅកែហាងឌែម៉ូគ្លីនិកត្រូវប៉ូលិសចាប់ខ្លួនពីរឿងគំរាមទារលុយជាថ្នូរទៅនឹងការមិនបង្ហោះរូបអាក្រាត ក្រោយមកក៏ឃើញអ្នកនាង ម៉ៅ ស៊ីណាត បានសរសេរលើហ្វេសប៊ុកខ្លួនថា៖ «កម្មពៀរ ពិតជាមានមែន!» ហើយក៏មានអ្នកចុះផ្សាយពីព័ត៌មានខ្លួនថា បានជះលុយរាប់ម៉ឺនដុល្លារ កែសម្ផស្សដើម្បីផ្គាប់ចិត្តស្វាមីក្មេងក្រោយ។
តារាចម្រៀងស្រីសំឡេងធ្ងន់ពីរោះជើងចាស់វ័យល្បាក់ ៤០ ឆ្នាំ អ្នកនាង ម៉ៅ ស៊ីណាត បានបញ្ចេញប្រតិកម្មនឹងការលើកឡើងខាងលើនោះថា៖ «ខ្ញុំទទួលស្គាល់ថា ពិតជាបានកែសម្ផស្សមែននៅហាងឌែម៉ូគ្លីនិកមែន តែយូរឆ្នាំហើយគឺកាលពី ៥ ឆ្នាំមុនម្ល៉េះ។ ខ្ញុំមិននិយាយថាការកែនោះអស់ប្រាក់ប៉ុន្មានឡើយ តែត្រង់បែរជាមានការចុះផ្សាយដូចដឹងច្បាស់ ដោយមិនបានសួរនាំខ្ញុំផងសោះ ហើយអ្វីដែលខ្ញុំអន់ចិត្តបំផុតចំពោះព័ត៌មានចុះផ្សាយថា ខ្ញុំទៅកែសម្ផស្ស ដើម្បីផ្គាប់ចិត្តប្រុសក្មេង។ ខ្ញុំឆ្ងល់ណាស់ថា ហេតុអ្វីគេចាំបាច់ចុះអាក្រក់អាក្រីហួសការពិតដល់ម្លឹង? ខ្ញុំឯណាទៅកែសម្រស់ ដើម្បីផ្គាប់ប្រុសក្មេងហ្នឹងនោះ? ពិតជាផ្តេសផ្តាសពេកហើយ!»។
តែយ៉ាងណាតារាចម្រៀងស្រីដែលទើបតែមានលាភលើវិថីសិល្បៈ ក្រោយពីជួបរលកព័ត៌មានមិនល្អផ្ទួនៗអ្នកនាង ម៉ៅ ស៊ីណាត ក៏មិនបានចាប់ទោសអូសដំណើរដល់ការផ្សាយពន្លើសការពិតនោះនៅឡើយដែរ គ្រាន់តែសំណូមពរខ្លះដល់បណ្តាអ្នកសារព័ត៌មាន និងក្រសួងព័ត៌មានតែប៉ុណ្ណោះ។
តារាចម្រៀងចង្កេះអង្ក្រង អ្នកនាង ម៉ៅ ស៊ីណាត បង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍បន្តថា៖ «ខ្ញុំមិនថាអ្វីតបទេ គ្រាន់តែចង់សំណូមពរដល់បងប្អូនជាអ្នកសារព័ត៌មានទាំងអស់ថា មេត្តាសូមសួរនាំខ្ញុំផងប្រសិនបើជារឿងពាក់ព័ន្ធនឹងខ្ញុំ កុំចុះផ្សាយរឿងមិនពិត មិនទាន់ដឹងច្បាស់អី ដែលជាផលប៉ះពាល់មិនល្អដល់អ្នកសិល្បៈ ហើយក៏ធ្វើឲ្យអ្នកសិល្បៈមួយចំនួនរអាចិត្ត ឬបាក់ទឹកចិត្តក៏ដោយសារតែជាន់ពន្លិចនោះ។ ម្យ៉ាងទៀតក៏សំណូមពរដល់ក្រសួងព័ត៌មានផងដែរថា សូមមេត្តាជួយពិនិត្យមើលផងរឿងការបង្កើតទំព័រព័ត៌មានខ្លះដែលហាក់នៅពុំទាន់មានកម្រិតវិជ្ជាជីវៈនៅឡើយក្នុងការចុះផ្សាយព័ត៌មាន ជាពិសេសព័ត៌មានអ្នកសិល្បៈតែម្តង»។
គួររំឭកផងដែរថា តារាចម្រៀងស្រីចង្កេះអង្ក្រង អ្នកនាង ម៉ៅ ស៊ីណាត បានរៀបការស្របច្បាប់ជាមួយលោកមេធាវី កា សាវុធ ដែលជាអ្នកការពារក្ដីដ៏ល្បីល្បាញកាលពីដើមឆ្នាំ ២០០០ និងបានលែងលះគ្នានារយៈពេល ៤-៥ ឆ្នាំហើយ៕