ក្រុង​តូក្យូ៖ មិន​យូរ​ទេ ម្ហូប​ជប៉ុន​សាច់​មាន់​ចង្កាក់​ ជា​អាហារ​ឆ្ងាញ់​ទាន់​ចិត្ត ដែល​ប្រជាជន​ប្រទេស​នេះ​និយម​ទទួល​ទាន​ នឹង​ក្លាយ​ជា​ជា​អាហារ​របស់​អវកាសយា​និក ខណៈ​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ក្រឡឹង​ជុំវិញ​គន្លង​ផែន​ដី។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ទីភ្នាក់ងារ​អវកាស​ជប៉ុន។

សាច់​មាន់​អាំង​ប្រឡាក់​គ្រឿង​​​ដោត​ចង្កាក់​ដែល​ល្បី​តាំង​ពី​ជប៉ុន ដល់​ឯ​នាយ​សមុទ្រ​នឹង​ត្រូវ​បាន​ច្រក​កំប៉ុង ស្រប​តាម​ស្ដង់ដា​ម្ហូប​នៅ​ក្នុង​យាន​អវកាស សម្រាប់​ស្ថានីយ​អវកាស​អន្តរជាតិ​នា​ពេល​ខាង​មុខ​នេះ។

យោង​តាម​អ្នក​នាំពាក្យ​ទីភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន (JAXA) ថ្លែង​កាល​ពី​ថ្ងៃ​ពុធ សាច់​មាន់​ចង្កាក់ Yakitori ស្ថិត​ក្នុង​បញ្ជី​ម្ហូប​ជប៉ុន​ទាំង ៣៤ មុខ រួមមាន ​បាយ​ពូត មី ស៊ុប​សារាយ និង​ត្រី​សាបាក់​ឆ្អិន ដែល​ទទួល​បាន​វិញ្ញាបនបត្រ​​ជាម្ហូប​ជប៉ុន​​សម្រាប់​បេសកកម្ម​​អវកាស បន្ថែម​ពី​លើ​អាហារ​មូលដ្ឋាន តាម​ការ​​​​ជ្រើសរើស​ដោយ​អង្គការ​ NASA។

សាច់​មាន់​ចង្កាក់ yakitori នឹង​ផ្ដល់​ជូន​នូវ​ ​២ ​រសជាតិ គឺ​រសជាតិ​ទឹកស៊ីអ៊ីវ និង​រសជាតិ​ម្ទេស​ប្លោក​បៃតង។

រូបតំណាង : អាកាសយានិក​ជប៉ុន​​ក្រោយ​ដំណើរ​ត្រឡប់​ពីអវកាស​​។ រូបថត AFP

ទោះបី​ជា​អវកាសយានិក​ទំនង​ជា​ចង់​ទទួល​ទាន​សាច់​មាន់​​ជាប់​ចង្កាក់​ឫស្សី ​ដូច​នៅ​លើ​ផែនដី​ក្ដី​ ប៉ុន្តែ​គោលការណ៍​សុវត្ថិភាព​អវកាស​មិន​អនុញ្ញាត​ឲ្យ​មាន​ចង្កាក់​ឫស្សី​ឡើយ។

អ្នក​នាំពាក្យ ​JAXA បាន​ពន្យល់​ថា៖ «ទោះ​ជា​ការ​ញ៉ាំ​សាច់​មាន់​ទាំង​ចង្កាក់ វា​ច្បាស់​ជា​ឆ្ងាញ់​ជាង ប៉ុន្តែ​នៅ​អវកាស យើង​ព្យាយាម​កាត់​បន្ថយ​សំរាម​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

ដូច្នេះ មាន់​ចង្កាក់​នឹង​ត្រូវ​​ផ្ដល់​ជូន​ដោយ​​ច្រក​កំប៉ុង មាន​បច្ចេក​វិទ្យា​ការពារ​កុំ​ឲ្យ​វា​អណ្ដែត​ ពេល​ទៅ​ដល់​បរិយាកាស​សុញ្ញកាស។

ក្រុមហ៊ុន Hotei Foods ដែល​ជា​អ្នក​ផលិត​រំពឹង​ថា មាន់​ចង្កាក់​ដាក់​កំប៉ុង នឹង​បំពេញ​ក្រពះ​អវកាសយានិក​នៅ​ឆ្នាំ​ក្រោយ​៕ AFP