ភ្នំពេញ​ ក្រោយ​ពី​​​​បង្ហោះ​​សារ​សុំ​ក្តី​អាណិត​ពី​មហាជន​ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​សាជាថ្មី​ ដោយមិនហ៊ាន​ប្រាថ្នា​​ឆាក​តន្រ្តី​​ធំ ​គឺ​ចង់​បាន​តែ​ត្រឹម​ឆាក​ត្រន្រ្តី​តូចតាច​តាមភូមិ ឬ​នៅ​ស្រុកស្រែចម្ការ​​នោះ ​ស្រាប់​តែ​​មួយ​សន្ទុះ​ក្រោយ​​​​មកក៏​ឃើញ​​ម្ចាស់​ពាន​ The Voice Cambodia រដូវ​កាល​ទី​១ ប៊ុត សីហា ប្រកាសក្តែងៗ​ថា លោក​លា​ឈប់​​​ពី​អាជីព​​​ចម្រៀង​​ផង​ដែរ​។

ចេញ​ពី​គណនី​ហ្វេសប៊ុក​ខ្លួន​ផ្ទាល់​ ប៊ុត សីហា សរសេរ​ថា៖ «​អរ​​គុណ​បង​ប្រុស Soklim ​Reaks​ Avp ​ដែល​​​បាន​​ឲ្យ​គេ​ធ្វើ​​បទ​ និង​បាន​​និពន្ធ​ឲ្យ​ខ្ញុំ​រួ​មទាំង​បងប្រុស ​ស៊ី​វ ចន្ទ​។ អរ​គុណ​ដល់​អង្ក​ការ​ IKARE ​នៃ​សារមន្ទីរ​មរតក​​ជាតិ​ខ្មែរ ​ដែល​មាន​បង សេក កុសល ​នាយក និង​បងប្រុស ​សុខ លីមរក្សា ជាអ្នក​សម្រប​សម្រួ​ល​​នៅ​​ស្រុ​ក​ខ្មែរ​ ក្នុង​ការ​ចំណាយ​​ប្រាក់​ធ្វើ​​សម្រា​ប់​ខ្ញុំ។ ៥ បទ​ដែល​ ថតថ្ងៃមិញ​ពិតជា​ត្រូ​វ​ចិត្តណាស់។ មុន នឹង​​ខ្ញុំ​ឈប់​ច្រៀងខ្ញុំ និង​ប​ន្សល់​សម្លេងទុក​ឲ្យ​ពុកម៉ែ​បងប្អូន​នៅនឹង​​អង្ក​ការ IKARE​ឲ្យ​បាន​២០​បទ​ខ្ញុំ​នឹង​ឈប់​ច្រៀងហើយ។ ហើយពុកម៉ែ បងប្អូន នឹង​បាន​ឈប់​ដៀល​ខ្ញុំ​ត​ទៅ​​​​​ទៀត»​។​

មុ​ន​​នេះ​បន្តិ​ច​​តា​រា​​ចម្រៀង​​ប្រុស​​​​ម្ចាស់​ពា​ន The Voice Cambodia​​​ រ​ដូ​វ​កាល​ទី ១ លោក ប៊ុ​ត សី​​ហា មក​បង្ហើរ​សារ​​ដូច​ជា​​ផ្តើម​​សុំនូវ​​​​ក្តី​​​អាណិតអាសូរពី​ប្រិយ​មិត្ត​​​គាំ​ទ្រ​​គួរ​​​ឲ្យ​​ភ្ញាក់​ផ្អើល​​សា​ជា​ថ្មី​​ម្ត​ង​​​ទៀត ក្រោយ​ពី​​អស់​លទ្ធភាព​លប់​លាង​រឿង​ស្អុយ​ឈ្មោះ​​ ទោះបី​មាន​​​​​ភ័ស្តុតាង​​​លទ្ធផល​​​ភ្ជាប់​នឹង​ឯកសារ​វេជ្ជ​សាស្ត្រ​​​ពិនិត្យ​ទឹក​នោម ​ដែល​​នឹង​​​លាង​ជម្រះ​​​មន្ទិល​សង្ស័យ​​រាងកាយ​ដិត​ដាមរឿង​​អាស្រូវ​ប្រើ​​គ្រឿង​ញៀន​នោះ​។​​

តា​រា​ចម្រៀង​ម្ចាស់​​ពាន Voice Cambodia លោក ប៊ុត សីហា ដែល​​​រួម​រឹត​ដោយ​រឿង​អាស្រូវ​ដ៏​អាម៉ាស​ប្រើ​ប្រាស់​គ្រឿង​ញៀនកាលពី​ចុង​ខែ​កុម្ភៈ​​​ និង​ទើប​តែ​​មាន​ឱកាស​បកស្រាយ​ទម្លាយ​ឯកសារ​ពិនិត្យ​ទឹក​នោម​គ្មាន​សារធាតុ​ញៀន​​កាល​​ពី​​ខែ ​​មីនា ហើយ​ក៏​ស្ងាត់​ឈឹង​​កន្លង​​​ផុត​មក​នោះ ឥឡូវ​​ស្រាប់​តែ​​ចេញ​មក​​បង្ហើរ​សារ​ច​ម្លែកៗ​ជា​ច្រើន​ ហាក់​ដូចជា​ចង់​បង្ហាញ​ពី​ចេតនាចង់​​ព្យាយាម​ស្វែង​រក​ការ​គាំទ្រ​ពី​មហា​ជ​ន​​តាម​​ហ្វេសប៊ុក​​ថា៖ «ជម្រាប​សួរ​បាទ ពុក​ម៉ែ​ បង​ប្អូន​ ដែល​រ​ស់​នៅ​ក្នុង​​ស្រុ​ក និង​​ក្រៅ​​​​ស្រុក​ ខ្ញុំ​បាទ​សូម​​ផ្ញើក្តី​នឹក​រឭក​ពី​ចម្ងាយ​ផង។ ហើយ​​ក៏​សូម​អភ័យ​​​ទោស​បង​ប្អូន​ ដែល​ស្រឡាញ់​រូប​ខ្ញុំ និង​តាម​​លើក​ទឹក​ចិត្ត​ខ្ញុំដែល​ឆាត​មក និង​ខមមុិន​។ ខ្ញុំ​មិន​បាន​ឆ្លើយ​តប​អស់​ អភ័យ​ទោស​ផង​បាទ​!កុំ​ភ្លេច​គាំទ្រ​បទ​ថ្មី​ខ្ញុំ​ផង​បង​ប្អូន​គឺ​បទ ​«កូន​​​​ខុស​ហើយ​ម៉ែ»។ កូន​​សន្យា​ថា នឹង​សាង​គ្រួ​សារ​ឲ្យ​មាន​​ស្នាម​​ញ​ញឹម​​​ជានិច្ច​ ហើយ​​ផេច​ខ្ញុំ​ពុំ​ទាន់​បាន​​ប្តូ​រ​​​​ឈ្មោះ​រួច​​ទេ​ រង់​ចាំ​យូរ​​បន្តិ​ច​​ទើប​ប្តូរ​បាន​»៕​