ក្រុងតូក្យូ: អ្នកចម្ការដាំដើមឈើពូជតឿ (ដើមប៊នសាយ bonsai) ជប៉ុនម្នាក់ បានអំពាវនាវកាលពីថ្ងៃអង្គារដល់លោកចោរដែលបានលួចរុក្ខជាតិក្នុងផើងដ៏មានតម្លៃដើម្បីឲ្យចោរនោះជួយថែទាំរុក្ខជាតិសំណព្វចិត្ដរបស់ខ្លួនផងដែរ។
លោក សៃជិ អ៊ីមូរ៉ា ជាអ្នកចម្ការជំនាន់ទី ៥ ដែលបានធ្វើសួនដំណាំតឿក្នុងក្រុងកាវ៉ាហ្គោឈិភាគខាងជើងទីក្រុងតូក្យូបានប្រាប់ AFP ថា កូនឈើតូចៗ ៧ ដើមដែលត្រូវបានចោរលួចពីសួនគឺជាទ្រព្យសម្បត្ដិប្រចាំគ្រួសាររបស់លោក។
លោកបាននិយាយថា៖ «វាជាសម្បត្ដិប្រចាំគ្រួសារដែលខ្ញុំមិនដាក់លក់នោះទេ ទោះជាអតិថិជនហ៊ានចាយប្រាក់ដល់ ១០ លានយ៉េន (៩ ម៉ឺនដុល្លារ) ក៏ដោយ។ មែនហើយខ្ញុំស្អប់ចោរនោះណាស់ តែខ្ញុំចង់ប្រាប់ទៅគាត់ថា សុំមេត្ដាជួយស្រោចទឹក ថែទាំវាឲ្យបានល្អផង។ ខ្ញុំនឹងសោកសៅជាងនេះ បើពួកវាងាប់នោះ»។
ទាំងក្ដីសោកស្ដាយលោក អ៊ីមូរ៉ា បានរាយការណ៍ប្រាប់ប៉ូលិសកាលពីខែមុនថា កូនឈើតឿ ៧ ដើមតម្លៃជាង ៧ លានយ៉េនឯនោះរួមទាំង ស្រល់កន្ដឿ អាយុ ៤០០ ឆ្នាំក៏ត្រូវបានលួចពីសួនរបស់លោកផងដែរ។
តាំងពីឈើលម្អត្រូវបានលួចលោកក៏ចាប់ផ្ដើមដំឡើងកាមេរ៉ាសុវត្ថិភាព។ លោកបានប្រាប់ថា៖ «ដឹងទេថា រុក្ខជាតិគឺជារឿងលម្អ។ ការគន់រុក្ខជាតិតឿមិនខុសពីដើរតាមព្រៃភ្នំជ្រៅៗ ខណៈនៅក្នុងផ្ទះអ៊ីចឹង»។
ក្នុងឆ្នាំ ២០១៨ ជប៉ុនបាននាំចេញផ្ការុក្ខជាតិតឿតម្លៃ ១២ ពាន់លានយ៉េន ដោយបានកើនឡើងពី ៤,៥ ពាន់លានយ៉េនកាលពីប្រមាណជា ១ ទសវត្សរ៍មុន។ នេះបើយោងតាមទិន្នន័យចុះផ្សាយដោយក្រសួងកសិកម្ម៕ HR